រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងកែលម្អលក្ខខណ្ឌរស់នៅតាមសហមន៍ជនបទ លើផ្នែកអនាម័យនិងទឹកស្អាត ដែលជាកត្តាសំខាន់នៃ ការលើកកម្ពស់សុខភាព ដើម្បីជួយប្រជាពលរដ្ឋឱ្យមានសុខភាពល្អប្រសើរ តាមរយៈនៃការអនុវត្តបញ្ហាអនាម័យ ដើម្បីជៀសផុតពីជំងឺ ដង្កាត់ផ្សេងៗ ។

លោកជំទាវ ជា សិរី ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការរក្សាកុមារ លើកឡើងក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សា ស្នោ-ឃ្លៃ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៥ នេះថា ប្រទេសកម្ពុជា កំពុងសម្រេច បាននូវវឌ្ឍនភាពជាបណ្តើរៗ ប៉ុន្តែវឌ្ឍនភាពទាំងនេះពុំទាន់គ្រប់គ្រាន់ ដើម្បីបំពេញទៅតាមចំណុចដៅផ្នែកអនាម័យ និងទឹកស្អាតនៅ ឡើយ ។

ទោះបីជាប្រព័ន្ធទឹកស្អាតនិងអនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាតនិងអនាម័យ មានភាពល្អប្រសើរជាងមុនក៏ដោយ ក៏ កម្ពុជានៅមានអត្រាបន្ទោរបង់ពាសវាលពាសកាលខ្ពស់។ ទម្លាប់បែបនេះនៅបន្តជាបញ្ហាប្រឈមដ៏គ្រោះថ្នាក់មួយ ព្រោះថា វានាំឱ្យ មានការសាយភាយជំងឺយ៉ាងឆាប់រហ័ស និងធ្វើឱ្យកុមារ និងគ្រួសាររបស់ពួកគេ ប្រឈមនឹងហានិភ័យ ដែលនាំឲ្យប៉ះពាល់ដល់ការរស់ នៅជាប្រចាំថ្ងៃ ដូចជាការទៅសាលារៀន ឬការរកទទួលទាន និងការចាយវាយពាក់ព័ន្ធនឹងការព្យាបាលជាដើម ។

លោកជំទាវ បន្តថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើ វិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្នែកអនាម័យនិងទឹកស្អាត ជាអាទិភាព មួយ ជាមួយនឹងចក្ខុវិស័យជំរុញឲ្យមានការទទួលបានទឹកស្អាត និងសេវាអនាម័យជាសកល ឱ្យបានត្រឹមឆ្នាំ២០៣០ ។

ទាក់ទិនគម្រោងខាងលើនេះ, លោកជំទាវ ជា សិរី បានថ្លែងអំណរគុណ ពីដៃគូសហការ គាំទ្រឧបត្ថម្ភជាហិរញ្ញវត្ថុ ក្នុងការ កសាងអគារបន្ទប់ទឹកស្អាតនេះឡើង ព្រមទាំងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡា លោកស្រីនាយិកា លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារបន្ទប់ទឹកស្អាត មានចំនួន ១០ បន្ទប់, ក្នុងនោះ ៥ បន្ទប់ សម្រាប់កុមារី, ៤ បន្ទប់សម្រាប់កុមារា, និង ១ បន្ទប់ សម្រាប់កុមារ មានពិការភាព ដែលនេះគឺជាការចូលរួមលើកកម្ពស់បញ្ហាអនាម័យ គាំទ្រសុខមាលភាពកុមារ និងបង្កើនលទ្ធភាពទទួលបានសេវា អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន ប្រកបដោយសុវត្ថិភាព សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅក្នុងសាលា បឋមសិក្សាមួយនេះ ៕ អត្ថបទសហការ











ចែករំលែកព័តមាននេះ