ប៊ឺហ្គឺដ៏ល្បីល្បាញរបស់មេចុងភៅលំដាប់ពិភពលោក នឹងបង្ហាញខ្លួនជាលើកដំបូងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយនាំមកនូវបទពិសោធន៍នៃការទទួលទានអាហារដ៏ថ្មីប្លែក និងគួរឱ្យចាប់អារម្មណ៍មកកាន់រាជធានីមួយនេះ ។
រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន JS Group មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការបើកដំណើរការភោជនីយដ្ឋាន Gordon Ramsay Burger នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលជាសាខាដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ម៉ាកយីហោដ៏ល្បីល្បាញកម្រិតអន្តរជាតិមួយនេះ ។ ភោជនីយដ្ឋាននេះនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះនៅជាន់ទី ៤២ នៃអគារ JS TOWER ដែលទើបនឹងសម្ពោធថ្មីៗនេះ ដោយមានទីតាំងស្ថិតនៅជាន់លើបង្អស់នៃសណ្ឋាគារ Planet Hollywood ដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យតាមរយៈការរួមបញ្ចូលគ្នានូវគុណភាពម្ហូបអាហារដ៏ល្អឯក បទពិសោធន៍បដិសណ្ឋារកិច្ចដ៏រស់រវើក និងទស្សនីយភាពទីក្រុងដ៏ស្រស់ស្អាតពីលើអាកាស ។

បង្កើតដោយលោក Gordon Ramsay ដែលជាមេចុងភៅ និងជាបុគ្គលល្បីល្បាញលើកញ្ចក់ទូរទស្សន៍កម្រិតពិភពលោក ភោជនីយដ្ឋាន Gordon Ramsay Burger បានកសាងកេរ្តិ៍ឈ្មោះ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក តាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងប្លែកពីគេនៃប្រភេទអាហារដ៏ពេញនិយមមួយនេះ។ បន្ទាប់ពីបើកដំណើរការជាលើកដំបូងនៅ Planet Hollywood Resort & Casino ក្នុងទីក្រុង Las Vegas កាលពីឆ្នាំ ២០១២ មក ភោជនីយដ្ឋាន Gordon Ramsay Burger បានពង្រីកសាខារបស់ខ្លួនទៅកាន់ទីក្រុង Chicago, Boston, Vancouver និងប្រទេសកូរ៉េខាងត្បូង ។
នៅរាជធានីភ្នំពេញ អតិថិជននឹងមានឱកាសក្នុងការភ្លក់រសជាតិមុខម្ហូបដ៏ល្បីល្បាញប្រចាំភោជនីយដ្ឋាន រួមមានប៊ឺហ្គឺរ Hell’s Kitchen ដ៏ល្បីឈ្មោះ អមជាមួយនឹងម្ហូបបន្សំ ទឹកជ្រលក់ដែលផ្សំឡើងដោយផ្ទាល់ដៃ និងភេសជ្ជៈក្រឡុកដ៏ពិសេស ។ បញ្ជីមុខម្ហូបក៏នឹងមានបម្រើជូននូវប៊ឺហ្គឺរដែលមានរសជាតិបែបក្នុងស្រុក ដែលទទួលបានការបំផុសគំនិតពីដំណើរទស្សនកិច្ចរបស់លោក Gordon ជុំវិញប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីម្ហូបប្រពៃណីខ្មែរ និងគ្រឿងផ្សំក្នុងស្រុក ។ ការប្រកាសបើកដំណើរការភោជនីយដ្ឋាន Gordon Ramsay Burger នៅអគារ JS TOWER នេះនឹងក្លាយជាជំពូកថ្មីមួយនៃទំនាក់ទំនងរបស់លោកជាមួយនឹងប្រទេសកម្ពុជា ។

រចនាឡើងក្នុងទីតាំងដ៏ពិសេស ភោជនីយដ្ឋាន Gordon Ramsay Burger នៅអគារ JS TOWER នឹងមានកន្លែងទទួលទានអាហារក្នុងបរិយាកាសដ៏រស់រវើក បារដ៏ប្រណិតដែលមានបម្រើជូននូវស្រាក្រឡុក និងស្រាប្រណិតៗដែលរៀបចំជូនយ៉ាងជំនាញ ព្រមទាំងមានទីធ្លាខាងក្រៅដ៏ធំទូលាយដែលផ្តល់ជូននូវការគយគន់មើលទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញដែលកំពុងមានការអភិវឌ្ឍឥតឈប់ឈរពីលើអាកាស ។ នៅពេលថ្ងៃចាប់ផ្តើមលិច ភោជនីយដ្ឋាននេះនឹងក្លាយជាទីតាំងដ៏ពេញនិយមមួយនៅក្នុងរាជធានីភ្នំពេញសម្រាប់ការទស្សនាទេសភាពនាពេលថ្ងៃលិច ។
ការប្រកាសបើកដំណើរការនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន JS Group និងឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ខ្លួនក្នុងការនាំយកនូវបទពិសោធន៍ផ្នែកបដិសណ្ឋារកិច្ច និងរបៀបរស់នៅដែលទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិមកកាន់ប្រទេសកម្ពុជា ។ ខណៈដែលរាជធានីភ្នំពេញបន្តវិវត្តខ្លួនទៅជាគោលដៅដ៏រស់រវើកសម្រាប់ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ការមកដល់នៃភោជនីយដ្ឋាន Gordon Ramsay Burger គឺជាការចាប់ផ្តើមនៃជំពូកថ្មីដ៏គួរឱ្យរំភើបមួយសម្រាប់ទាំងក្រុមហ៊ុន JS Group និងប្រទេសកម្ពុជា ។

លោក Dato’ Jack Yap នាយកគ្រប់គ្រងនៃក្រុមហ៊ុន JS Group បានមានប្រសាសន៍ថា ៖ “យើងមានមោទកភាពយ៉ាងខ្លាំងក្នុងការប្រកាសពីការបើកដំណើរការភោជនីយដ្ឋាន Gordon Ramsay Burger ដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ។ សម្រាប់យើង ភាពជាដៃគូនេះមិនត្រឹមតែតំណាងឱ្យវត្តមាននៃម៉ាកយីហោភោជនីយដ្ឋានដ៏ល្បីល្បាញលំដាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងផងដែរនូវទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់យើងក្នុងការនាំយកបទពិសោធន៍នៃការទទួលទានអាហារ សេវាកម្មបដិសណ្ឋារកិច្ច និងរបៀបរស់នៅកម្រិតស្តង់ដារពិភពលោកមកកាន់ប្រទេសកម្ពុជា ។”
លោកបានបន្ថែមទៀតថា “ការសហការជាមួយលោក Gordon Ramsay និងក្រុមការងាររបស់គាត់ គឺជាឱកាសដ៏អស្ចារ្យមួយក្នុងការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងដែលមានទេពកោសល្យនៅកម្ពុជា ឱ្យទទួលបានការរៀនសូត្រពីអ្នកជំនាញកំពូលៗ និងមានមោទកភាពដែលបានក្លាយជាផ្នែកមួយនៃម៉ាកយីហោដែលទទួលបានការទទួលស្គាល់ជាសកល។ យើងមានគោលបំណងរួមគ្នាក្នុងការបញ្ចូលគ្នានូវជំនាញ និងបទពិសោធន៍លំដាប់អន្តរជាតិរបស់ម៉ាកយីហោនេះ ជាមួយនឹងភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អរបស់ក្រុមការងារកម្ពុជា ។”

សម្រាប់ព័ត៌មានបន្ថែម និងការវិវត្តថ្មីៗ សូមតាមដានពួកយើងនៅលើទំព័រ Facebook, Instagram, Tik Tok និង Telegram។
អំពីក្រុមហ៊ុន JS Group
ក្រុមហ៊ុន JS Group គឺជាសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅលើគ្រឹះនៃក្រុមហ៊ុន JS Land PLC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចុះបញ្ជីជាសាធារណៈ និងជាក្រុមហ៊ុនដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងនៅក្នុងរចនាសម្ព័ន្ធក្រុមហ៊ុន ។ នាពេលបច្ចុប្បន្ន រចនាសម្ព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុន បានគ្របដណ្តប់លើវិស័យអភិវឌ្ឍន៍អចលនទ្រព្យ បដិសណ្ឋារកិច្ច របៀបរស់នៅ សេវាកម្មអាជីវកម្ម និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ។ ដោយផ្អែកលើគោលការណ៍គ្រឹះនៃ ទំនុកចិត្ត ភាពបើកចំហ និងភាពជាដៃគូ ក្រុមហ៊ុន JS Group ប្តេជ្ញាចិត្តក្នុងការបង្កើតអាជីវកម្ម និងទីតាំងគោលដៅ ដើម្បីបង្កើតឱកាស ពង្រឹងកិច្ចសហប្រតិបត្តិការដៃគូរយៈពេលវែង និងចូលរួមចំណែកបង្កើតគុណតម្លៃប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា និងសហគមន៍មូលដ្ឋានរបស់ខ្លួន ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ