ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំនួប​ពិភាក្សា​អំពី​ស្ថានភាព​សេដ្ឋកិច្ច​និង​វិស័យ​ធនាគារ នយោបាយ​រូបិយ​វត្ថុ ព្រមទាំង​ការ​អភិ​វឌ្ឍ​​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា

3 ថ្ងៃ មុន

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក​សាស្ត្រាចារ្យ Ricardo Hausmann នាយក​ស្ថាបនិក​នៃ Harvard’s…

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក​សាស្ត្រាចារ្យ Ricardo Hausmann នាយក​ស្ថាបនិក​នៃ Harvard’s Growth Lab និង​គណៈប្រតិភូ​នៃ​កម្មវិធី​ភាព​ជា​ដៃគូ​កម្ពុជា អូស្ត្រាលី សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ (CAPRED) ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​វត្ត​ភ្នំ​។ គោលបំណង​នៃ​ជំនួប​នេះ​គឺ​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សេដ្ឋកិច្ច​និង​វិស័យ​ធនាគារ នយោបាយ​រូបិយ​វត្ថុ ព្រមទាំង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​។

ក្នុង​ជំនួប​នេះ លោក​សាស្ត្រាចារ្យ​បាន​លើក​ឡើង​ពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដែល​បាន​កើនឡើង​ប្រមាណ ៦% ឥទ្ធិពល​នៃ​វិស័យ​សំណង់​មក​លើ​វិស័យ​ធនាគារ ឧបសគ្គ​នៃ​ការ​រារាំង​ដល់​វិស័យ​កសិកម្ម​ពី​ការ​កើនឡើង​លឿន របប​អត្រា​ប្តូរ​ប្រាក់​កម្ពុជា និង​ការ​ប្រើប្រាស់​ប្រាក់​រៀល​។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ ទេសាភិបាល បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ទោះជា​សេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្តី កម្ពុជា​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ជា​ច្រើន ជា​ពិសេស ការ​កើនឡើង​ឥណទាន​មិន​ដំណើរការ​។ ទោះ​យ៉ាងណា ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ​ចាប់ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​រំពឹង​ថា​ស្ថានភាព​នេះ​នឹង​មាន​ភាព​ប្រសើរ​នា​ពេល​ខាង​មុខ​។

ទន្ទឹម​នេះ រាជរដ្ឋាភិបាល ក៏​ដូច​ជា​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​យកចិត្តទុកដាក់​បន្ថែម​ទៀត ទៅ​លើ​ការ​អនុវត្ត​វិធានការ​នានា​ដែល​នឹង​រួមចំណែក​គាំទ្រ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​។ លើស​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បន្ត​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល និង​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ក ដើម្បី​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ សំដៅ​ការពារ​អំណាច​ទិញ​របស់​ប្រជាជន​។

លោក​ជំទាវ ទេសាភិបាល ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ឱ្យ​កាន់តែ​សម្បូរ​បែប ទាំង​ក្នុង​ប្រទេស​និង​ឆ្លង​ដែន ដែល​បច្ចុប្បន្ន​មាន​ធនាគារកណ្តាល​មួយ​ចំនួន​កំពុង​សិក្សា​ស្វែង​យល់​ពី​បទ​ពិសោធ​របស់​កម្ពុជា​៕ សហការ