ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ ចុះ​អនុស្សរណៈ​ ជាមួយ​មូលនិធិការងារ​អន្ដរជាតិ​ជប៉ុន (JILAF) ដើម្បី​ពង្រឹង​ការ​គាំទ្រ​អ្នកធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (Informal Economy)

1 ថ្ងៃ មុន

តូ​ក្យូ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មូលនិធិ​ការងារ​អន្តរជាតិ​ជប៉ុន (JILAF) នា​ថ្ងៃ​ទី ​២៦ ខែឧសភា…

តូ​ក្យូ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មូលនិធិ​ការងារ​អន្តរជាតិ​ជប៉ុន (JILAF) នា​ថ្ងៃ​ទី ​២៦ ខែឧសភា ឆ្នាំ​ ២០២៥ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្រោម​គម្រោង​គាំទ្រ​សកម្មភាព​ថ្នាក់​មូលដ្ឋាន (Supporting Grass Roots Activities – SGRA) តាម​រយៈ​បណ្ដាញ​និយោជក និង​កម្មករនិយោជិត​អន្ដរជាតិ ​។

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​ជា​អធិបតី​នៃ​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ដែល​ធ្វើ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​គោលបំណង​ជំរុញ​ការងារ​សមរម្យ និង​ការ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​អ្នកធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា តាម​រយៈ​ការ​បណ្តុះបណ្ដាល​វិជ្ជាជីវៈ ការ​រៀបចំ​សិក្ខាសាលា​ស្ដី​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា ​។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី ដែល​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​ ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ជប៉ុន ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​អ្នកធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​រួម​មាន​ជា​អាទិ៍​ ៖ អ្នកបម្រើ​ការងារ​ក្នុង​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ដែល​មិន​បាន​ចុះ​ប​ញ្ចិ​ការ​ផ្លូវការ​, អ្នកបម្រើ​ក្នុងផ្ទះ​, បុគ្គល​ស្វ័​យ​និ​យោជន៍ ដូច​ជា អ្នកបើកបរ​រ៉ឺ​ម៉ក​កង់​បី (​តុ​កតុក​), អាជីវករ​លក់ដូរ​តាម​ផ្លូវ​, កសិករ​ខ្នាត​តូច​, អ្នកធ្វើការ​ដោយ​ប្រើ​ថ្នាល​បច្ចេកវិទ្យា និង​បុគ្គល​ដទៃ​ទៀត​ដែល​បំពេញការងារ​ដោយ​គ្មាន​កិច្ចសន្យាការងារ​ផ្លូវការ គ្មាន​ប្រាក់​ចំណូល​ច្បាស់លាស់ ឬ​ពុំ​ទាន់​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្ដិសុខ​សង្គម​ជា​មូលដ្ឋាន ​។

ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ចូលរួម​របស់​មូលនិធិ JILAF ចំពោះ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើ​គម្រោង SGRA នេះ ចាប់តាំងពី​ឆ្នាំ​ ២០១៩ ​មក ពិសេស​ដោយ​ផ្ដោត​សំខាន់​លើ​អ្នកធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ធានា​ថា​មិន​មាន​កម្មករនិយោជិត​ណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​ឡើយ សូ​ម្បី​តែ​អ្នកធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ត្រូវ​បាន​បញ្ចប់​ដោយ​ភាតរភាព ជាមួយនឹង​ការ​សន្យា​របស់​មូលនិធិ​របស់ JILAF និង​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ការងារ និង​សុខុមាលភាព​ជប៉ុន និង​ការិយាល័យ​អង្គការ​អន្ដរជាតិ​ខាង​ការងារ​ប្រចាំ​ប្រទេស​ជប៉ុន ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​កម្ពុជា ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​ ៕ អត្ថបទសហការ