ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាសជ័យ​លា​ភី «ពានរង្វាន់​ឌី​ជី​ថ​ល​កម្ពុជា​ឆ្នាំ ២០២៤»

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​រៀបចំ​ពី​ធី​ប្រកាស​ជ័យ​លា​ភី…

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​រៀបចំ​ពី​ធី​ប្រកាស​ជ័យ​លា​ភី «ពានរង្វាន់​ឌី​ជី​ថ​ល​កម្ពុជា​ឆ្នាំ​ ២០២៤» ក្រោម​ប្រធានបទ «គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដើម្បី​អនាគត​កាន់តែ​ល្អ​» រៀបចំ​ឡើងក្រោម​អធិបតី ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ​ន៍ និង​ទូរគមនាគមន៍ និង​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា ក្រសួង​ស្ថាប័ន ក្រុមហ៊ុន​ឯកជន ធុរកិច្ច​ថ្មី​ឌី​ជី​ថ​ល សហគ្រិន និង​អ្នកជំនាញ​បច្ចេកវិទ្យា​ជា​ច្រើន​រូប នៅ​សណ្ឋាគារ Hyatt Regency Phnom Penh ។

ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ​៖ «​កម្មវិធី​ពានរង្វាន់​ឌី​ជី​ថ​ល​កម្ពុជា ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ប្រកបដោយ​បរិ​យា​បន្ន ដោយ​លើកកម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​នវានុវត្តន៍​ឌី​ជី​ថ​ល​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ពានរង្វាន់ ដល់​ក្រសួង​ស្ថាប័ន ក្រុមហ៊ុន​ឯកជន និង​សហគ្រិន​»​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹង​សហការ​យ៉ាង​ជិត​ស្និទ្ធ ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ឱ្យ​សម្រេច​បាន​ជោគជ័យ ក្នុង​ការ​រៀបចំ​កម្មវិធី​នេះ ជា​ពិសេស​ថ្នាក់ដឹកនាំ​និង​អង្គភាព​ក្រោម​ឱវាទ​របស់ ក​.​ប​.​ទ​. ក្រុមហ៊ុន​ឧបត្ថម្ភ​កម្មវិធី ក្រុមការងារ​រៀបចំ​កម្មវិធី ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អបអរសាទរ​ និង​ប្រគល់​ពានរង្វាន់​ឌី​ជី​ថ​ល​កម្ពុជា​ឆ្នាំ ​២០២៤ ព្រមទាំង​លិខិត​សរសើរ ជូន​ដល់​ក្រុមហ៊ុន​ជ័យ​លា​ភី​ចំនួន​ ៥ ដែល​ត្រូវ​បាន​ជ្រើសរើស ក្នុង​ចំណោម​ក្រុមហ៊ុន​ដាក់​ពាក្យ​សរុប​ចំនួន ៦៤ ​ក្រុមហ៊ុន និង​ពានរង្វាន់​កិត្តិយស​ស្ត្រី​ឆ្នើម​បច្ចេកវិទ្យា​ប្រចាំឆ្នាំ ដល់​បេ​ក្ខ​នារី​ចំនួន ១ ​រូប ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ឯកជន​/​ក្រសួង​-​ស្ថាប័ន ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង ដោយ​មាន ៥ ប្រភេទ​ពានរង្វាន់ និង​ការ​ទទួលស្គាល់​ពិសេស សម្រាប់​ស្ត្រី​ឆ្នើម បច្ចេកវិទ្យា​ប្រចាំឆ្នាំ ​។

ជ័យ​លា​ភី​ទាំង ៦ ប្រភេទ​ពានរង្វាន់ និង​ប្រាក់​រង្វាន់​សម្រាប់​ជ័យ​លា​ភី នៅ​ឆ្នាំ​នេះ​រួម​មាន ​៖
១. ស្ថាប័នឯកជន​ល្អ​បំផុត​ប្រចាំឆ្នាំ (Private Sector of the Year) ជាមួយនឹង​ប្រាក់​រង្វាន់​ចំនួន 2,500 ដុល្លារ​អាម៉េរិក ត្រូវ​បាន​ផ្តល់​ជូន​ក្រុមហ៊ុន Wing Inter Logistics Technologies Co., Ltd សម្រាប់​ផលិតផល Wingagri ។

២. បរិ​យា​បន្ន​ឌី​ជី​ថ​ល​ល្អ​បំផុត​ប្រចាំឆ្នាំ (Best Digital Inclusion of the Year) ជាមួយនឹង​ប្រាក់​រង្វាន់​ចំនួន 2,500 ដុល្លារ​អាម៉េរិក ត្រូវ​បាន​ផ្តល់​ជូន​ក្រុមហ៊ុន Solar Green Energy (Cambodia) Co., Ltd សម្រាប់​ផលិតផល Solar Smart Irrigation System, Solar Irrigation Station​។

៣. មាតិកា​ឌី​ជី​ថ​ល​ល្អ​បំផុត​ប្រចាំឆ្នាំ (Best Digital Content of the Year) ជាមួយនឹង​ប្រាក់​រង្វាន់​ចំនួន 2,500 ដុល្លារ​អាម៉េរិក ត្រូវ​បាន​ផ្តល់​ជូន​ក្រុមហ៊ុន 606 Digital សម្រាប់​ផលិតផល Sampi TV​។

៤. ពានរង្វាន់​រដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​ថ្មី​ឌី​ជី​ថ​ល​ល្អ​បំផុត​ប្រចាំឆ្នាំ (Minister Startup of the Year) ជាមួយនឹង​ប្រាក់​រង្វាន់​ចំនួន 15,000 ដុល្លារ​អាម៉េរិក ត្រូវ​បាន​ផ្តល់​ជូន​ក្រុមហ៊ុន Jalat Logistics សម្រាប់​ផលិតផល Jalat Logistics​។

៥. ការ​ស្រាវជ្រាវ​និង​នវានុវត្តន៍​ឌី​ជី​ថ​ល​ល្អ​បំផុត​ប្រចាំឆ្នាំ (Best Digital Research and Innovation of the Year) ជាមួយនឹង​ប្រាក់​រង្វាន់​ចំនួន 7,500​ដុល្លារ​អាម៉េរិក ត្រូវ​បាន​ផ្តល់​ជូន​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា សម្រាប់​ផលិតផល Machine Translation for Khmer Braille​។

៦. ពានរង្វាន់​កិត្តិយស​ស្ត្រី​ឆ្នើម​បច្ចេកវិទ្យា​ប្រចាំឆ្នាំ (Women in Tech of the Year) ត្រូវ​បាន​ផ្តល់​ជូន លោកស្រី រស់ ពេជ្រ​ហេ​មី មក​ពី​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ​៕ អត្ថបទ​សហការ