ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Les Cités Associées របស់​បារាំង​ចាប់​ដៃគូ​ជាមួយ អូ​ស៊ី​អាយ​ស៊ី (OCIC) ដើម្បី​បង្កើត​គម្រោង​វប្បធម៌​នៅ​កម្ពុជា

5 ម៉ោង មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី (OCIC) ត្រូវ​បាន​ជ្រើសរើស​ដោយ​គម្រោង​អន្តរជាតិ​មួយ​ដែល​មានឈ្មោះ​ថា «Les Cités associées» ដែល​ដឹកនាំ​ដោយ​ស្ថាប័ន «Cité internationale de la langue française» និង​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ជាតិ (Centre des monuments nationaux) ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​វប្បធម៌​បារាំង​។ កម្មវិធី​នេះ​ភ្ជាប់​ស្ថាប័ន​វប្បធម៌​មក​ពី​ទ្វីប​ចំនួន​ប្រាំ ដើម្បី​បង្កើត​គម្រោង​ជុំវិញ​ភាសា និង​វប្បធម៌​ ។

គំនិត​ផ្តួចផ្តើម​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ឯកឧត្តម​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង (Emmanuel Macron) នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី (Francophonie) លើក​ទី ២០ កាលពី​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា​ ។ លោក Paul Rondin នាយក​នៃ​មជ្ឈមណ្ឌល «Cité Internationale de la langue française» បាន​ណែនាំ​អំពី​គម្រោង «Les Cités associées» នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​មួយ​ដែល​មានឈ្មោះ​ថា «Grand Debat» នៅ​ឯ​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (Village de la Francophonie) ដោយ​បាន​ប្រកាស​ថា OCIC គឺជា​សមាជិក​ស្ថាបនិក​មួយ ហើយ​មាន​គម្រោង​នានា​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ពុង ការ៉ូ​លី​ន និង​លោក Thierry Tea ​។

ក្នុង​ឱកាស​នោះ​ដែរ លោក Paul Rondin បាន​ប្រកាស​អំពី​គម្រោង​ដំបូង​គេ​ដែល​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ការ​បង្កើត «​សួន​ព្រះឥន្ទ្រ​» នៅ​ក្នុង​កោះ​ពេជ្រ ដែល​ជា​សួន​រុក្ខជាតិ និង​វប្បធម៌ មាន​ទំហំ​មួយ​ហិ​កតា ​។ រូបសំណាក​ព្រះឥន្ទ្រ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទេសភាព​នៃ​តំបន់​កោះ​ពេជ្រ ដែល​ជួយ​បន្ថែម​នូវ​បរិយាកាស​បែប​ធម្មជាតិ ភាព​ស្ងប់ស្ងាត់ សោភណភាព​បែប​សាសនា និង​អត្តសញ្ញាណ​វប្បធម៌​ ។ នៅ​ក្នុង​សួន​នេះ មាន​ដើម​ត្នោត​ខ្មែរ​ជា​ច្រើន​ដើម ហើយ​ថ្មី​ៗ​នេះ ក្រុមការងារ​របស់ OCIC និង Cité internationale បាន​រួម​គ្នា​ដាំ​ដើម​ត្នោត​ថ្មី​មួយ​ដើម​បន្ថែម​ទៀត ​។

ក្រុមហ៊ុន OCIC ទទួល​បន្ទុក​អភិវឌ្ឍ​គម្រោង​នេះ ដោយ​សហការ​ជាមួយ​ស្ថាប័ន Cité internationale de la langue française និង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា (Institut français du Cambodge) ជា​ពិសេស​លើ​ការ​រៀបចំ​ខ្លឹមសារ​ពិពណ៌នា ការ​បកស្រាយ ការ​ដាក់​ស្លាក​សម្គាល់ និង​ឯកសារ​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ ​។ លោក Paul Rondin បាន​មាន​ប្រសាសន៍​ថា​ ៖ «​ភាព​ចម្រុះ​នៃ​ភាសា​គឺជា​ចំណុចខ្លាំង​មួយ​។ ភាសា​ជា​កត្តា​ជំរុញ​ឱ្យ​មាន​សន្ទុះ​ផ្នែក​វប្បធម៌​ ។ យើង​កំពុង​បន្ត​ជំរុញ​គម្រោង​នេះ​ទៅ​មុខ ហើយ​គម្រោង​នេះ​នឹង​លេច​ចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ ។ នេះ​ជា​គម្រោង​ដែល​មាន​អត្ថន័យ និង​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​យើង​»​ ។

សួន​ព្រះ​ឥន្ទ ​៖ គម្រោង​ដំបូង​នៅ​រាជធានី​ភ្នំពេញ ៖ នៅ​ឯ​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (Village de la Francophonie) លោក Thierry Tea អនុប្រធាន​ក្រុមហ៊ុន OCIC ដែល​បាន​ដឹកនាំ​ការ​ផ្លាស់​ប្តូរ និង​រៀបចំ​ទិស​ដៅ​ថ្មី​សម្រាប់​តំបន់​កោះ​ពេជ្រ​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ រហូត​ធ្វើ​ឱ្យ​តំបន់​នេះ​មានកា​រវិ​វត្ត​កាន់តែ​ពេញលេញ បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​បាន​ចាប់ផ្តើម​ការ​ផ្លាស់​ប្តូរ​នៅ​ចំ​កណ្តាល​កោះ​ពេជ្រ តាម​រយៈ​ការ​អភិវឌ្ឍ​ឡើង​វិញ​នូវ​តំបន់​ជុំវិញ​សាល​បុរី​កោះ​ពេជ្រ​កោះ​ពេជ្រ​។ គម្រោង​ដែល​មាន​ទំហំ ៦ ហិ​កតា​នេះ នឹង​រួម​បញ្ចូល​នូវ «​សួន​ព្រះឥន្ទ្រ​» ទំហំ ១ ហិ​កតា ដែល​គ្រោង​នឹង​លេច​រូបរាង​ឡើង​នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ ២០២៧ ដោយ​ប្រមូលផ្តុំ​រុក្ខជាតិ​មក​ពី​ប្រទេស​កម្ពុជា និង​ជុំវិញ​ពិភពលោក​» ​។

លោក Thierry Tea បាន​បន្ថែម​ថា ​៖ «​យើង​មាន​កិត្តិយស​ណាស់​ដែល​បាន​លើកយក​ផ្នែក​ខ្លះ​នៃ​រឿងរ៉ាវ​វប្បធម៌​បុរាណ​របស់​កម្ពុជា​មក​បង្ហាញ និង​ចែករំលែក​ជូន​ភ្ញៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក ​។ យើង​រីករាយ​ដែល​ពួក​គេ​នឹង​អាច​ស្វែង​យល់​អំពី​ប្រភេទ​រុក្ខជាតិ​ផ្សេង​ៗ​គ្នា តាម​រយៈ​ព័ត៌មាន​ដែល​ផ្តល់​ជូន​ជា​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស ព្រមទាំង​បាន​ទស្សនា​ស្នាដៃ​សិល្បៈ​ដែល​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​ដំណាក់កាល​ផ្សេង​ៗ​គ្នា ​។ ទី​នេះ​នឹង​ក្លាយជា​កន្លែង​ដ៏​ស្ងប់ស្ងាត់ ដែល​អនុញ្ញាត​ឱ្យ​អ្នក​មក​ទស្សនា​អាច​ដើរ​កម្សាន្ត​ដោយ​រីករាយ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ធម្មជាតិ នៅ​ចំ​កណ្តាល​ទីក្រុង ​។ កិច្ចសហការ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង ក្នុង​ការ​ថែរក្សា​តំបន់​វប្បធម៌​ទាំងនេះ ដើម្បី​ឱ្យ​ភ្ញៀវ​អន្តរជាតិ ក៏​ដូច​ជា​យុវជន​កម្ពុជា​ជំនាន់​ក្រោយ បាន​ស្វែង​យល់ រៀនសូត្រ និង​ចង​ចាំ​» ​។

សួន​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម «​ព្រះឥន្ទ្រ​» ហើយ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​សួនច្បារ​នៃ​សាល​បុរី​កោះ​ពេជ្រ ​។ សួន​នេះ​នឹង​មាន​ដាក់​តាំង​ស្នាដៃ​សិល្បៈ​ដែល​ទទួល​បានការ​បំផុសគំនិត​ពី​ប្រវត្តិ​របស់​សម្តេចព្រះរៀម នរោត្តម បុប្ផា​ទេវី និង​សាលា​របាំ​របស់​ព្រះ​អង្គ ដោយ​បង្ហាញ​ពី​ដំណើររឿង​របស់​តួអង្គ​សំខាន់​ៗ រួម​មាន ទេពអប្សរ​, ហនុមាន និង​ការ​រំឭក​ដល់​ព្រះមហាក្សត្រ ព្រះបាទ ជ័យ​វរ្ម័ន​ទី ៧ ដែល​ជា​ក្សត្រ​ដែល​បាន​លើក​ស្ទួយ​អាណាចក្រ​ខ្មែរ​នា​សម័យ​អង្គរ ​។

ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូ​លី​ន អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន OCIC បាន​មាន​ប្រសាសន៍​ថា ​៖ «​នៅ​ពេល​ដែល​រាជធានី​ភ្នំពេញ​កាន់តែ​រីក​ចម្រើន យើង​ចាំបាច់​ត្រូវ​រក្សា​ឱ្យ​វប្បធម៌​របស់​យើង​នៅ​តែ​រស់​រវើក ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​ជាមួយ​ឫសគល់ និង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ។ សួន​ព្រះឥន្ទ្រ​នឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ស្វែង​យល់​ពី​រុក្ខជាតិ និង​បេតិកភណ្ឌ​ខ្មែរ ខណៈ​ដែល​អង្គការ Les Cités associées នឹង​ជួយ​ត​ភ្ជាប់​គម្រោង​នេះ ទៅ​កាន់​ស្ថាប័ន​នានា​នៅ​ក្នុង​បណ្តា​ប្រទេស​ហ្វ្រ​ង់​កូ​ហ្វូ​ន (Francophonie) ផង​ដែរ​ ។​»

បណ្តាញ​មួយ​ដែល​ត​ភ្ជាប់​ស្ថាប័ន​នានា​នៅ​ទូ​ទាំង​ទ្វីប​ទាំង​ប្រាំ
Les Cités associées ប្រើ​ភាសា​បារាំង​ជា​ភាសា​ចែករំលែក ខណៈ​ពេល​ដែល​លើកទឹកចិត្ត​ឱ្យ​មានការ​សន្ទនា​ជាមួយ​ភាសា និង​វប្បធម៌​ផ្សេង​ទៀត​។ សមាជិក​ស្ថាបនិក​នៃ​បណ្ដាញ​នេះ​គឺ ​៖
●​ ​អាស៊ី​៖ អូ​ស៊ី​អាយ​ស៊ី (OCIC) ភ្នំពេញ កម្ពុជា
●​ ​អឺរ៉ុប​៖ Cité internationale de la langue française, Villers-Cotterêts, ប្រទេស​បារាំង
●​ ​អា​មេ​រិ​ក​ខាងត្បូង​៖ Museu da Língua Portuguesa, São Paulo, ប្រទេស​ប្រេ​ស៊ី​ល
●​ ​អា​មេ​រិ​ក​ខាងជើង​៖ Maison de la chanson និង de la musique du Québec, Montreal, ប្រទេស​កា​ណា​ដា
●​ ​អាហ្វ្រិក​៖ Musée du Livre, Conakry, ប្រទេស​ហ្គី​ណេ
●​ ​អូ​សេ​អា​នី​៖ សាលា​ភាសា និង​វប្បធម៌ សាកលវិទ្យាល័យ Queensland, ប្រទេស​អូស្ត្រាលី
តាម​រយៈ​សមាគម Les Cités ក្រុម​នឹង​ធ្វើការ​ជាមួយ​ក្រសួង​វប្បធម៌​បារាំង និង​ស្ថាប័ន​បារាំង និង​អន្តរជាតិ​ផ្សេង​ទៀត ដើម្បី​បង្កើត​គំនិត​ផ្តួចផ្តើម​វប្បធម៌​ថ្មី​ៗ​នៅ​កម្ពុជា​ ៕ អត្ថបទសហការ