រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ នេះ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិត ដែលមានសមាជិកសរុប ៤២ រូប និងរថយន្តគ្រួសារមួយគ្រឿង នៅត្រង់ចំណុចផ្លូវជាតិលេខ ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺដែលបានបណ្តាលឱ្យកម្មកររងរបួស ៤០នាក់ ក្នុងនោះ ស្លា.ប់ម្នាក់ របួសធ្ងន់ ២នាក់ និងស្រាល ៣៧ ។
តាំងពីពេលកើតហេតុមក ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ប.ស.ស. និងមន្ត្រីមន្ទីរការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងមានវត្តមាននៅមន្ទីរពេទ្យដើម្បីសម្របសម្រួលជាមួយក្រុមគ្រូពេទ្យដើម្បីជួយសង្គ្រោះជនរងគ្រោះ ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យបងប្អូនដែលជាម្ចាស់រថយន្តដឹកកម្មករពង្រឹងការបើកបរ ពង្រឹងការប្រុងប្រយ័ត្ន និងវិជ្ជាជីវៈខ្ពស់ក្នុងការបើកបរ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលអ្នកបញ្ជារថយន្តតាមដងផ្លូវទាំងអស់គួរអធ្យាស្រ័យខ្ពស់ យោគយល់ខ្ពស់ ព្រោះគ្រោះថ្នាក់ចរាចរណ៍បានកើងឡើងដែលប៉ះពាល់ដល់កម្មករដែលជាជនស្លូតត្រង់នៅលើរថយន្តមានគ្រោះថ្នាក់ និងរងផលប៉ះពាល់ ។
គិតចាប់ពីខែមករា ដល់សប្តាហ៍ទី ១ ខែឧសភា ឆ្នាំ ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មរចំនួន ៣ ករណី មានជនរងគ្រោះសរុប ៨៩នាក់ (ស្រី ៨១នាក់) ក្នុងនោះជនរងគ្រោះ ស្លា.ប់ ១នាក់ (ស្រី) របួសធ្ងន់ ១០នាក់ (ស្រីទាំងអស់) និងរបួសស្រាល ៧៨នាក់ (ស្រី ៧០នាក់) ។
ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មការិនីនិងក្រុមគ្រួសារទៅតាមគោលការណ៍នៃបេឡាជាតិរបបសន្តិសុខសង្គម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ