ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងការងារ​៖ ស្ត្រី​ជា​ម្ដាយ​ជាង ៦៤​ម៉ឺន​នាក់ និង​កូនជាង ៦៦​ម៉ឺន​នាក់​ ទទួលផល​ពី​កម្មវិធី​របស់​រាជរដ្ឋាភិបាល​ គិត​ត្រឹម​ ៤​ខែ​ ដើមឆ្នាំ​នេះ

1 ថ្ងៃ មុន

ខេត្តព្រះ​សីហ​នុ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា ស្ត្រី​ជា​ម្តាយ​ចំនួន​ជាង ៦៤​ម៉ឺន​នាក់ និង​កូនជាង…

ខេត្តព្រះ​សីហ​នុ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា ស្ត្រី​ជា​ម្តាយ​ចំនួន​ជាង ៦៤​ម៉ឺន​នាក់ និង​កូនជាង ៦៦​ម៉ឺន​នាក់​ទទួល​បាន​ផលប្រយោជន៍​ ពី​កម្មវិធី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ខណៈ​ខេត្ត​ព្រះ​សីហ​នុ​បាន​ចំណាយ​ថវិកា​ អស់​ប្រមាណ ៧,៦​ពាន់​លាន​រៀល ដោយ​មាន​ស្ត្រី​ជា​ម្តាយ​ចំនួន ១០ ២៧០​នាក់ និង​កូន​ចំនួន ១០ ២៤២​នាក់ ​។

នេះ​គឺជា​ការ​គូសបញ្ជាក់​ដែល ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ការ​ទទួល​បាន​ក្រុមហ៊ុន​វិនិយោគ ​ចំនួន​២០០ និង​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត​ជាង ៣​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ ពិសេស​ក្រុងព្រះសីហនុ​ក្រោម​អធិបតីភាព​ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ដាក់​ឱ្យ​ដំណើរការ​ផ្ទាល់​ចុះបញ្ជី​សមាជិក ប​.​ស​.​ស​. សម្រាប់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​នៅ​ក្នុង​បន្ទុក​តាម​ទូរ​សព្ទ​ដៃ កុំព្យូទ័រ និង​តាម​រយៈ​បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ផង​ដែរ ​។ ដោយ​មាន​ស្ត្រី​ជា​ម្តាយ​ចំនួន​ជាង ៦៤​ម៉ឺន​នាក់ និង​កូនជាង ៦៦​ម៉ឺន​នាក់​ទទួល​បាន​ផលប្រយោជន៍​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​» ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​និរន្តរភាព និង​បង្កើន​ប្រសិទ្ធភាព​កម្មវិធី ​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ មុន​ពេល​សម្រាលកូន និង​ក្រោយ​ពេល​សម្រាលកូន​រហូត​ដល់​កូន​អាយុ ២​ឆ្នាំ​ចំនួន ១៤​លើក ដោយ​មួយ​លើក​ទទួល​បាន​ថវិកា​ចំនួន ៨​ម៉ឺន​រៀល និង​ប្រាក់​ឧបត្ថម្ភ​ពេល​សម្រាលកូន​ចំនួន ៨០​ម៉ឺន​រៀល ដើម្បី​លើកកម្ពស់​សុខុមាលភាព​មាតា និង​ទារក​រួមចំណែក​ដោះស្រាយ​កង្វះ​អាហារូបត្ថម្ភ ព្រមទាំង​ជំរុញ​ការ​លូតលាស់​ទាំង​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​កូនចៅ​បងប្អូន​កម្មករនិយោជិត ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែម​ថា ដោយ​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ៣៣២​ពាន់​លាន​រៀល ដោយ​មាន​ស្ត្រី​ជា​ម្តាយ​ចំនួន​ជាង ៦៤​ម៉ឺន​នាក់ និង​កូនជាង ៦៦​ម៉ឺន​នាក់ ក្នុង​នោះ​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ៧,៦​ពាន់​លាន​រៀល ដោយ​មាន​ស្ត្រី​ជា​ម្តាយ​ចំនួន ១០ ២៧០​នាក់ និង​កូន​ចំនួន ១០ ២៤២​នាក់​បាន​ទទួលផល​ពី​កម្មវិធី​នេះ ​។

នៅ​ខេត្ត​ព្រះ​សីហ​នុ ប​.​ស​.​ស​. បាន​ចុះបញ្ជី​សមាជិក ​តាម​របប​ភាគទាន​ជា​កាតព្វកិច្ច និង​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ដល់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​របស់​សមាជិក​នៃ ប​.​ស​.​ស​. បាន​ចំនួន​សរុប​ប្រមាណ ៩,៨​ម៉ឺន​នាក់ ក្នុង​នោះ បុគ្គល​ស្វ័​យ​និ​យោជន៍​ចំនួន ៦ ៥៨៤​នាក់ (​ស្រី ៤ ១៩៩​នាក់​) និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. មាន​ចំនួន ២ ៦១៨​នាក់ (​ស្រី ១ ៥២៤​នាក់​)​ ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល ២០​ខែ ក្រសួង​បាន​ពង្រីក​សមាជិក ប​.​ស​.​ស​. ថ្មី​បាន​ចំនួន​ប្រមាណ​ជា ១​លាន ៣​សែន​នាក់ ក្នុង​នោះ​កម្មករនិយោជិត​ក្នុង​ប្រព័ន្ធ​បាន​ចំនួន​ប្រមាណ ៥៤​ម៉ឺន​នាក់​, បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យសាធារណៈ ចំនួន ៧,៤​ម៉ឺន​នាក់​, បុគ្គល​ស្វ័​យ​និ​យោជន៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ចំនួន​ប្រមាណ ៤៩​ម៉ឺន​នាក់ និង​អ្នក​ក្នុង​បន្ទុក​របស់​សមាជិក ប​.​ស​.​ស​. បាន​ចំនួន​ប្រមាណ ១៩​ម៉ឺន​នាក់ ដែល​ធ្វើ​ឱ្យ​សមាជិក ប​.​ស​.​ស​. សរុប​កើន​ពី​ចំនួន ១,៨​លាន​នាក់ ដល់ ៣,១​លាន​នាក់ នៅ​ត្រឹម​ដំណាច់​ខែមេសា​ឆ្នាំ​២០២៥​នេះ​ ៕ អត្ថបទសហការ