រាជធានីភ្នំពេញ, ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ ៖ មូលនិធិព្រីនស៍ ដែលជាអង្គការសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានប្រារព្ធពិធីអបអរសាទរនិស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤ ចំនួន ១០០នាក់ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិត្តិយសអញ្ជើញចូលរួមពិធីអបអរនេះ ព្រមជាមួយនឹងភ្ញៀវកិត្តិយសផ្សេងៗទៀត មកពីវិស័យអប់រំ និងស្ថាប័នឯកជននានា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់កិត្តិយសអញ្ជើញចូលរួមថតរូបអនុស្សាវរីយ៍ជាមួយនិស្សិតអាហារូបករណ៍ទាំង ១០០នាក់ ភ្ញៀវកិត្តិយស និងគណៈគ្រប់គ្រងតំណាងមូលនិធិព្រីនស៍ ក្នុងពិធីប្រគល់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី ៤ ។
កម្មវិធីអាហារូបករណ៍នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដោយអាហារូបករណ៍នេះបានផ្តល់អោយនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យនៅកម្ពុជានូវអត្ថប្រយោជន៍ផ្សេងៗដូចជា ៖ ផ្គត់ផ្គង់ថ្លៃសិក្សារយៈពេល ៤ ឆ្នាំពេញ ប្រាក់ឧបត្ថម្ភប្រចាំខែ ឱកាសការងារ និងការចុះកម្មសិក្សានានា ។ ក្រោមការជ្រើសរើសយ៉ាងសម្រិតសម្រាំង និងពោពេញដោយតម្លាតភាព ក្នុងចំណោមបេក្ខជនជាង ២,៥០០នាក់ មានតែបេក្ខជនឆ្នើមចំនួន ១០០នាក់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស ដើម្បីទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី ៤ នេះ ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរមូលនិធិព្រីនស៍ ចំពោះការចូលរួមជាចំណែកមួយក្នុងការជំរុញការអប់រំនៅប្រទេសកម្ពុជា ព្រមទាំងកត់សំគាល់ផងដែរ ពីកិច្ចសហការជាដៃគូរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជនពិតជាមានសារៈសំខាន់ណាស់សម្រាប់ពង្រឹងសមត្ថភាពយុវជនជំនាន់ក្រោយ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងយ៉ាងដូច្នេះថា ៖ “ការអប់រំគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយកម្មវិធីដូចជាអាហារូបករណ៍ ចេន ហ្ស៊ី ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយដុសខាត់ អនាគតនិស្សិតរបស់ប្រទេសកម្ពុជា” ។ ឯកឧត្តមបានបន្តទៀតថា ៖ “យើងកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់មូលនិធិព្រីនស៍ ក្នុងការជួយជ្រោមជ្រែងយុវជនកម្ពុជាឱ្យសម្រេចបាននូវក្តីស្រមៃ និងគោលដៅសិក្សារបស់ពួកគេប្រកបដោយវិជ្ជាជីវៈ ។
លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍បានថ្លែងអំណរគុណដល់ស្ថាប័នរដ្ឋ និងឯកជនដែលជាដៃគូសហការក្នុងការចូលរួមគាំទ្រវិស័យអប់រំនៅប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា ៖ “ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការជួយទំនុកបំរុងនិស្សិតឆ្នើមកម្ពុជាចំនួន ១០០នាក់ ដើម្បីគាំទ្រពួកគេឆ្ពោះទៅរកភាពជោគជ័យយ៉ាងពិតប្រាកដ” ។ លោកបានបន្ថែមទៀតថា ៖ “ការអប់រំគឺជាគន្លឹះក្នុងការកសាងសង្គមមួយអោយរីកចម្រើន ហើយពួកយើងក៏នៅតែបន្តការប្តេជ្ញាចិត្តចំពោះការដុសខាត់សមត្ថភាពអ្នកដឹកនាំជំនាន់ក្រោយ ដែលនឹងរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជានាពេលអនាគត។ មិនត្រឹមតែប៉ុណ្ណោះ ពួកយើងសូមអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការគាំទ្រក្នុងការធ្វើឱ្យកម្មវិធីអាហារូបករណ៍នេះសម្រេចទៅមុខបាន” ។
ក្នុងនោះដែរ និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី ២ កញ្ញា សិទ្ធា វីឡារ៉ូស ដែលជានិស្សិតកំពុងសិក្សាឆ្នាំទី ៣ មុខជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្ហាញការថ្លែងអំណរគុណចំពោះ កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលបានផ្តល់ជំនួយលើសពីហិរញ្ញវត្ថុ និងឱកាសធ្វើការងារហាត់ការនៅក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលផ្តល់នូវបទពិសោធន៍ការងារ និងជំនួយជាហិរញ្ញវត្ថុដែលជួយកាត់បន្ថយបន្ទុកកញ្ញាផងដែរ ។
កញ្ញាបានបន្តទៀតថា ៖ “ខ្ញុំទទួលបានឱកាសជាច្រើនពីកម្មវិធីអាហារូបករណ៍នេះ ដោយកម្មវិធីនេះបានជួយខ្ញុំអោយទទួលបាននូវបទពិសោធន៍ថ្មីៗ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្នះឧបសគ្គនានានៅពេលអនាគត។ ខ្ញុំសូមអរគុណដល់មូលនិធិព្រីនស៍ ចំពោះកិច្ចខិតខំប្រឹងប្រែងគាំទ្រនិស្សិតដើម្បីបន្តការសិក្សាប្រកបដោយភាពជោគជ័យ” ។
នៅក្នុងពិធីអបអរនេះក៏មានការអញ្ញើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសតំណាងអោយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ រួមមាន៖ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ, លោក យូ វីរៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្តមសិក្សា, ឯកឧត្តម វិញ ប៊ុនអៀង ជំនួយការឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី, លោក គង់ ភូមីកា ប្រធាននាយកដ្ឋានឧត្តមសិក្សា, បណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង, លោកសាស្ត្រាចារ្យរង កុក សុធា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, និងលោក សូយ ទី នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ វត្តមានរបស់ភ្ញៀវកិត្តិយសតំណាងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យខាងលើ ពិតជាបានសរបញ្ជាក់ពីកិច្ចសហប្រតិបត្តិ និងកិច្ចខិតខំប្រឹងប្រែងដុសខាត់យុវជនជំនាន់ក្រោយអោយក្លាយជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសកម្ពុជានាពេលអនាគត ។
តាំងពីឆ្នាំ ២០២១ រហូតដល់ពេលបច្ចុប្បន្ម អាហារូបករណ៍ ចេន ហ្ស៊ី បានជួយទំនុកបម្រុងនិស្សិតក្រីក្រចំនួន៤០០នាក់ អោយទទួលបានឱកាសបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា និងធ្វើការបណ្តុះបណ្តាលពួកគាត់អោយសម្រេចបាននូវភាពជោគជ័យ។ គំនិតផ្តួចផ្តើមនេះបានស្របតាមចក្ខុវិស័យរបស់មូលនិធិព្រីនស៍ ក្នុងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងកំណើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ។
អំពីអាហារូបករណ៍ ចេន ហ្ស៊ី
កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (ដើម្បីគាំទ្រដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។ ចាប់តាំងពីការចាប់ផ្តើមរហូតមកដល់បច្ជុប្បន្ន អាហារូបករណ៍ ចេន ហ្ស៊ី បានផ្តល់ឱកាសសម្រាប់ដល់និស្សិតកម្ពុជាជាច្រើននាក់ ដោយគាំទ្រអោយពួកគេបន្តនូវក្តីស្រមៃក្នុងការបន្តការសិក្សា និងរួមចំណែកយ៉ាងមានអត្ថន័យដល់វឌ្ឍនភាពរបស់ប្រទេសកម្ពុជា ។
អំពី មូលនិធិព្រីនស៍ ៖
មូលនិធិព្រីនស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា» ។
ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព ។
គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៨០ កម្មវិធី ដែលបានជួយទៅដលប្រជាជនប្រមាណជាង ១.៥លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៨ លានដុល្លារ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ