រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ៖ សមាគមឧកញ៉ាកម្ពុជា និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ការប្រើប្រាស់សេវាកម្មកម្មក្នុងការពិនិត្យសុខភាព និងការព្យាបាលជំងឺប្រកបដោយគុណភាព និងការផ្ដល់សេវាសុខាភិបាលកម្រិតស្ដង់ដារជាតិ និងអន្ដរជាតិនៅក្នុងប្រទេសកម្ពុជា ។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមឧកញ៉ាកម្ពុជា និងមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ លោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជាបានមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ នឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់សមាជិករបស់សមាគមតាមរយៈការផ្ដល់ជូននូវកាតបញ្ចុះតម្លៃទៅតាមកម្រិតនៃប្រភេទសេវាកម្មនីមួយៗ ។ លោកអ្នកឧកញ៉ាក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដ និងយកចិត្ដទុកដាក់ជាទីបំផុតក្នុងការផ្ដល់ និងបម្រើសេវាសុខាភិបាលកម្រិតស្ដង់ដារអន្ដរជាតិ និងគុណភាពខ្ពស់ដល់អ្នកជំងឺជាតិ និងអន្ដរជាតិនៅកម្ពុជា ។
លោកអ្នកឧកញ៉ាអនុប្រធានសមាគមក៏បានលើកទឹកចិត្ដ និងអញ្ជើញសមាជិក អាចសាកល្បងប្រើប្រាស់សេវាកម្មណាមួយរបស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ចាប់ពីថ្ងៃនេះតទៅ ដូចជាការពិគ្រោះយោបល់ ការពិនិត្យសុខភាព ឬការព្យាបាលជំងឺនានា ជាដើម។ លោកអ្នកឧកញ៉ាបានគូសបញ្ជាក់ថា ៖ «សុខភាព គឺជាទ្រព្យជាប់ប្រាណមួយ ដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប នៅក្នុងពិភពលោកនេះ ប៉ុន្ដែការជ្រើសរើសមន្ទីរពេទ្យដែលត្រឹមត្រូវ មានស្ដង់ដារ គុណភាពល្អ សេវាកម្មទាន់ចិត្ដ គ្រូពេទ្យមានក្រមសីលធម៌គឺរឹតតែសំខាន់» ។ បើតាមលោកអ្នកឧកញ៉ាអនុប្រធានសមាគមជឿជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ គឺជាជម្រើសថ្មីមួយទៀតសម្រាប់សមាជិកសមាគមជ្រើសរើស ដើម្បីពិនិត្យ និងព្យាបាលជំងឺរបស់ខ្លួន ។
លោកអ្នកឧកញ៉ា លី ហួរ បានបញ្ជាក់បន្ថែមថា មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ គឺជាមន្ទីរពេទ្យក្នុងស្រុកមួយដែលបាននិងកំពុងប្រើប្រាស់ឧបករណ៍ និងបរិក្ខារពេទ្យទំនើបៗ ទាន់សម័យ និងគុណភាពស្ដង់ដារអន្ដរជាតិ សេវាកម្មសម្បូរបែប តម្លៃសមរម្យជាមួយនឹងគ្រូពេទ្យដែលមានជំនាញ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យសុខាភិបាល ។ ដូច្នេះ ប្រជាពលរដ្ឋយើងមិនចាំបាច់ចំណាយថវិកា និងពេលវេលាក្នុងការចេញទៅព្យាបាលនៅក្រៅប្រទេសនោះទេ ដែលនេះគឺជាការគិតគូរមួយរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ជាពិសេសឆ្លើយតបទៅនឹងយុទ្ធសាស្ដ្ររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្ដិទី ៧ ក្នុងការផ្ដល់សេវាកម្ម ជម្រើសច្រើន និងគុណភាពសុខាភិបាលល្អ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ។
លោកអ្នកឧកញ៉ាបានថ្លែងឱ្យដឹងទៀតថា ការណ៍ដែលមានមន្ទីរពេទ្យកម្រិតស្ដង់ដារបែបនេះ គឺជាការជួយដោះស្រាយបញ្ហា សុខុមាលភាពរបស់ប្រជាជនកម្ពុជាតាមរយៈការទទួលបានសេវាកម្មពិគ្រោះ ពិនិត្យ ព្យាបាល និងថែទាំសុខភាពមានគុណភាពល្អ ជាមួយនឹងតម្លៃសមរម្យគឺជួយកាត់បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ ។
ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញបានថ្លែងថាការចុះអនុស្សរណៈនេះតំណាងឱ្យចក្ខុវិស័យរួមគ្នារវាងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងសមាគមឧកញ៉ាកម្ពុជា ដើម្បីលើកកម្ពស់សេវាថែទាំសុខភាព លើកកម្ពស់ការថែទាំបង្ការ និងលើកកម្ពស់សុខុមាលភាពទូទៅរបស់សហគមន៍ ។ លោកសាស្ដ្រាចារ្យបានលើកឡើងថា នេះជាកិត្តិយសដ៏ធំធេង ដែលលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបសុទ្ធសឹងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រកបដោយអត្ថន័យនេះ ខណៈដែលលោកមានក្តីរំពឹងថា តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងទទួលបាននូវអត្ថប្រយោជន៍ទៅវិញទៅមកជាពិសេសលើការថែទាំសុខុមាលភាពតាមរយៈការផ្តល់ជូននូវកញ្ចប់ Prime+ និង Prime packages ដែលជាជម្រើសល្អបំផុតមួយដោយហេតុថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បំពាក់ដោយបរិក្ខារទំនើបៗប្រកបដោយបច្ចេកវិទ្យាខ្ពស់ដូចជាម៉ាស៊ីន the state-of-the-art MRI 3 Tesla scanner ជាដើម។ លោកសាស្ដ្រាចារ្យបានថ្លែងបញ្ជាក់ថា មន្ទីរពេទ្យមានវេជ្ជបណ្ឌិត និងគ្រូពេទ្យដែលមានឯកទេសច្បាស់លាស់ក្នុងការពិនិត្យ តាមដាន និងព្យាបាលជំងឺដោយទទួលបានទំនុកចិត្តពីអតិថិជនជាច្រើននៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះទៅលើផ្នែកសង្គ្រោះបន្ទាន់ ជំងឺបេះដូង ផ្នែកឆ្អឹង និងការថែទាំមាតា និងទារកផងដែរ ។
លោកសាស្ដ្រាចារ្យបានឱ្យដឹងដែរថា ព្រឹត្តិការណ៍ថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ស្របពេលដែលមន្ទីរពេទ្យប្រារព្ធខួបគម្រប់ ១០ ឆ្នាំ នៃទំនាក់ទំនងដ៏មានមោទនភាពរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ជាមួយបណ្តាញមន្ទីរពេទ្យបាងកក ។ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញបានបន្ថែមទៀតថា ក្នុងថ្ងៃនេះដែរ ក៏មានការហោះហើរសាកល្បងនូវឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ ដែលបំពាក់ដោយឧបករណ៍បរិក្ខារទំនើប និងក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកការហោះហើរ ហើយនេះជាសក្ខីភាពថ្មីមួយទៀត នៃដំណើរការវិវត្តន៍នៃសេវាវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យ ដើម្បីជាតម្រូវការសង្គ្រោះបន្ទាន់ណាមួយជាយថាហេតុ ។ លោកសាស្ដ្រា ចារ្យក៏បានអះអាងថា ៖ «ពួកយើងនឹងដាក់ឱ្យមានការហោះហើរជាផ្លូវការសម្រាប់ឧទ្ធម្ភាគចក្រសង្គ្រោះផ្នែកវេជ្ជសាស្ត្រក្នុងពេលឆាប់ៗនេះ ដែលជាការសហការរវាងក្រុមហ៊ុន Helicopter Cambodia និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ» ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ