រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីកន្លងទៅនេះ ពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិន វ័យក្មេងកម្ពុជា (YEAC) អាណត្តិទី ៧ ត្រូវបានរៀបចំឡើងរួមជាមួយទិវាសហគ្រិនភាពកម្ពុជា ២០២៦ ។

ឯកឧត្តម ប៉ិច បូឡែន បានចូលរួមចាប់តាំងពីជាសមាជិកស្ថាបនិក ក្នុងឆ្នាំ ២០០៩ ពេលដែលក្រុមសហគ្រិន វ័យក្មេងមកពីវិស័យធុរកិច្ចផ្សេងៗ បានរួមគ្នាបង្កើតសមាគមនេះ ។ បន្ទាប់មក ឯកឧត្តម បានបម្រើការជាអនុប្រធានប្រតិបត្តិ រហូតក្លាយជាប្រធានសមាគម ។ ក្នុងរយៈពេលនោះ លោកបានចូលរួមបណ្តុះបណ្តាលសហគ្រិនថ្មីៗដោយផ្ទាល់ តាមរយៈកម្មវិធីសហគ្រិនវ័យក្មេង (Junior Entrepreneurship Program) ។ ឯកឧត្តម ក៏បានជំរុញភាពជាដៃគូជាមួយស្ថាប័នវិនិយោគ ដើម្បីភ្ជាប់សមាជិកទៅកាន់វិនិយោគិន និងដៃគូធុរកិច្ចអន្តរជាតិផងដែរ ។

ដោយការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដំណើររបស់លោកជាមួយ YEAC បានបន្សល់នូវសមិទ្ធផលលេចធ្លោជាច្រើន ។ តួយ៉ាងក្នុងឆ្នាំ ២០២២ YEAC គឺជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ហើយបានធ្វើជាម្ចាស់ផ្ទះមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី ៧ នៅទីក្រុងភ្នំពេញ ក្រោមប្រធានបទ «Rise Stronger Together»។ ក្នុងឆ្នាំ ២០២៤ សមាគមបានប្រារព្ធខួបលើកទី ១៥ ហើយក្នុងឆ្នាំ ២០២៥ សមាគមបានដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ ២០៣០ ដើម្បីកំណត់ផ្លូវសម្រាប់ដំណាក់កាលបន្ទាប់។ បណ្តាញរបស់ YEAC ក៏បានរីកធំឡើងៗ ដោយមានសាខាចំនួន ៨ គ្របដណ្តប់ដល់ចំនួន ១០ ខេត្ត និងមានសមាជិកកើនឡើងដល់ជាង ៦០០រូប។ សមាគមក៏បានបើកទ្វារទទួលអាជីវកម្មក្រៅប្រព័ន្ធ និង Start up ជាសមាជិក ស្របតាមគោល នយោបាយរាជរដ្ឋាភិបាល ។

ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងទិវាសហគ្រិនភាពកម្ពុជា ២០២៦ ពិសេស ឧកញ៉ា ស គីណាល់ ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) អាណត្តិថ្មី ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឧកញ៉ា ប៉ិច បូឡែន អតីតប្រធាន YEAC, ថ្នាក់ដឹកនាំគ្រប់អាណត្តិ ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលបានរួមគ្នាខិតខំបំពេញបេសកកម្មគាំទ្រ និងលើកកម្ពស់សហគ្រិនវ័យក្មេងកម្ពុជា តាំងពីឆ្នាំ ២០០ ៩មក ព្រមទាំងការរួមចំណែកក្នុងកិច្ចការសង្គម និងការអភិវឌ្ឍជាតិ ។ ឯកឧត្តម ជូនពរ YEAC សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត និងបន្តចូលរួមចំណែកក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល តាមរយៈការលើកស្ទួយធុរកិច្ច ឱកាសវិនិយោគ បំផុសចលនាកិច្ចការសង្គម ព្រមទាំងបន្តជ្រោមជ្រែងសហគ្រិនវ័យក្មេង និងយុវជនវ័យក្មេង សំដៅជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ