ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ជំនាញ​ផ្នែកសុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កម្ពុជា

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​ជា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​សាធារណរដ្ឋ​កូរ៉េ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​រសៀល​ថ្ងៃ​សុក្រ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ​ ៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​ជា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​សាធារណរដ្ឋ​កូរ៉េ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​រសៀល​ថ្ងៃ​សុក្រ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​និង​ឯកឧត្តម ផាក់ ចឹ​ង​អ៊ុ​ក (Park Jung-Wook) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, ឯកឧត្តម​បណ្ឌិត អាន់ ចុង​ជូ (Ahn Jong-Ju) ប្រធាន​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ (KOSHA) និង​លោក ណា​ម ហូ​ចេ (Nam Ho-Jae) តំណាង​ក្រសួង​មុខរបរ និង​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ​។

ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្នាក់ដឹកនាំ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង តំណាង​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​សមាគម​និយោជក និង​កម្មករនិយោជិត ព្រមទាំង​ដៃគូ​សហការ និង​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ សរុប​ចំនួន​ជាង ២០០​នាក់​។

ឯកឧត្តម ហេង សួរ បាន​ថ្លែង​ថា តាម​រយៈ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​ត្រូវ​បាន​ដាក់​សម្ពោធ​នា​ពេល​នេះ គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនាធិការ ក្នុង​ការ​បន្ត​លើកកម្ពស់​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០២៤-២០២៨ និង​ផែនការមេ​លើក​ទី​៣ ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ​ឆ្នាំ​២០២៣-២០២៧ សំដៅ​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​គឺ “​មាន​លក្ខខណ្ឌ​ការងារ​ល្អ និង​ភាព​សុខសាន្ត​នៅ​កន្លែងធ្វើការ​” និង “​គ្រប់កន្លែង​ធ្វើការ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ​ត្រឹមត្រូវ ដោយ​អនុលោម​ទៅ​តាម​បទដ្ឋាន​ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ​ជាតិ និង​អន្តរជាតិ ដើម្បី​បង្ការ​គ្រោះថ្នាក់​ការងារ​”​។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កត់សម្គាល់​ឃើញ​ថា​វិស័យ​សុវត្ថិភាព និង​សុខភាព​ការងារ បាន​និង​កំពុង​បន្ត​អភិវឌ្ឍ​នៅ​ក្នុង​កម្រិត​ថ្មី​មួយទៀត តាម​រយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​នឹង​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​របស់​និយោជក កម្មករនិយោជិត និង​កសាង​ធនធាន​ជំនាញ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជាក់ស្តែង មជ្ឈមណ្ឌល​នេះ មាន​បំពាក់​សម្ភារៈ និង​បរិក្ខា​ឧបទេស​ទំនើប​ៗ ដែល​ជា​ជំនួយ​ដល់​សិក្ខាកាម​សម្រាប់​ធ្វើការ​ពិសោធន៍​ផ្ទាល់ មិន​ត្រឹមតែ​មានការ​សិក្សា​លើ​ទ្រឹស្តី​តែ​មួយ​មុខ​នោះ​ទេ ដែល​នេះ​ជា​ចំនុច​ពិសេស​នៃ​មជ្ឈមណ្ឌល ដើម្បី​បង្កើន​ការ​យល់​ដឹង និង​កំណត់​បាន​នូវ​ហានិភ័យ​ដែល​អាច​នឹង​កើត​មាននៅ​ពេល​បំពេញការងារ ស្រប​ទៅ​នឹង​មុខ​វិជ្ជា​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​ជា​មុខ​វិជ្ជា​បែប​វិទ្យាសាស្ត្រ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​ការ​កោតសរសើរ និង​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​របស់​នាយកដ្ឋាន​ពេទ្យ​ការងារ និង​ការ​គាំទ្រ​របស់​ដៃគូ​អភិវឌ្ឍន៍​នានា​រួម​មាន ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​, ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ (KOSHA) និង​តួអង្គ​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​រៀបចំ និង​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​នេះ​ឱ្យ​លេច​ចេញ​ជា​រូបរាង​ឡើង​។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ​ក្រសួង​មុខរបរ និង​ការងារ និង​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ ដែល​បាន​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​បរិក្ខា​ដល់​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្ដិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ៕ អត្ថបទសហការ