ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​ក្នុង​វិស័យ​អប់រំ​លើក​ឡើង​ ពី​មូលដ្ឋាន​គន្លឹះ​៥​ សម្រាប់​អភិវឌ្ឍ​ការងារ​បច្ចុប្បន្ន និង​អនាគត

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ក្នុង​ជីវិត​ការងារ ការ​អភិវឌ្ឍ​ខ្លួនឯង ​គឺជា​កត្តា​សំខាន់​ដែល​នាំ​ឱ្យ​មនុស្ស​ម្នាក់​ៗ​រីក​ចម្រើន ទាំង​ក្នុង​តួនាទី​បច្ចុប្បន្ន និង​ការ​រៀបចំ​គម្រោង​សម្រាប់​អនាគត ​។ ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​ផែនការ​អភិវឌ្ឍ​ឆ្នាំ​២០២៥ លោក​ឧកញ៉ា…

រាជធានីភ្នំពេញ៖ ក្នុង​ជីវិត​ការងារ ការ​អភិវឌ្ឍ​ខ្លួនឯង ​គឺជា​កត្តា​សំខាន់​ដែល​នាំ​ឱ្យ​មនុស្ស​ម្នាក់​ៗ​រីក​ចម្រើន ទាំង​ក្នុង​តួនាទី​បច្ចុប្បន្ន និង​ការ​រៀបចំ​គម្រោង​សម្រាប់​អនាគត ​។ ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​ផែនការ​អភិវឌ្ឍ​ឆ្នាំ​២០២៥ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​សង្កត់ធ្ងន់​ថា ការ​អភិវឌ្ឍ​ខ្លួនឯង​ មិនមែន​គ្រាន់តែ​ជា​ការ​បំពេញ​តួនាទី​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ជួយ​ឱ្យ​ស្ថាប័ន​រីក​ចម្រើន​ទៅ​មុខ ​។ ក្នុង​នោះ លោក​ឧកញ៉ា​បាន​ចែករំលែក​គន្លឹះ​សំខាន់​ៗ​ ចំនួន​៥ ដែល​អាច​ជួយ​ឱ្យ​បុគ្គលិក​អភិវឌ្ឍ​ការងារ​ទាំង​បច្ចុប្បន្ន និង​អនាគត​ ។

គន្លឹះ​ទី​១ ចំណង់ ៖ ចំណង់​ជា​កត្តា​ដ៏​សំខាន់​មួយ ​ដែល​ជំរុញ​ឱ្យ​មនុស្ស​ម្នាក់​ៗ​ខិតខំ​ប្រឹងប្រែង និង​ធ្វើ​ការងារ​ ដើម្បី​សម្រេច​គោលដៅ ​។ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន មាន​ប្រសាសន៍​ដោយ​លើក​ជា​ឧទាហរណ៍​ថា ប្រសិនបើ​យើង​ចង់បាន​តំណែង​ណាមួយ ​នៅ​ក្នុង​ក្រុមហ៊ុន ឬ​កន្លែងធ្វើការ នោះ​ជា​គោលដៅ​ដែល​យើង​ត្រូវ​ទៅ បន្ទាប់​មក​ត្រូវ​ដឹង​ថា តួនាទី​មុខ​តំណែង​នោះ​មាន​ចរិតលក្ខណៈ​បែប​ណា មាន​ទំនួល​ខុស​ត្រូវ​អ្វីខ្លះ ដើម្បី​យើង​អាច​អភិវឌ្ឍ​ខ្លួន ​សម្រាប់​មុខ​តំណែង​តួនាទី​នោះ​ ។

គន្លឹះ​ទី​២ ចំណេះ ៖ ចំណេះ​វា​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍន៍​ជំនាញ និង​ការងារ​របស់​មនុស្ស​ម្នាក់​ៗ​។ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន មាន​ប្រសាសន៍​ថា កន្លែង​ណា​ក៏​ដោយ ក៏​ត្រូវការ​ធនធានមនុស្ស​ ដែល​មានចំណេះ​ដឹង មានគំនិត​ច្នៃប្រឌិត ដូច្នេះ​បុគ្គលិក ឬ​បុគ្គល​ដែល​ចង់​អភិវឌ្ឍ​ខ្លួន សូម​រៀន​បន្ត អាន​បន្ត ដើម្បី​មានចំណេះ​ដឹង​ថ្មី​ៗ ​។ លោក​ឧកញ៉ា​បញ្ជាក់​ថា ចំណេះដឹង គំនិត​ច្នៃប្រឌិត​ថ្មី​ៗ គឺ​កើតឡើង​ពី​ការ​រៀនសូត្រ​ ។

គន្លឹះ​ទី​៣ ជំនាញ ៖ បើ​តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ជំនាញ​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា គឺជា​អំណាច​មួយ​ផង​ដែរ នៅ​ពេល​ដែល​យើង​មាន​ជំនាញ​មួយ​ច្បាស់លាស់​ ។ ដូច្នេះ​នៅ​ពេល​ដែល​បុគ្គល​មាន​ជំនាញ រួម​ជាមួយ​បទ​ពិសោធន៍ ក្នុង​ការ​អនុវត្ត​ការងារ​ណាមួយ នោះ​គេ​នឹង​ទទួល​បាន​ជោគជ័យ​ ។

គន្លឹះ​ទី​៤ ចរិត ៖ ចរិត​គឺជា​លក្ខណៈ​ផ្ទាល់ខ្លួន និង​ឥរិយាបថ​របស់​មនុស្ស​ម្នាក់​ៗ​។ វា​រួម​មានការ​មាន​ភាព​ស្មោះត្រង់ ការ​ទទួលខុសត្រូវ អត់ធ្មត់ និង​ការ​គោរព ​។ ចរិត​ល្អជា​កត្តា​សំខាន់​ដែល​ជួយ​ឱ្យ​មនុស្ស​ម្នាក់​ៗ​អាច​ធ្វើការ​ងារ​បាន​ដោយ​ជោគជ័យ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ដទៃ​។ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន មាន​ប្រសាសន៍​ថា មុន​នឹង​តម្លើង​មុខ​តំណែង​បុគ្គលិក​ណា​ម្នាក់ ក្រៅពី​ចំណេះ និង​ជំនាញ គេ​ក៏​កត់សម្គាល់​ទៅ​លើ​ចរិត​របស់​បុគ្គល​នោះ​ដែរ ដូច​ជា តើ​ចរិត​របស់​បុគ្គល​នោះ​អាច​ដឹកនាំ​គេ​បាន​ទេ ចរិត​អាច​ធ្វើ​ការងារ​ជាមួយ​អ្នក​ដទៃ​បាន​ទេ​ជាដើម ​។

គន្លឹះ​ទី​៥ ចំណងទាក់ទង ៖ ទំនាក់ទំនង​ល្អ​អាច​ជួយ​ឱ្យ​មនុស្ស​ម្នាក់​ៗ​អភិវឌ្ឍ​ការងារ​បាន​ល្អ និង​បង្កើត​ឱកាស​ថ្មី​ៗ​។ លោក​ឧកញ៉ា ពន្យល់​ថា ទោះ​ស្ថិត​ក្នុង​តួនាទី​ណា​ក៏​ដោយ មនុស្ស​យើង​មិន​អាច​ធ្វើ​ការងារ​តែ​ម្នាក់ឯង​នោះ​ទេ ការ​មាន​ចំណងទាក់ទង មិន​ថា​ជាមួយ​ក្រុមការងារ ឬ​ផ្នែក​ផ្សេង​ៗ នឹង​ជួយ​ឱ្យ​ការងារ​កាន់តែ​រលូន និង​អភិវឌ្ឍ​ទៅ​មុខ ​។

ស្របគ្នា​នេះ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ក៏​បាន​ផ្តល់​ជា​ដំបូន្មាន​ក្នុង​ការ​បំពេញការងារ និង​តួនាទី​ឱ្យ​បាន​ល្អ ដោយ​ថា ប្រសិនបើ​យើង​ទទួល​បាន​ឋានៈ​តួនាទី​ណាមួយ សូម​មើល​ពី​ទំនួល​ខុស​ត្រូវ​របស់​យើង ហើយ​គិត​ពី​សមិទ្ធផល​ដែល​រំពឹង​ទុក ជាមួយ​គ្នា​ដើម្បី​ទទួល​បាន​សមិទ្ធផល​រំពឹង​ទុក យើង​ត្រូវ​ប្រាកដ​ថា មានចំណេះ​ដឹង​ត្រឹមត្រូវ មាន​ជំនាញ​ច្បាស់លាស់ ចរិតលក្ខណៈ ជា​ពិសេស​ចេះ​បង្កើត​ចំណងទាក់ទង​ជាមួយ​អ្នកធ្វើការ​ជាមួយ​គ្នា​ ៕ អត្ថបទសហការ