ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​ពង្រីក​វិសាលភាព​ប្រកបដោយ​និរន្តរភាព និង​ដោយ​ទំនុកចិត្ត

3 ថ្ងៃ មុន

ខេត្ត​ត្បូងឃ្មុំ ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​បន្ត​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​របស់​ខ្លួន ប្រកបដោយ​និរន្តរភាព និង​ទំនុកចិត្ត និង​បាន​បន្ត អភិវឌ្ឍ​សេវា​ហិរញ្ញវត្ថុ​ថ្មី​ៗ ដើម្បី​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព មាន​កិច្ច​ការពារ…

ខេត្ត​ត្បូងឃ្មុំ ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​បន្ត​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​របស់​ខ្លួន ប្រកបដោយ​និរន្តរភាព និង​ទំនុកចិត្ត និង​បាន​បន្ត អភិវឌ្ឍ​សេវា​ហិរញ្ញវត្ថុ​ថ្មី​ៗ ដើម្បី​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព មាន​កិច្ច​ការពារ និង​ប្រកបដោយ​បរិ​យា​បន្ន ។

លោក អែម កំណាន់ អគ្គនាយករង​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដី​ពី “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​នៅ​ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ម្សិលមិញ​នេះ​ថា ជា​ច្រើន​ទស្សវត្សរ៍​កន្លង​ទៅ វិស័យ​មីក្រូ​ហិរញ្ញ វត្ថុ​នៅ​កម្ពុជា បាន​បង្ហាញ​ពី​កា​រវិ​វត្ត​និង​រីក​ចម្រើន​យ៉ាង​ខ្លាំង ហើយ​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ជំរុញ​កម្រិត​បរិ​យា​បន្ន​ហិរញ្ញវត្ថុ កាត់​បន្ថយ​វិសមភាព​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​កាត់​បន្ថយ​ភាព ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មូលដ្ឋាន​។

លោក បន្ត​ថា ទោះបី​យ៉ាងនេះ​ក្តី វិស័យ​នេះ​ក៏​កំពុង​ទទួល​រង​នូវ​ការ​ចោទប្រកាន់​មិន​មាន​មូលដ្ឋាន​ជាក់លាក់ និង​ការ​ព្រួយបារម្ភ ពី​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​ឥណទាន​ហួស​ពី​តម្រូវការ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​គ្រួសារ​ក្រីក្រ​ជាប់បំណុល លើសលប់ ការ​អនុវត្ត​សកម្មភាព​ប្រមូល​បំណុល​ដែល​មាន​លក្ខណៈ​គំរាមកំហែង និង​ការ​បង្ខំ​ឱ្យ​គ្រួសារ​ក្រីក្រ​កាត់​បន្ថយ​របប​អាហារ ឬ​លក់​ដីធ្លី ឬ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ ឬ​ជំរុញ​ឱ្យ​មានការ​បោះបង់​ការ​សិក្សា និង​ការ​ជិះជាន់​លើ​ពលកម្ម​កុមារ ដើម្បី​អាច​ទូទាត់ សង​ប្រាក់​។ បញ្ហា​ចម្បង​ៗ​ដែល​ជាដើម​ហេតុ​នៃ​ការ​ចោទប្រកាន់​ទាំងនេះ​រួម​មាន​៖ ការ​ផ្តល់​កម្ចី និង​សកម្មភាព​បញ្ចាំ​ខុសច្បាប់ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត​ទាប ការ​ឆក​ល្វែង​ក្នុង​ការ​អនុវត្ត​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ ក​ម្សា​យ​នៃ​ដំណើរការ​វាយតម្លៃ ក្នុង​ការ​ផ្តល់​ឥណទាន ការ​ផ្តល់​ឥណទាន​ដោយ​ផ្ដោត​តែ​លើ​ទ្រព្យ​បញ្ចាំ ការ​គិត​កម្រៃ​សេវា និង​ការ​ពិន័យ​ផ្សេង​ៗ​ក្នុង​កម្រិត​ខ្ពស់ និង​ការ​អនុវត្ត​ការងារ​របស់​បុគ្គលិក​គ្រឹះស្ថាន​ដោយ​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ជាដើម​។

លោក អែម កំណាន់ លើក​ឡើង​ថា បញ្ហា​នេះ ធនាគារជាតិ​នៃ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​សកម្មភាព​ជា​ច្រើន ដើម្បី​ជួយ​សម្រួល​បញ្ហា​ប្រឈម​នានា​ដែល​មាន​ក្នុង​ប្រព័ន្ធ​ធនាគារ​។ ជាក់ស្ដែង ធនាគារជាតិ​នៃ​កម្ពុជា បាន​និង​កំពុង​ពង្រឹង​ក្របខ័ណ្ឌ បទ​ប្បញ្ញត្តិ និង​ត្រួតពិនិត្យ​ធនាគារ ក្នុង​ទិស​ដៅ​ធានា​ឱ្យ​បាន​នូវ​ការ​ប្រកួតប្រជែង​ដែល​ស្មើភាព សុចរិត​ភាព តម្លាភាព និង​គិតគូរ​ដល់ អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​ការ​រីក​ចម្រើន​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ចីរភាព​និង​ការ​អភិវឌ្ឍ​។

ក្នុង​សិក្ខាសាលា​នេះ​ដែរ​, សុន្ទរកថា លោក​ជំទាវ ឌិ​ត នី​តា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លើក​ឡើង ផង​ដែ​ថា បញ្ហា​នេះ​សមាគម​បាន​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​សេវា​ឥណទាន​ក្រៅផ្លូវការ កិច្ចការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះពុម្ព​បញ្ជី​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផ្លូវការ រួច​ធ្វើការ​បែងចែក​សៀវភៅ ដល់ គ្រប់​អាជ្ញាធរ​មូលដ្ឋាន​ដែល​រួម​មាន​៖ មេឃុំ មេ​ភូមិ និង​ប៉ូ​លី​ស​ប៉ុស្តិ ដើម្បី​អាជ្ញាធរ​មូលដ្ឋាន​មាន មូលដ្ឋាន​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន បឋម ក៏​ដូច​ជា​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​នូវ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផ្លូវការ​ទាំងនោះ​។ ជាក់ស្តែង​វិស័យ​មីក្រូ​ហិរញ្ញ​នៅ​កម្ពុជា នៅ​តែ​បន្ត រក្សា​បាន​កំណើន និង​ស្ថិរភាព​តាម​រយៈ​ការ​ផ្តល់​សេវាកម្ម ប្រកបដោយ​បរិ​យា​បន្ន ជាមួយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​កិច្ច​ការពារ អតិថិជន ស្រប​តាម​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥ ៕ អត្ថបទសហការ