ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា គាំទ្រ​ការ​លើកកម្ពស់ និងផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា ​ឱ្យ​បាន​ទូលំទូលាយ​លើ​ទីផ្សារ​អន្តរជាតិ

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា (​ក​.​ផ​.​ផ​.) ដឹកនាំ​ដោយ​ឯកឧត្តម អ៊ិ​ត វិ​ជិត ជានា​យក​ប្រតិបត្តិ ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ នា​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​វត្ត​ភ្នំ​ ។

ក្នុង​ជំនួប​នេះ ឯកឧត្តម នាយក​ប្រតិបត្តិ បាន​ជម្រាប​ជូន​ពី​វឌ្ឍនភាព​ការងារ បញ្ហា​ប្រឈម និង​ផែនការ​យុទ្ធសាស្ត្រ​របស់ ក​.​ផ​.​ផ​. សម្រាប់​ការ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍ ព្រមទាំង​បាន​បញ្ជាក់​ជូន​ពី​ភាព​ប្រទាក់ក្រឡា​ជា​ច្រើន ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ ដែល​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ ទេសាភិបាល បាន​គាំទ្រ​ដល់​ការ​លើកកម្ពស់ និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​បាន​ទូលំទូលាយ​លើ​ទីផ្សារ​អន្តរជាតិ​ ។ ក្នុង​ន័យ​នេះ លោក​ជំទាវ​ក៏​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ចង.ក្រង​ទិន្នន័យ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​វិភាគ​ពី​ឥរិយាបថ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ផ្សព្វផ្សាយ​ឱ្យ​ចំ​ទីផ្សារ​គោលដៅ​ ។ លោក​ជំទាវ ក៏​បាន​រំលេច​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​បាគង​ទេសចរ ដែល​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ ​សម្រាប់​ទាក់ទាញ​ក៏​ដូច​ជា​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​ទូទាត់​ផង​ដែរ ។

បន្ថែម​លើ​នេះ លោក​ជំទាវ ក៏​បាន​លើក​ឡើង​ពី​ការ​រួមចំណែក​របស់​ប្រព័ន្ធ​ធនាគារ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​ផ្តល់​ឥណទាន ក៏​ដូច​ជា​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​វិស័យ​នេះ​ ។ ម្យ៉ាងវិញទៀត ការ​ដាក់​ឱ្យ​ដំណើរការ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ ព្រះ​ស្រី​ឦសាន​វរ្ម័ន (​ស​.​ស​.​រ​) នៅ​រាជធានី​ភ្នំពេញ និង​គម្រោង​ដំណើរការ​សារមន្ទីរ ស​.​ស​.​រ ខេត្តបាត់ដំបង និង​ខេត្តកំពត នា​ពេល​ខាង​មុខ គឺជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ​៕ អត្ថបទសហការ

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>