រាជធានីភ្នំពេញ ៖ តំណាងភាគីនិយោជក និងសហជីព បានលើកឡើងថា ជីវភាពរបស់កម្មករនិយោជិត នាពេលបច្ចុប្បន្នមានលក្ខណសមរម្យ និងធូរធារជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ លើការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដល់កម្មករនិយោជិត ។ ទន្ទឹមនេះ ការដំឡើងប្រាក់ឈ្នួលអប្បបរមា សមស្របជាមួយផលិតភាពក្នុងស្រុកនេះ អាចរក្សាបានទាំងស្ថិរភាព នៃការវិនិយោគនៅក្នុងស្រុក និងការប្រកួតប្រជែង នៅលើទីផ្សារអន្តរជាតិ ។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានគូសបញ្ជាក់ថា ទាំងប្រាក់ឈ្នួលអប្បបរមា ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច សម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារក្នុងមួយខែ បូកបន្ថែមអត្ថប្រយោជន៍នានា និងការធ្វើការថែមម៉ោងទៀតនោះ ធ្វើឱ្យកម្មករនិយោជិតក្នុងម្នាក់ៗ ទទួលបានចំណូលប្រចាំខែ ប្រមាណជា៣៦០ដុល្លារ ។ ក្នុងនោះ កម្មករនិយោជិតដែលមានជំនាញវិញគឺទទួលបានប្រាក់ចំណូលប្រមាណ ៦០០ ទៅ៧០០ ដុល្លារ ។
ប្រធានសហភាពសិទ្ធិកម្មករកម្ពុជារូបនេះ បានគូសបញ្ជាក់បន្ថែមថា ក្រៅតែប្រាក់ចំណូលប្រចាំខែរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលបានដាក់ចេញនូវ សំណាញ់គាំពារសង្គមដល់បងប្អូនកម្មករនិយោជិត ដូចជាការប្រើប្រាស់បណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ រួមទាំងគោលនយោបាយមិនឱ្យឡើងថ្លៃទំនិញ ទឹកភ្លើង និងផ្ទះជួលសម្រាប់ពួកគេជាដើម ។ ដែលទាំងនេះ ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិបានគិតគូរ និងបន្តយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ជីវភាពកម្មករនិយោជិត ។
ស្របពេលដែលកម្មករនិយោជិត ទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងវិស័យនេះផងដែរ ប្រធានសហជីពរូបនេះ មើលឃើញថា ជីវភាពរបស់កម្មករនិយោជិតនាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងមុនច្រើន ពោលគឺរស់នៅក្នុងជីវភាពសមរម្យ ។ បើតាមការសង្កេតរបស់លោកផ្ទាល់ គ្រួសារដែលមានសមាជិក ជាអ្នកធ្វើការនៅក្នុងរោងចក្រភាគច្រើន មានមធ្យោបាយធ្វើដំណើរសម្រាប់គ្រួសារ មានផ្ទះស្នាក់នៅសមរម្យ និងមានសម្ភារៈប្រើប្រាស់ល្អៗ ដែលធ្វើឱ្យការរស់នៅរបស់ពួកគេ មានភាពខុសប្លែកជាងពេលមុនៗ ស្ទើរតែទាំងស្រុង ។
ទន្ទឹមនឹងនេះ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមា ដែលបានអនុម័ត សម្រាប់ឆ្នាំ២០២៥ បានធ្វើឡើងដោយមានការគិតគូរច្បាស់លាស់ ផ្អែកលើសេដ្ឋកិច្ចជាតិ និងសកលលោក និងមានការចូលរួមចរចាពីត្រីភាគី ធ្វើយ៉ាងណាប្រាក់ឈ្នួលអប្បបរមា ដែលបានដាក់ចេញ ត្រូវតែធានាឱ្យបាននូវស្ថិរភាពសេដ្ឋកិច្ច ផលិតភាពក្នុងស្រុក និងជីវភាពរបស់បងប្អូនកម្មករនិយោជិត ជាពិសេសរក្សាបាននូវការប្រកួតប្រជែងទីផ្សារអន្តរជាតិ ជាមួយបណ្តាប្រទេសដែលមានកម្រិតវិនិយោគ ដូចប្រទេសកម្ពុជាផងដែរ ។
លោកអគ្គលេខាធិការរង នៃសមាគមវាយនភណ្ឌបន្ថែមថា ជាគោលការណ៍អន្តរជាតិ ដើម្បីធ្វើឱ្យការរស់នៅរបស់ពលរដ្ឋ មានលក្ខណសមរម្យ គេត្រូវគិតគូរពីថ្លៃនៃការរស់នៅ (cost of living) ពោលគឺកំណត់ថ្លៃលើមុខទំនិញ និងសេវាមួយចំនួន នៅក្នុងប្រទេស ថាតើការចំណាយរបស់ពលរដ្ឋអស់ប៉ុន្មានក្នុងមួយខែ? ក្នុងនោះ ប្រសិនបើពលរដ្ឋចំណាយអស់១០០ ដុល្លារក្នុងមួយខែ ហើយចំណូលរបស់ពលរដ្ឋក្រោម ១០០ដុល្លារ នោះពួកគេកំពុងរស់នៅក្នុងបន្ទាត់ក្រីក្រ ដូច្នេះហើយការចរចារប្រាក់ឈ្នួលរបស់កម្ពុជា សម្រាប់កម្មករក៏ដូចគ្នាដែរ គឺត្រូវបានគិតគូរឱ្យផុតពីបន្ទាត់ក្រីក្រ របស់កម្មករនិយោជិតជាចាំបាច់បំផុត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ