រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ដែលទើបត្រូវបានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ។
នៅក្នុងជំនួបនេះ លោកជំទាវ ទេសាភិបាល បានមានប្រសាសន៍ស្វាគមន៍ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងបានលើកឡើងពីទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា ព្រមទាំងបានចែករំលែកទស្សនាទានអំពីវឌ្ឍនភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា រួមទាំងការសហការរៀបចំគម្រោងទូទាត់ឆ្លងដែនរវាងកម្ពុជា និងឥណ្ឌា ដែលនឹងសម្រួលដល់ការទូទាត់ភ្លាមៗរវាងទេសចរខ្មែរនៅប្រទេសឥណ្ឌា ក៏ដូចជាទេសចរឥណ្ឌាមកទស្សនានៅកម្ពុជាផងដែរ ។
លើសពីនេះ លោកជំទាវក៏បានជម្រាបជូនពីស្ថានភាពអំណោយផលនៅកម្ពុជា សម្រាប់វិយោគិនឥណ្ឌាធ្វើការវិនិយោគ ពិសេសសុខសន្តិភាព និងស្ថិរភាពនយោបាយ ការធ្វើដំណើរតាមរយៈការហោះហើរត្រង់រវាងទីក្រុងភ្នំពេញ-ញូវដេលី ជាដើម និងបានស្នើឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយនិងលើកទឹកចិត្តដល់វិនិយោគិនឥណ្ឌា ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុធំៗ ឱ្យមកសិក្សាស្វែងយល់ពីទីផ្សារវិនិយោគនៅកម្ពុជា ផងដែរ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថ្លែងអំណរគុណ លោកជំទាវ ទេសាភិបាល ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ព្រមទាំងបានលើកឡើងថា ការវិនិយោគនៅកម្ពុជា គឺជាឱកាសមួយដែលវិនិយោគិនឥណ្ឌាមិនត្រូវមើលរំលង ជាពិសេសក្នុងវិស័យធនាគារដែលមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមក៏បានកោតសរសើរនូវប្រព័ន្ធទូទាត់កម្ពុជាដែលមានភាពទំនើបប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការតភា្ជប់ការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសទាំងពីរបន្ថែមទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ