រាជធានីភ្នំពេញ ៖ សហជីពនៅកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិសេរីភាពពេញលេញដល់គ្រប់និន្នាការសហជីពក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ដោយពួកគេចាត់ទុកការអនុវត្តសិទ្ធិសេរីភាពបានទូលំទូលាយ ដើម្បីការពារផលប្រយោជន៍ជូនកម្មករនិយោជិត ។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជាបានថ្លែងពីទីតាំងប្រារព្ធទិវាពលកម្មករអន្តរជាតិកោះនរា រាជធានីភ្នំពេញនៅថ្ងៃទី ១ ឧសភាថា ៖ «ក្រុមការងារយើង គឺមិនមានរារាំងសកម្មភាពប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី ១៣៩ នោះទេ គឺអាជ្ញាធរយើងជួយសម្របសម្រួលបញ្ហាសន្ដិសុខសុវត្ថិភាព និងរៀបចំទីតាំងសម្រាប់ជួបជុំក្រុមសហជីពថែមទៀត ។ កម្មវិធីនេះ បានប្រព្រឹត្តិទៅដោយរលូន ហើយកម្មករបានចូលរួមច្រើន និងសប្បាយរីករាយដែលបានជួបជុំគ្នានាឱកាសនេះ» ។
លោកបន្ដថា យើងអត់មានការគំរាមកំហែងអ្វីទេ គឺបើកទូលំទូលាយ អ្នកចូលរួមក៏សប្បាយរីករាយ ហើយយើងមានឱកាសសម្ដែងមតិ ផ្ញើសារនានាទៅស្ថាប័នពាក់ព័ន្ធ និងមានកម្មវិធីជាច្រើន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរកដំណោះស្រាយនូវបញ្ហាសេសសល់ផ្សេងៗទៀត ។ លោក គង់ អាទិត្យ បានចាត់ទុកផ្ដល់សិទ្ធិសេរីភាពរបស់រាជរដ្ឋាភិបាលដល់សហជីព គឺមិនមានឧបសគ្គរារាំងធ្ងន់ធ្ងរដូចការលើកឡើងក្នុងរបាយការណ៍មួយចំនួនដែលចោទប្រកាន់ថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជាត្រូវបានរារាំង បិទសិទ្ធិ បំភិតបំភ័យ និងគំរាមកំហែងនោះទេ ។
ចំណែកលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា ៖ «ខ្ញុំបានដឹកនាំក្រុមការងារទៅប្រារព្ធទិវាពលកម្មអន្តរជាតិនៅខេត្តកណ្ដាលប្រមាណជាង ២០០នាក់ ប៉ុន្ដែមិនមានការរារាំង ឬបំភិតបំភ័យកម្មករមិនឱ្យចូលរួមនោះទេ គឺមានការចូលរួមយ៉ាងទូលំទូលាយពីកម្មករនិយោជិតយើង។ លើសពីនេះ មានអាជ្ញាធរជួយសម្របសម្រួលសន្ដិសុខសុវត្ថិភាពជូនកម្មករថែមទៀតផង» ។ នៅក្នុងវិធីនោះ លោកបានថ្លែងសារសំខាន់ៗដែលបង្ហាញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រោមការដឹកនាំរបស់ឯករដ្ឋមន្ត្រី ហេង សួរ ដែលបានយកចិត្តទុកដាក់ទៅលើសិទ្ធិសេរីភាពសហជីព និងការការពារសិទ្ធិកម្មករ ដើម្បីលើកម្ពស់ស្ដង់ដារការងារឱ្យដូចទៅនឹងប្រទេសក្នុងតំបន់ដែរ ។
លោក ហ្វា សាលី បានចាត់ទុកការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពមានភាពល្អប្រសើរ ដោយបានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និងជាតំណាងចរចាជាមួយថៅកែរោងចក្រ ។ ដូច្នេះកម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាពដែលជាឋានសួគ៌របស់សហជីព ។
គួររំឭកថា ច្បាប់ស្តីពីសហជីពដែលរួមមាន ១៧ជំពូក និង ១០០មាត្រា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦ ក្នុងគោលបំណងផ្តល់សិទ្ធិ និងសេរីភាពដល់សហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ និងកំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជកស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការងារ ព្រមទាំងអនុសញ្ញាអន្តរជាតិខាងការងារលេខ ៨៧ និង៩៨ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ។
ច្បាប់ស្តីពីសហជីព គឺជាក្របខ័ណ្ឌគតិយុត្តមួយដែលមានគោលដៅ ទី ១- ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ទី ២- ធានានូវសិទ្ធិសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក ទី ៣- ជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង ៤- រួមចំណែកក្នុងការអភិវឌ្ឍន៍ការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ