ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​អប់រំ ៖ សមិទ្ធផល​របស់​សហព័ន្ធសេវា​អប់រំ​នៅ​កម្ពុជា​សម្រេច​បាន​កន្លង​មក ជាកម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍប្រកបដោយ​ចីរភាព

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្នុង​ឱកាស​ចូលរួម​មហាសន្និបាត និង​ប្រគល់​បណ្ណ​សរសើរ​ដល់​នាយក នាយិកា​ឆ្នើម និង​គ្រូ​ឆ្នើម​ប្រចាំឆ្នាំ​២០២៤ នៃ​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា កាលពី​ចុង​ស​ប្តា​ហ៍​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន…

រាជធានីភ្នំពេញ ៖ ក្នុង​ឱកាស​ចូលរួម​មហាសន្និបាត និង​ប្រគល់​បណ្ណ​សរសើរ​ដល់​នាយក នាយិកា​ឆ្នើម និង​គ្រូ​ឆ្នើម​ប្រចាំឆ្នាំ​២០២៤ នៃ​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា កាលពី​ចុង​ស​ប្តា​ហ៍​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​សម្រេច​បាន​នា​ពេល​កន្លង​មក ដែល​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចី​ភាព​។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ចង់​ដឹកនាំ​កម្ពុជា​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ថ្មី ដែល​ហៅ​ថា គឺជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចក្ខុវិស័យ​ឆ្នាំ​២០៥០​។ ក្នុង​ន័យ​នេះ ប្រព័ន្ធ​អប់រំ​ត្រូវ​តែ​ឆ្លើយ​តប​ទៅ​នឹង​ចក្ខុវិស័យ ហើយ​តួនាទី ទាំង​វិស័យ​រដ្ឋ ក៏​ដូច​ជា​វិស័យ​ឯកជន គឺ​ការ​ពង្រឹងគុណភាព​អប់រំ ដែល​ធានា​បាន​នូវ​សិស្ស​ដែល​ត្រៀមខ្លួន​ដើម្បី​សិក្សា​, សាលារៀន​ដែល​មាន​តួនាទី​ផ្តល់​នូវ​បរិស្ថាន​សិក្សា​ល្អ​, គ្រូបង្រៀន​ល្អ និង​មាន​សមត្ថភាព​ដើម្បី​បង្រៀន​មានគុណ​ភាព ហើយ​មាតាបិតា​ជួយ​គាំទ្រ ក៏​ដូច​ជា​ប្រព័ន្ធ​អប់រំ​ទាំងមូល​ដែល​ផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​អាច​សិក្សា​រៀនសូត្រ​បាន​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ ទាំង​វិស័យ​រដ្ឋ ក៏​ដូច​ជា​វិស័យ​ឯកជន ត្រូវ​ប្តេជ្ញា​បន្ត​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ បញ្ចូល​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​អប់រំ​នៅ ក្នុង​ការ​សិក្សា​រៀនសូត្រ ក៏​ដូច​ជា​ការ​លើកកម្ពស់​នូវ​ការ​បង្រៀន​ខាង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។

ក្នុង​នោះ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ក៏​បាន​អរគុណ​ដល់​វិស័យ​ឯកជន ពិសេស​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ដែល​បាន​សហការ​ជាមួយ​រដ្ឋ ក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​យុវជន​កម្ពុជា​ទទួល​បាន​នូវ​ការ​អប់រំ​ប្រកបដោយ​គុណភាព ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ ជា​ពិសេស​គឺ​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជានា​ពេល​អនាគត​។

តាង​នាម​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ក៏​បាន​ចូលរួម​អបអរសាទរ​ដល់​ឯកឧត្តម​បណ្ឌិត ហុង លី​ម ដែល​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ក្នុង​អាណត្តិ​២០២៥-២០២៧​ថ្មី និង​អបអរសាទរ​ដល់​នាយក នាយិកា​ឆ្នើម និង​គ្រូ​ឆ្នើម​ប្រចាំឆ្នាំ​២០២៤ នៃ​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា គឺជា​បណ្តុំ​នៃ​វិស័យ​ឯកជន​ដែល​ធ្វើ​ការងារ​ផ្តល់​សេវា​គាំទ្រ​លើ​វិស័យ​អប់រំ ដោយ​បច្ចុប្បន្ន​នេះ សហព័ន្ធ​មាន​សមាជិក ចំនួន ១៤០ ស្ថាប័ន ដែល​រួម​មាន សាលារៀន​ជាតិ និង​អន្តរជាតិ ស្ថាប័ន​បណ្តុះបណ្តាល ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ អង្គការ​គាំទ្រ​វិស័យ​អប់រំ និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​។

បើ​តាម​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា អាណត្តិ​២០២៣-២០២៥ និង​ជា​អគ្គនាយករង​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប​, សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នា​ដើមឆ្នាំ​២០២០ ក្រោម​ចក្ខុវិស័យ​ចង់​ឃើញ​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា មានចំណេះ​ដឹង ជំនាញ និង​ភាព​ជា​អ្នកដឹកនាំ​កាន់តែ​ខ្ពស់​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ក្នុង​នោះ​បេសកកម្ម​ចំបង​ៗ​របស់​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា មាន​ដូច​ជា ៖ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​អប់រំ​ចំណេះ​ទូទៅ ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជា​ជី​វះ ចំណេះដឹង​សហគ្រិនភាព ចំណេះដឹង​ហិរញ្ញវត្ថុ ចំណេះដឹង​បច្ចេកវិទ្យា និង​ការ​អប់រំ​ភាព​ជា​អ្នកដឹកនាំ​, ប្រមូលផ្តុំ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​និង​ដៃគូ​ពាក់ព័ន្ធ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី គាំទ្រ​សម្រាប់​ការ អប់រំ និង​បណ្តុះបណ្តាល ដើម្បី​ការ​រីក​ចំរើន​លើ​គុណភាព​ធនធាន មនុស្ស​ដែល​គាំទ្រ និង​ឆ្លើយ តប​ល្អ​តាម​តម្រូវការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​, ស្រាវជ្រាវ និង​ចែករំលែក​ចំណេះដឹង​អប់រំ ព័ត៌មាន​ទីផ្សារ​ការងារ តម្រូវការ​ចំណេះ ជំនាញ​នានា ដែល​ប្រទេស​ជាតិ​ត្រូវការ​នា​ពេល​អនាគត ក៏​ដូច​ជា ពង្រឹង​ចំណេះដឹង និង​ជំនាញ គ្រូបង្រៀន គ្រូ​បណ្តុះបណ្តាល និង​អ្នក​អប់រំ​ទូទៅ ដើម្បី​ធានា​បាន​នូវ​លទ្ធផល​ការ​សិក្សា​ខ្ពស់​របស់​សិស្សានុសិស្ស និស្សិត និង​សិក្ខាកាម​។

ក្នុង​នោះ​សមិទ្ធផល​ដែល​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​សម្រេច​បាន​ក្នុង​អាណត្តិ​២០២៣-២០២៥ មាន​ដូច​ជា បង្កើន​សមាជិកភាព​ថ្មី​ៗ, រៀបចំ​វគ្គ​បណ្តុះបណ្តាល​សមាជិក និង​សាធារណជន​សរុប​ចំនួន​១៨​វគ្គ​, ចូលរួម​ប្រជុំ​ផ្តល់​ធាតុ​ចូល​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ឯកជន​, ចូលរួម​ផ្តល់​ធាតុ​ចូល និង​បង្កើត​ក្រុមការងារ​គាំទ្រ​ការ​ពង្រឹងគុណភាព​គ្រឹះស្ថានសិក្សា​ឯកជន ជាមួយ​ក្រសួង​អប់រំ​, ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​ការងារ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ហាត់​ការ និង​ចុះ​កម្មសិក្សា​ដើម្បី​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​, ចូលរួម​ជាមួយ​ក្រុមការងារ​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ព្រមទាំង​សកម្មភាព​ជា​ច្រើន​ទៀត​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​បណ្ឌិត ហុង លី​ម អគ្គនាយក​សាលា​អន្តរជាតិ​អាស៊ាន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ថ្មី នៃ​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា សម្រាប់​អាណត្តិ​ថ្មី ២០២៥-២០២៧ ឯកឧត្តម​នឹង​បន្ត​ដឹកនាំ​សហព័ន្ធ​ស្រប​តាម​ទស្សនវិស័យ និង​បេសកកម្ម​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ពាក់ព័ន្ធ​នានា​ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែល​ប្រកបដោយ​សមត្ថភាព​ខ្ពស់​សម្រាប់​អនាគត​ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​ក៏​នឹង​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​លើ​ការងារ​អប់រំ​ឱ្យ​មានគុណ​ភាព ដើម្បី​បង្កើត​មូលធន​មនុស្ស​ក្នុង​វិស័យ​ឌី​ជី​ថ​ល​តាម​តម្រូវការ​របស់​ប្រទេស​ជាតិ ព្រមទាំង​ពង្រឹង​ចំណេះដឹង និង​ជំនាញ​របស់​គ្រូបង្រៀន គ្រូ​បណ្តុះបណ្តាល និង​អ្នក​អប់រំ​ទូទៅ ដើម្បី​ធានា​បាន​នូវ​គុណភាព​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​ខ្ពស់​៕ អត្ថបទសហការ