ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ រង់ចាំ​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ពីអង្គការ​សង់​ត្រា​ល់​ លើ​ទិន្នន័យ​ដែល​ថា ​ពលរដ្ឋ​ខ្មែរ ៤៨ ​នាក់​ ចាញ់បោក​ក្រុម​មេខ្យល់​ទៅ​ធ្វើការ​នៅកូរ៉េ

6 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រង់ចាំ​ការ​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ ជុំវិញ​ទិន្នន័យ​ដែល​ថា ពលរដ្ឋ​ខ្មែរ​ចំនួន…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រង់ចាំ​ការ​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ ជុំវិញ​ទិន្នន័យ​ដែល​ថា ពលរដ្ឋ​ខ្មែរ​ចំនួន ៤៨​នាក់​ក្នុង​ចំណោម ៣០០​នាក់​ចាញ់បោក​ក្រុម​មេខ្យល់​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​ចាត់វិធានការ​ទៅ​លើ​ជនល្មើស​ឱ្យ​បាន​ទាន់​ពេលវេលា ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ថ្លែង​ថា ​៖ «​ក្រសួង​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តល់​ព័ត៌មាន​របស់​អង្គការ​ដៃគូ​ដែល​ផ្សព្វផ្សាយ​អំពី​ជន​រង​គ្រោះ​ដែល​ចាញ់បោក​មេខ្យល់​រឿង​សន្យា​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ ។ ការ​ផ្សព្វផ្សាយ​នេះ ជា​ព័ត៌មាន​ជ្រុង​មួយ​សម្រាប់​ផ្ទៀងផ្ទាត់​អំពី​កម្រិត​នៃ​ការ​ពិត និង​ពេលវេលា​ដែល​បាន​កើតឡើង​ថា ​ជា​រឿង​ចាស់ ឬ​ថ្មី ឬ​ជា​រឿង​ប្រភេទ​ណាមួយ​» ​។

ជាមួយ​គ្នា​នេះ លោក​បន្ត​ថា ក្រសួង​នៅ​រង់ចាំ​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​អង្គការ​ដៃគូ​ចំពោះ​ទិន្នន័យ​ដែល​ថា​ពលរដ្ឋ​ខ្មែរ​ចំនួន​ ៤៨​នាក់​ក្នុង​ចំណោម ៣០០​នាក់​ចាញ់បោក​ក្រុម​មេខ្យល់​សន្យា​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ ។ ដោយ​មាន​សំណួរ​ជា​ច្រើន​ដែល​ត្រូវ​ចោទសួរ​ស្វែង​យល់​ដូច​ជា ប្រភព​ព័ត៌មាន​ដែល​ច្បាស់លាស់ អត្តសញ្ញាណ​បងប្អូន​ទាំង ៤៨​រូប​មក​ពី​ភូមិ​ឃុំ​ណាខ្លះ បុគ្គល​ណា​ដែល​ចេញ​មុខ​បោកប្រាស់​ពលរដ្ឋ​ខ្មែរ ហើយ​ម្នាក់​ៗ​ចាញ់បោក​អស់ប្រាក់​ប៉ុន្មាន និង​វឌ្ឍនភាព​នៃ​ការ​ជួយ​របស់​អង្គការ​ដៃគូ​ដល់​ពលរដ្ឋ​រង​គ្រោះ​ជាដើម​ ។

ជាមួយ​ព័ត៌មាន​ទាំង​អស់នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អាជ្ញាធរ និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេង​ទៀត អាច​វែកមុខ និង​ស្វែងរក​ការ​ពិត​ដែល​ឈាន​ដល់​ការ​លុប​បំបាត់​ដល់​ឫសគល់​នៃ​បញ្ហា​ព្រោះ​ក្រសួង​ការងារ​ដែល​មាន​ឯកឧត្តម​រដ្ឋមន្ត្រី​ជា​អ្នកដឹកនាំ មិន​អនុញ្ញាត​ឱ្យ​មានរឿង​នេះ​កើតឡើង​ចំពោះ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​បាន​ឡើយ ហើយ​ក្រសួង​មាន​ឆន្ទៈ​ក្នុង​ការ​លុប​បំបាត់ និង​មិន​អត់ឱន​ឱ្យ​បុគ្គល ក្រុមហ៊ុន សាលា​បណ្តុះបណ្តាល សមាគម និង​ជន​ឆ្លៀតឱកាស​ណា​ម្នាក់​រួចខ្លួន​ក្រៅ​សំណាញ់​ច្បាប់​ឡើយ​ ។

លោក ស៊ុន មេ​សា សង្ឃឹមថា អង្គការ​ដៃគូ​នឹង​ចូលរួម​សហការ​ជាមួយ​ក្រសួង​ប្រកបដោយ តម្លាភាព វិជ្ជាជីវៈ​និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​រួម​គ្នា​លុប​បំបាត់​ឱ្យ​បាន​នូវ​អំពើ​ឆបោក​នេះ​ដែល​ជា​បំណង​ដ៏​ពិសិដ្ឋ​របស់​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ៕ អត្ថបទសហការ