ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អគារបណ្ណាល័យនៅវិទ្យាល័យតាអោក នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សស្វែងយល់នូវចំណេះដឹងថ្មីៗ

2 ថ្ងៃ មុន

ខេត្តកំពង់ធំ ៖ អគារបណ្ណាល័យដែលជាសមិទ្ធផលថ្មី នៅវិទ្យាល័យតាអោក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នឹងផ្តល់អត្ថប្រយោជន៍ ដល់សិស្សានុសិស្ស លើការសិក្សាស្រាវជ្រាវ ការស្វែងយល់នូវចំណេះដឹងថ្មីៗ…

ខេត្តកំពង់ធំ ៖ អគារបណ្ណាល័យដែលជាសមិទ្ធផលថ្មី នៅវិទ្យាល័យតាអោក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នឹងផ្តល់អត្ថប្រយោជន៍ ដល់សិស្សានុសិស្ស លើការសិក្សាស្រាវជ្រាវ ការស្វែងយល់នូវចំណេះដឹងថ្មីៗ ការបណ្ដុះទម្លាប់អាននិងវប្បធម៌សិក្សាពេញមួយជីវិត ដល់ សិស្ស និងសហគមន៍ទូទៅ ។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ពោធអគារបណ្ណាល័យ វិទ្យាល័យ តាអោក ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៥ មកនេះថា បណ្ណាល័យមានសារៈ សំខាន់ណាស់ ក្នុងការលើកកម្ពស់គុណភាពអប់រំ ការសិក្សាស្រាវជ្រាវរបស់សិស្ស ការបណ្ដុះទម្លាប់អាន និងវប្បធម៌សិក្សាពេញមួយ ជីវិតដល់សិស្ស និងសហគមន៍ទូទៅ និងគាំទ្រដល់ការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀនផងដែរ។ ដូច្នេះហើយបានជា ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ពសៀវភៅឯកសារជាច្រើន សម្រាប់គាំទ្រដល់គ្រឹះស្ថានសិក្សានានា ។

លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា ទោះបីជាភាពរីកចម្រើននៃបច្ចេកវិទ្យាធ្វើឱ្យសិស្សនិស្សិតនាពេលបច្ចុប្បន្ននេះអាច ស្វ័យសិក្សា និងអានឯកសារតាមរយៈប្រព័ន្ធអេឡិចត្រូនិច ប៉ុន្តែនៅតែមានសិស្ស-និស្សិត និយមចូលចិត្ត ឬបន្តជ្រើសរើសទៅសិក្សា ស្រាវជ្រាវ និងអានសៀវភៅនៅទីតាំងបណ្ណាល័យផ្ទាល់ ។ នាពេលបច្ចុប្បន្ននេះ ក្នុងបណ្ណាល័យមិនត្រឹមតែមានតែសៀវភៅបោះពុម្ព ដាក់តាំងនៅលើធ្នើរប៉ុណ្ណោះទ ប៉ុន្តែបណ្ណាល័យថែមទាំងបានផ្ដល់នូវភាពសម្បូរបែបជាច្រើនទៀត ដូចជាបណ្តាញតភ្ជាប់ទៅកាន់ គេហទំព័រ ទាញយកសៀវភៅមួយចំនួនទៀតដែលពុំមាន ឬពុំទាន់បោះពុម្ព។ លើសពីនេះ បណ្ណាល័យមានការផ្តល់ជូននូវសេវាកម្ម ឥតគិតថ្លៃនានា តាមរយៈបណ្ណារក្ខដែលប្រចាំការនៅទីតាំងបណ្ណាល័យនីមួយៗដោយផ្ទាល់ ។

ជុំវិញបណ្ណាល័យខាងលើនេះ, លោកជំទាវបណ្ឌិត ជា សិរី សង្ឃឹមថា សិស្សានុសិស្សទាំងអស់ ពិតជាបានយល់ និងស្រឡាញ់ ចូលចិត្តការអាន ព្រោះការអាននិងស្វ័យសិក្សាបន្ថែមទៀត ទើបធ្វើឱ្យសិស្សអាចទទួលបាននូវចំណេះដឹងថ្មីៗ និងអភិវឌ្ឍខ្លួនកាន់តែរីក ចម្រើនទៅពេលអនាគត។ ម្យ៉ាងវិញទៀត ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងបន្តលើកកម្ពស់ការអប់រំដល់សិស្សានុស្សា តាមរយៈ ការឧបត្ថម្ភវគ្គបំប៉នបន្ថែម និងឯកសារមេរៀនជារៀងរាល់ឆ្នាំ សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី ១២) ផងដែរ ។

សូមបញ្ជាក់ថា អគារបណ្ណាល័យដែលបានបង្កើតនៅក្នុងវិទ្យាល័យតាអោក គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត មានទំហំ ១២ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ បានរចនាដោយគិតគូរ គ្រប់ជ្រុងជ្រោយអំពីផាសុកភាព ខ្យល់ចេញ-ចូល ពន្លឺគ្រប់គ្រាន់ ក្រោមការឧបត្ថម្ភគាំទ្រ ផ្នែកហិរញ្ញវត្ថុ ដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក, ក្នុងនោះតំណាងធនាគារជាតិនៃកម្ពុជា ក៏បាននាំយកអំណោយ និងប្រាក់ ឧបត្ថម្ភ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៤០០ នាក់រួមមាន៖ ប្រាក់ឧបត្ថម្ភរៀបចំកម្មវិធីចំនួន ២ លានរៀល, ឧបត្ថម្ភ ជូនមន្ត្រីរាជការចំនួន ៥០ នាក់ ក្នុងម្នាក់ទទួលបានសារុង ១ និងថវិកា ៣ ម៉ឺនរៀល, នាយក នាយករង លោកគ្រូ និងអ្នកគ្រូ ៥០នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា ៣ ម៉ឺនរៀល, សិស្សានុសិស្ស (ថ្នាក់ទី១១-១២) ចំនួន ២០០ នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ២ ក្បាល ប៊ិក ២ ដើម ខ្មៅដៃ ១ ដើម និងថវិកា ២ ម៉ឺនរៀល និងឧបត្ថម្ភជូនតំណាងមាតាបិតា និងប្រជាពលរដ្ឋចំនួន ១០០ នាក់ ក្នុងម្នាក់ទទួលបានសារុង ១ និងថវិកា ២ ម៉ឺនរៀល ៕ អត្ថបទសហការ