រាជធានីភ្នំពេញ ៖ ធនាគារ វីង បានគូសបញ្ជាក់ពីគោលជំហរនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍ ដោយបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងការខិតខំប្រឹងប្រែងឥតងាករេរបស់សមាគមមួយនេះ ដែលតែងតែយកចិត្តទុកដាក់ជួយទៅដល់សហគមន៍ដែលខ្វះខាតនៅទូទាំងប្រទេសកម្ពុជា ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានកោតសរសើរចំពោះកិច្ចការបម្រើសង្គមរបស់សមាគម TYDA ។ អ្នកឧកញ៉ា មានប្រសាសន៍ថា ៖ «យើងខ្ញុំសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តទាំងអស់របស់សមាគម TYDA សម្រាប់ការផ្តល់ពិនិត្យសុខភាព និងព្យាបាលជំងឺ ដោយការយកចិត្តខ្ពស់ និងប្រកបដោយក្តីមេត្តា ដែលសកម្មភាពនេះនឹងជួយពង្រឹងសុខុមាលភាពសហគមន៍ឱ្យកាន់តែរឹងមាំ ។ ហើយការលះបង់របស់ក្រុមការងារនៃសមាគម TYDA សក្តិសមនឹងទទួលបានការគោរពដ៏ខ្ពស់បំផុត» ។
ជាក់ស្តែង កម្មវិធីមនុស្សធម៌មួយត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅឯមណ្ឌលមែកឈើ មានទីតាំងស្ថិតនៅភូមិលិចវត្ដ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលធនាគារ វីង បានចូលរួមគាំទ្រកិច្ចការមនុស្សធម៌ដ៏ថ្លៃថ្លានេះជាមួយសមាគម TYDA ដើម្បីផ្តល់ជូននូវការពិនិត្យ និងព្យាបាលឥតគិតថ្លៃ ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញបានផ្តល់សេវាថែទាំសុខភាពជាច្រើនដូចជា៖ ការពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ពិនិត្យឈាម និងជំងឺផ្សេងៗទៀត ។
កិច្ចការមនុស្សធម៌នេះ បានផ្តល់ការពិនិត្យ និងព្យាបាលទៅដល់ប្រជាពលរដ្ឋចំនួន ៣៥០ នាក់ ឬស្មើនឹង ៥៨៣ ករណី ដែលរួមមាន ៖ កុមារកំព្រា ចាស់ជរា បុគ្គលិកបម្រើការនៅក្នុងមណ្ឌល និងអង្គការខាងលើ ព្រមទាំងប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះផងដែរ ។
បច្ចុប្បន្នមណ្ឌលមែកឈើ បានផ្តល់ជាជម្រក និងការអប់រំទៅដល់កុមារជាង ២០០នាក់ ដែលពួកគេរស់នៅក្នុងបរិយាកាសមួយដ៏មានសុវត្ថិភាព និងការចិញ្ចឹមបីបាច់ដ៏ល្អ។ ជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌នេះ ប្រជាពលរដ្ឋ និងកុមារ ក៏ទទួលបាននូវអំណោយជាស្បៀងអាហារ សម្ភារៈសិក្សា និងថវិកា ដើម្បីជួយទ្រទ្រង់ដំណើរការរបស់មណ្ឌលមែកឈើ ក៏ដូចជាលើកកម្ពស់សុខុមាលភាពរបស់កុមារនៅក្នុងមណ្ឌលនេះឱ្យកាន់តែប្រសើរថែមទៀត ។
ធនាគារ វីង បានប្តេជ្ញាចិត្តឥតងាករេក្នុងការគាំទ្ររាល់ការខិតខំប្រឹងប្រឹងរបស់សមាគម TYDA ចំពោះបុព្វហេតុសកម្មភាពមនុស្សធម៌។ ចាប់តាំងពីឆ្នាំ ២០២២មក ធនាគារ វីងបានឧបត្ថម្ភថវិកាចំនួន ១០០.០០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលមានរយៈពេល ៥ ឆ្នាំ ដើម្បីជួយពង្រឹងសកម្មភាពមនុស្សធម៌របស់សមាគម TYDA លើការលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍។ ភាពជាដៃគូដ៏ជាប់លាប់នេះបានអនុញ្ញាតឱ្យធនាគារ វីង ចូលរួមជាមួយសមាគម TYDA ក្នុងបេសកកម្មចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការតាំងចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការលើកកម្ពស់សេវាថែទាំសុខភាព ក៏ដូចជាពង្រឹងនូវសុខុមាលភាពសង្គមប្រកបដោយសមធម៌នៅទូទាំងប្រទេសកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ