ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករ និងសហជីពថា ការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់របស់រដ្ឋាភិបាល ធ្វើឱ្យកម្មករមានជីវភាពកាន់តែធូរធា គឺជាស្មារតីស្របតាមទិវាពលកម្មអន្តរជាតិ ១ ឧសភា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សហជីព និងកម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យកម្មករមានជីវភាពកាន់តែធូរធាឡើង គឺជាស្មារតីស្របតាមទិវាពលកម្មអន្តរជាតិ ១ ឧសភា…

រាជធានីភ្នំពេញ ៖ សហជីព និងកម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យកម្មករមានជីវភាពកាន់តែធូរធាឡើង គឺជាស្មារតីស្របតាមទិវាពលកម្មអន្តរជាតិ ១ ឧសភា ។ 

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាមើលឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលតែងអនុញ្ញាតឱ្យមានការចរចាដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ មិនថាប្រទេសស្ថិតក្នុងវិបត្តិកូវីដ ១៩ ឬស្ថានភាពសេដ្ឋកិច្ចពិភពលោក នៅតែមិនទាន់មានភាពប្រាកដនិយមក៏ដោយ ។ ការដំឡើងប្រាក់ឈ្នួលពិតជាបានជួយឱ្យកម្មករនិយោជិត មានជីវភាពប្រសើរជាងមុន ដោយគាត់មានប្រាក់សន្សំយកទៅរួមចំណែកបង្កើតនិងពង្រីកអាជីវកម្មជាមួយក្រុមគ្រួសារ ក៏ដូចជាចូលរួមបំពេញការងារកសិកម្មនៅស្រុកកំណើតបង្កើតចំណូលបន្ថែមបានទៀតផង ។ លោកថ្លែងថា ៖ «ម្យ៉ាងវិញទៀតបងប្អូនកម្មករខ្លះក៏បានរៀបចំសាងសង់ផ្ទះសំបែង ទិញសម្ភារប្រើប្រាស់ មានទូរសព្ទ ម៉ូតូជិះទៅធ្វើការ បង្កលក្ខណងាយស្រួលដើម្បីបំពេញការងាររបស់គាត់ជាប្រចាំថ្ងៃថែមទៀតផង» ។ 

ស្រដៀងគ្នានេះលោក ឡេវ សំអាន កម្មកររោងចក្រនៅម្តុំផ្លូវវេងស្រេង បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់រៀងរាលឆ្នាំនេះសបញ្ជាក់ឱ្យឃើញថា រដ្ឋភិបាលតែងតែយកចិត្តទុកដាក់ ចំពោះកម្មករនិយោជិត ឱ្យមានការងារធ្វើទាំងក្នុងនិងក្រៅប្រទេស ឆាប់មានជីវភាពធូរធា ។ លោកថ្លែងថា៖«ខ្ញុំសង្គេតឃើញថាការខិតខំប្រឹងប្រែងដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាកម្ពុជា បានធ្វើឱ្យបងប្អូនកម្មករកម្មការិនី ទាំងអស់មានជីវភាពធូរធា ហើយនេះសបញ្ជាក់ថាជាស្មារតីស្របទៅតាមទិវាពលកម្មអន្តរជាតិ ១ឧសភា ។ ហើយខ្ញុំក៏សូមអរគុណទៅដល់ រាជរដ្ឋាភិបាកម្ពុជា ដែលខំប្រឹងស្វះស្វែងរកវិនិយោគមិនថាក្នុងឬក្រៅប្រទេសដើម្បីឱ្យបងប្អូនកម្មករទាំងអស់មានការងារធ្វើ» ។

ទន្ទឹមនេះលោក ទុយ កុសល ប្រធានសហព័ន្ធសហជីពរួបរួមអភិវឌ្ឍន៍កម្មករ និយាយថា ការដំឡើងប្រាក់ឈ្នួលបានធ្វើឱ្យជីវភាពកម្មករនិយោជិត ល្អប្រសើរ រីកចម្រើនខុសប្លែកពីមុន ។  ជាក់ស្តែងកម្មករនិយោជិតមានលទ្ធភាពចំណាយសម្រាប់ការលំហែ ពេលឈប់សម្រាក ផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូនៗ មានប្រាក់សន្សំសម្រាប់ជួយអ្នកផ្ទះ ជាពិសេសឪពុកម្តាយសាច់ញាតិមានគុណ ជាដើម ។ លោកប្រាប់ថា ៖ «ការខិតខំដំឡើងប្រាក់ឈ្នួលរបស់រាជរដ្ឋាភិបាលដែលធ្វើឱ្យកម្មករមានជិវភាពធូរធា និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ កម្មករអាចមានលទ្ធភាពទិញម៉ូតូ ឡាន ជាពិសេសសាងសង់ផ្ទះ ដែលនេះគឺជាស្មារតីស្របតាមទិវាពលកម្មអន្តរជាតិ ១ ឧសភា» ។ 

នៅព្រឹកថ្ងៃទី ១ ឧសភានេះ កម្មករ សហជីព និងអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកពីគ្រប់និន្នាការបានជួបជុំគ្នា អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៥ ដែលបង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ សិទ្ធិការងារត្រូវបានលើកកម្ពស់ សិទ្ធិសេរីភាពកម្មករនិយោជិត និងសហជីពកាន់តែល្អប្រសើរឡើង ៕ អត្ថបទសហការ