ខេត្តពោធិ៍សាត់ ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត ១ ចំនួន ៨០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង ។
ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានចំណូលសមរម្យ ។
ចំពោះមុខជំនាញសិក្សាមានចំនួន ៤ ដែលសុទ្ធតែមានតម្រូវការខ្ពស់ក្នុងទីផ្សារ ក្នុងនោះរួមមាន៖ (១).ការងារកំបោរ ចំនួន២០នាក់ (២).ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន២០នាក់ (៣).ការថែទាំនិងចិញ្ចឹមត្រីប្រា ចំនួន២០នាក់ និង(៤).ការថែទាំនិងជួសជុលរថយន្ត ចំនួន២០នាក់ ។
លោក តុប ប៉ារី នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានបញ្ជាក់ថា មកដល់ពេលនេះ វិទ្យាស្ថាននៅតែបន្តទទួលពាក្យចូលសិក្សា រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ និងចូលរៀននៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ ។
សម្រាប់យុវជនគោលដៅទាំងពីរក្រុមខាងលើដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាក់ទងមកកាន់វិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ដែលមានទីតាំងនៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឬទំនាក់ទំនងតាមរយៈលេខ ០១២ ៣៣២ ៨៧៦ / ០៨៨ ៩៤ ៩៣ ០៥៦ / ០៩៣ ៥៧ ៥២ ៧៧ / ០៩៣ ៣១៤ ០០៧ ។
គួរបញ្ជាក់ថា ក្រៅពីក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាលពិសេសនេះក៏បើកចំហសម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការិនីផងដែរ ដែលអាចដាក់ពាក្យចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ