ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ​ ៖ សញ្ញាបត្រ​ដែល​សិស្ស និស្សិត​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ធំ​ទទួល​បាន​ពេល​នេះ ជា​គ្រឹះ​សម្រាប់​សិស្ស និស្សិត​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ ព្រមទាំង​សង្គម​ជាតិ

2 ថ្ងៃ មុន

ខេត្តកំពង់ធំ​ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​ ២៤ ខែកុម្ភៈ ឆ្នាំ ​២០២៥ ឯកឧត្តម ហេង…

ខេត្តកំពង់ធំ​ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​ ២៤ ខែកុម្ភៈ ឆ្នាំ ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១,២,៣ សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស និង​បរិញ្ញាបត្រ​បច្ចេកទេស ជូន​ដល់​សិស្ស និស្សិត​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ធំ​ចំនួន ៣៥០​អង្គ​/​នាក់​ ។

ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​សិស្ស និស្សិត ដែល​ប្រារព្ធ​ធ្វើ​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ធំ ក៏​មាន​វត្តមាន​ចូលរួម​ពី ឯកឧត្តម ផា​ន់ ផល្លា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ឯកឧត្តម ជា វ៉ា​ន់​ចាន់ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​, អាជ្ញាធរ​មូលដ្ឋាន​, តំណាង​សមាគម​, តំណាង​ក្រុមហ៊ុន​, តំណាង​មន្ទីរ​នានា​, គ្រឹះស្ថាន​អប់រំ​, នាយក​វិទ្យាស្ថាន គណៈ​គ្រប់គ្រង​វិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កំពង់ធំ និង​សិស្ស​វិទ្យាល័យ​កំពង់ធំ សរុប​ជាង ១៧០០​នាក់ ​។

ឯកឧត្តម ហេង សួរ បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ដែល​សិស្ស និស្សិត​ជ័យ​លា​ភី​ទាំងអស់​ទទួល​សញ្ញាបត្រ​នា​ពេល​នេះ ដើម្បី​ជា​គ្រឹះ​សម្រាប់​សិស្ស និស្សិត​ផ្ទាល់ខ្លួន និង​សម្រាប់​ក្រុម​គ្រួសារ សង្គម​ជាតិ​។ សមិទ្ធផល​នេះ​គឺជា​សក្ខីភាព​ថ្មី​មួយទៀត​ក្នុង​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនាធិការ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​វិស័យ​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​ថា ចំណុច​ស្នូល​នៃ​ការ​សិក្សា​របស់ TVET គឺ​រៀន​ទ្រឹស្តី​តិច ការ​អនុវត្ត​ច្រើន និង​ចុះ​ហាត់​ការ​ជាក់ស្តែង ក្នុង​រយៈពេល​ខ្លី ដើម្បី​អាច​ចេញ​ប្រកបការងារ​បាន​ឆាប់​។ ទន្ទឹម​នេះ កម្មវិធី TVET គឺជា​កិច្ចការ​អាទិភាព​មួយ ដែល​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កំពុង​ជំរុញ​យ៉ាង​សកម្ម​ជាមួយនឹង​មន្ត្រី​ថ្នាក់​ជាតិ ខេត្ត ក៏​ដូច​ជា​រាល់​បណ្ដា​គ្រឹះស្ថាន TVET នានា​ទូ​ទាំង​ប្រទេស ដើម្បី​យុវជន​ជំនាន់​ក្រោយ ដើម្បី​គ្រួសារ ដើម្បី​សហគមន៍ ដើម្បី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ក្នុង​ខេត្តកំពង់ធំ និង​នៅ​ទូ​ទាំង​ប្រទេស ​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​យុវជន ក៏​ដូច​ជា​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​អាច​ចាប់​យក​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ផ្ដល់​នូវ​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត ស្រប​ទៅ​នឹង​ទីផ្សារ​ការងារ​កំពុង​ត្រូវការ​, និង​ឱកាស​ការងារ​ធ្វើ និង​ប្រាក់​ចំណូល​សមរម្យ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹមថា តាម​រយៈ​អគារសិក្សា​ថ្មី​នៃ​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​ខេត្តកំពង់ធំ ដែល​មាន​កម្ពស់​៥​ជាន់ បំពាក់​ដោយ​សម្ភារៈ បរិក្ខា​សិក្សា​ទំនើប​ៗ នឹង​កាន់តែ​ជំរុញ​គុណភាព​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​សិស្ស និស្សិត​ក្នុង​ខេត្តកំពង់ធំ​។ ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ផ្តល់​ជូន​កុំព្យូទ័រ​ចំនួន ៤០​គ្រឿង ដែល​ជា​អំណោយ​របស់​សម្តេច​មហា​បរ​វរ​ធិ​បតី ជូន​ដល់​វិទ្យាល័យ​កំពង់ធំ សម្រាប់​ឱ្យ​គ្រូ និង​សិស្ស​ក្នុង​វិទ្យាល័យ​នេះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​មុខ​វិជ្ជា​ផ្សេង​ៗ ជា​ពិសេស​ការ​សិក្សា​ស្វែង​យល់​កាន់តែ​ច្បាស់​ពី​វិស័យ TVET ៕ អត្ថបទសហការ