ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ក្រសួង​ប្រៃសណីយ៍កម្ពុជា និង​ក្រសួង​បច្ចេកវិទ្យា​គមនាគមន៍ នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ប្រកាសពី វឌ្ឍនភាព​នៃ​កិច្ច​សហ​-​ប្រតិបត្តិការ​រវាង​ក្រសួង​ពីរ

4 ម៉ោង មុន

ខេត្តសៀមរាប៖ នា​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) នៃ​ព្រះរាជាណាចក្រ​កម្ពុជា…


ខេត្តសៀមរាប៖ នា​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម Ivan John E. Uy រដ្ឋមន្ត្រីក្រសួង​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ស្ដី​ពី “​វឌ្ឍនភាព​នៃ​កិច្ច​សហ​-​ប្រតិបត្តិការ​រវាង​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​”​ ។

នៅ​ក្នុង​ពិធី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក​.​ប​.​ទ​. បាន​ជម្រាប​ជូន​អ្នក​សារព័ត៌មាន​អំពី​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង ក​.​ប​.​ទ​. និង​ក្រសួង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ក្នុង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ទៅ​វិញ​ទៅ​មក​ ដើម្បី​ជំរុញ​ល្បឿន​នៃ​ការ​ធ្វើ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌី​ជី​ថ​ល ​របស់​ប្រទេស​ទាំង​ពីរ ជា​ពិសេស នៅ​ថ្ងៃនេះ​គឺ​អ្នកបច្ចេកទេស​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធ​និង​ធ្វើការ​ផ្ទេរ​បច្ចេកវិទ្យា​រវាង​ប្រទេស​ទាំង​ពីរ​នូវ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ចំនួន​២ គឺ ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh របស់​កម្ពុជា​និង​កម្មវិធី eGov SuperApp របស់​ហ្វី​លី​ពី​ន ដែល​គ្រោង​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ ​។

ឯកឧត្តម​រដ្ឋមន្ត្រី ក​.​ប​.​ទ​. ទទួលស្គាល់ និង​អបអរសាទរ​ ចំពោះ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ​នូវ​វឌ្ឍនភាព​និង​ភាព​ជោគជ័យ​ ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី eGov SuperApp ដែល​ជា​កម្មវិធី​ដ៏​មាន​សក្តានុពល​មួយ ​ដោយ​រួម​បញ្ចូល​នូវ​សេវា​សាធារណៈ​ទាំងអស់​ ដែល​កំពុង​ផ្ដល់​ដោយ​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក​.​ប​.​ទ​. ក៏​បាន​គូសបញ្ជាក់​អំពី​ភាព​ខ្លាំង​នៃ​កម្មវិធី eGov SuperApp របស់​ហ្វី​លី​ពី​ន ថា​បច្ចេកវិទ្យា បទ​ពិសោធ និង​លក្ខណៈ​ពិសេស​នៃ​កម្មវិធី​នេះ នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី DG SuperApp របស់​កម្ពុជា ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា កិច្ច​សហ​-​ប្រតិបត្តិការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ក្នុង​ការ​ផ្ទេរ​បច្ចេកវិទ្យា​និង​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មាន​សារៈសំខាន់​ណាស់ ព្រោះ​កិច្ច​សហ​ប្រតិបត្តិ​នេះ​នឹង​ធ្វើ​ឱ្យ (១) ល្បឿន​នៃ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​នឹង​លឿន​ជាង​មុន (២) ប្រទេស​ទាំង​ពីរ​មាន​មូលដ្ឋាន​កាន់តែ​រឹង​មាំ​ក្នុង​សម្រេចចិត្ត​ជ្រើសរើស​បច្ចេកវិទ្យា​ដែល​ត្រឹមត្រូវ​ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ឌី​ជី​ថ​ល ផ្អែក​តាម​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រទះ​កន្លង​មក​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា និង (៣) ចំណង​ការទូត​រវាង​កម្ពុជា​និង​ហ្វី​លី​ពី​ន​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​មួយ​កម្រិត​ទៀត​ផង​ដែរ​ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ឯកឧត្តម Ivan John E. Uy រដ្ឋមន្ត្រីក្រសួង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន បាន​លើក​ឡើង​អំពី​អត្ថប្រយោជន៍​ការ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.ph សម្រាប់​ហ្វី​លី​ពី​ន ដើម្បី​លុប​បំបាត់​ការ​ក្លែងបន្លំ​ឯកសារ​នានា ​ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​សាធារណរដ្ឋ​ហ្វី​លី​ពី​ន និង​ផ្តល់​ភាព​ងាយស្រួល​ ដល់​ប្រជាជន​ក្នុង​ការ​យក​ទៅ​ប្រើប្រាស់ ​។ ឯកឧត្តម Ivan John E. Uy បាន​បន្ត​ទៀត​ថា ហ្វី​លី​ពី​ន​បាន​ពិនិត្យ​ឃើញ​អំពី​ភាព​លេចធ្លោ​នៃ​ថ្នាល verify.gov របស់​កម្ពុជា​ដែល​អាច​ដាក់​ឱ្យ​ប្រើប្រាស់ ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ឯកសារ រួម​មាន​ជា​អាទិ៍ អត្តសញ្ញាណ​បណ្ណ​ពលរដ្ឋ​ហ្វី​លី​ពី​ន ឯកសារ​អត្រានុកូលដ្ឋាន ​ដែល​រួម​មាន សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ និង​សំបុត្រ​មរណភាព បណ្ណ​បើកបរ ព្រមទាំង​សញ្ញាបត្រ​របស់​សិស្ស និស្សិត នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​។

ឯកឧត្តម​រដ្ឋមន្ត្រី Ivan John E. Uy បាន​បន្ត​លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​រវាង ក​.​ប​.​ទ​. នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​បច្ចេកវិទ្យាគមនាគមន៍​ និង​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន បង្កើត​ឱ្យ​មាន​មូលដ្ឋាន​គ្រឹះ ​សម្រាប់​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល ការ​កសាង​សមត្ថភាព និង​ការ​ជ្រើសរើស​ឱ្យ​បាន​ត្រឹមត្រូវ ​នៃ​ដំណោះស្រាយ​ឌី​ជី​ថ​ល​ ដែល​នឹង​ត្រូវ​ប្រើប្រាស់​ សម្រាប់​ការ​ធ្វើ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌី​ជី​ថ​ល ហើយ​កិច្ច​សហប្រតិបត្តិការ​ទាំងនេះ​ ក៏​បាន​បង្ហាញ​អំពី​ជំហរ​និង​ការ​តាំងចិត្ត​ របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌី​ជី​ថ​ល ​ផង​ដែរ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​សម្រេច​ឱ្យ​បាន​ជោគជ័យ​នូវ​ការ​ផ្ទេរ​បច្ចេកវិទ្យា​នៃ​ការ​អភិវឌ្ឍ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​រាជរដ្ឋាភិបាល verify.gov.kh និង eGov SuperApp រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ជំនួប​លើក​នេះ ក្រសួង​ទាំង​ពីរ​បាន​រៀបចំ​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ស៊ីជម្រៅ​ដែល​អាច​ឱ្យ​ក្រុមការងារ​បច្ចេកទេស ​របស់​ក្រសួង​ទាំង​ពីរ​សហការ ​ក្នុង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​វិញ​ទៅ​មក ហើយ​នៅ​ក្នុង​ដំណាក់កាល​សាកល្បង​នេះ (Staging) ក្រុមការងារ​បច្ចេកទេស​នៃ ក​.​ប​.​ទ​. បាន​ផ្ទេរ​បច្ចេកវិទ្យា ​ដល់​ក្រុមការងារ​បច្ចេកទេស ​នៃ​ក្រសួង​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ក្នុង​ការ​ដាក់​បញ្ចូល QR Code ស្ដង់ដា ដែល​អាច​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​បាន​តាម​រយៈ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.ph (Staging) នៅ​លើ​ឯកសារ ២ ប្រភេទ​ជា​ជំហាន​ដំបូង គឺ (១) អត្តសញ្ញាណ​បណ្ណ​ពលរដ្ឋ​ហ្វី​លី​ពី​ន និង (២) សញ្ញាបត្រ​របស់​សិស្ស និស្សិត នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​។ ជាមួយ​គ្នា​នេះ ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន បាន​ធ្វើការ​បង្ហាញ​ផ្ទាល់ (Live Demonstration-Staging) នៃ​កម្មវិធី eGov SuperApp របស់​ហ្វី​លី​ពី​ន​និង​ពិភាក្សា​លម្អិត​អំពី​លក្ខណៈ​បច្ចេកទេស​សំខាន់​ៗ​ដែល​មាននៅ​ក្នុង​កម្មវិធី eGov SuperApp ដែល​អាច​ឱ្យ​កម្ពុជា​ដកស្រង់​បទ​ពិសោធ​ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​អភិវឌ្ឍ​កម្មវិធី DG SuperApp របស់​ខ្លួន​ផង​ដែរ​ ។

ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ទាំង​ពីរ បាន​បញ្ជាក់​អំពី​ជំហរ​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​នៃ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​រាជរដ្ឋាភិបាល verify.gov របស់​កម្ពុជា និង​កម្មវិធី eGov SuperApp របស់​ហ្វី​លី​ពី​ន ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដែល​ចាប់អារម្មណ៍​មក​លើ​ថ្នាល​នេះ​ ។

សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh គឺជា​ថ្នាល​របស់​រាជរដ្ឋាភិបាល ដែល​អភិវឌ្ឍ​ដោយ ក​.​ប​.​ទ​. និង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ក្នុង​គោលបំណង​លុប​បំបាត់​ការ​ក្លែងបន្លំ​ឯកសារ ផ្តល់​ភាព​ងាយស្រួល ក្នុង​ការ​ប្រើប្រាស់​និង​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ឯកសារ ផ្តល់​ទំនុកចិត្ត ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​ចំណាយ​នានា ព្រមទាំង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ស្រប​តាម​ឧត្ត​មា​នុ​វត្ត​ន៍​ជា​អន្តរជាតិ​។ ការ​ផ្ទៀងផ្ទាត់​ឯកសារ​នៅ​លើ​ថ្នាល verify.gov.kh ត្រូវធ្វើ​ឡើង​តាម​រយៈ​ ការ​ដាក់​បញ្ចូល QR Code ស្តង់ដា ដោយ​ប្រើ​បច្ចេកវិទ្យា​ប្លុក​ឆេ​ន (Blockchain) ដែល​មាន​សុវត្ថិភាព​ខ្ពស់​នៅ​លើ​សន្លឹក​នៃ​ឯកសារ​នីមួយ​ៗ​ ។ ទន្ទឹម​នឹង​នេះ ការ​ប្រើប្រាស់​ឯកសារ​ដែល​មាន​ដាក់​បញ្ចូល QR Code ស្តង់ដា​នេះ មិន​តម្រូវ​ឱ្យ​មានការ​ធ្វើ​នីត្យានុកូលកម្ម នៅ​លើ​ឯកសារ​ថតចម្លង​ក្នុង​ទម្រង់​ ជា​ក្រដាស​ឡើយ ​។ ចំណែកឯ​កម្មវិធី eGov SuperApp របស់​ហ្វី​លី​ពី​ន ជា​កម្មវិធី​ដែល​រួម​បញ្ចូល​ថ្នាល​ និង​កម្មវិធី​រដ្ឋាភិបាល​ពហុ​វិស័យ​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​តែ​មួយ ដែល​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ស្នើ​សុំ​សេវា​ពី​រដ្ឋាភិបាល​ ៕ អត្ថបទសហការ