ខេត្តកំពង់ធំ ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត ១ លើមុខជំនាញ «ធុរកិច្ចភេសជ្ជៈ» ចំនួន ៣០ កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត ខណៈវគ្គបណ្ដុះបណ្ដាលនេះបើកទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥ លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានចំណូលសមរម្យ ។
លោក រិន វិទ្យាដារ៉ូ នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានឱ្យដឹងថា ៖ «ជំនាញធុរកិច្ចភេសជ្ជៈ ជាមុខជំនាញដែលកំពុងមានតម្រូវខ្ពស់ក្នុងទីផ្សារការងារ ដូច្នេះហើយទើបវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំខិតខំរកគ្រូជំនាញផ្នែកនេះ ដើម្បីត្រៀមផ្ដល់ការបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ» ។
លោកនាយករងបានបន្តថា បន្ទាប់ពីឆ្លងកាត់វគ្គនេះហើយ សិក្ខាកាមអាចបើកជាអាជីវកម្មខ្លួនឯងបាន ប្រសិនបើមានទុនគ្រប់គ្រាន់ ព្រមទាំងអាចស្រូបទាញប្រាក់ចំណូលសមរម្យថែមទៀត ។ បើតាមលោកនាយករងវិទ្យាស្ថាន ក្រៅពីជំនាញធុរកិច្ចភេសជ្ជៈ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំក៏មានជំនាញជាច្រើនទៀតដែរ ដែលផ្ដល់ការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃដូចគ្នា រួមមាន៖ ១. ជំនាញដំឡើងសរសៃដែក, ២. ជំនាញការងារការ៉ូ, ៣. ជំនាញជួសជុលទោចក្រយានយន្ត, ៤. ជំនាញសេវាកម្មកុំព្យូទ័រ, ៥. ជំនាញធ្វើម្ហូបខ្មែរ, ៦. ជំនាញគេហកិច្ច, ៧. ជំនាញកែច្នៃបន្លែ និងផ្លែឈើជាដើម ។
សម្រាប់យុវជនគោលដៅទាំងពីរក្រុមខាងលើដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាក់ទងមកកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ដែលមានទីតាំងនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៩២ ៦២ ៣២ / ០១៥ ៦៦ ៦១ ៥៥ / ០១២ ៣២ ៩៩ ៣៩ /០៣១ ៦៦៦៦ ១៥៥ ។
គួរបញ្ជាក់ដែរថា ក្រៅពីក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាលពិសេសនេះក៏ស្វាគមន៍យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការិនីផងដែរ ដែលអាចដាក់ពាក្យចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ