ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលា​បឋម​សិក្សា ​អ្នកឧកញ៉ាមហា​ភក្តី ហ៊ុន នាង ទួលទំពូង​ទី ២ ប្រារ​ព្ធពិធី​បើក​បវេសនកាល​ឆ្នាំ​ថ្មី ឆ្នាំសិក្សា ២០២៤-២០២៥

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សាលា​បឋម​សិក្សា ​អ្នកឧកញ៉ាមហា​ភក្តី ហ៊ុន នាង ទួល​ទំពូង​ទី ២ បាន​ប្រារ​ព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​ថ្មី ឆ្នាំ​សិក្សា…

រាជធានី​ភ្នំពេញ ៖ សាលា​បឋម​សិក្សា ​អ្នកឧកញ៉ាមហា​ភក្តី ហ៊ុន នាង ទួល​ទំពូង​ទី ២ បាន​ប្រារ​ព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​ថ្មី ឆ្នាំ​សិក្សា ២០២៤-២០២៥ នៅ​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ​ដោយ​មានការ​ចូលរួម​ពី​លោកនាយក​សាលា លោកគ្រូ​ ​អ្នកគ្រូ សិស្សានុសិស្ស និង​អាណាព្យាបាល​សិស្ស​យ៉ាងច្រើន​កុះករ ប្រកបដោយទឹកមុខសប្បាយរីករាយ ។

លោក ប៉ែន ពុធ​តារា នាយក​សាលា​បឋម​សិក្សា​ អ្នកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ទួល​ទំពូង​ទី ២ ​បាន​អាន​របាយការណ៍​បើក​បវេសនកាល ឆ្នាំ​សិក្សា ​២០២៤-២០២៥ នេះ​ថា ស្ថានភាព​ទូទៅ​របស់ សាលា​បឋម​សិក្សា​ អ្នកឧកញ៉ាមហា​ភក្តី ហ៊ុន នាង ទួល​ទំពូង​ទី ២ ក្នុង​ឆ្នាំ​សិក្សា ២០២៣ – ២០២៤ កន្លង​មក មាន​មន្ត្រី​បុគ្គលិក​សិក្សា​មាន​ចំនួន ៣២​នាក់​, ស្រី ២៦​នាក់ ។ មាន​ថ្នាក់រៀន​មាន​ចំនួន ២៤​ថ្នាក់​ក្នុង​នោះ​មាន​ម​ត្តេ​យ្យ ០១​ថ្នាក់ និង​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៦ មាន ២៣​ថ្នាក់ ។ សិស្ស​មាន​សរុប​ចំនួន ៨៥៧​នាក់​, ស្រី ៤០១​នាក់ ។ សិស្ស​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៦ បាន​ឡើង​ថ្នាក់​ចំនួន ៧៣៧​នាក់ ស្មើ ៩៤,៣៩% និង​សិស្ស​បាន​ឆ្លង​ភូមិ​សិក្សា​ទៅ​វិទ្យាល័យ​មាន​ចំនួន ១២៣​នាក់ ស្មើ​ ៩៣.១៨% ។

លោកនាយក បន្ត​ថា សមិទ្ធិ​ផល​សម្រេច​បាន​រួម​មាន ៖ កែ​លម្អ​បន្ទប់​ប្រជុំ និង​ធ្វើ​ពិ​ដាន​ពី​ម្នាងសិលា ត​បណ្តាញ​អគ្គិសនី បំពាក់​កង្ហារ សរុប​ថវិកា ៤,៣០០​ដុល្លារ ។ ទិញ​កៅអី​ជ័រ​សរុប ២៣០​គ្រឿង សរុប​ថវិកា ១,១៩៦​ដុល្លារ ។ រៀបចំ​ធ្វើ​សួន​ជីវចម្រុះ​អគារ (​ក​) ចាក់​ដី​ទន្លេ រៀប​ធ្វើ​សួន ធ្វើ​អាង​ចិញ្ចឹម​កង្កែប​សរុប​ថវិកា ១,០៥០​ដុល្លារ ។ ការ​ចំណាយ​លើ​ការ​ទិញ និង​ដាក់​ចំរឹង​ដែក​ក្នុង​សួន​ជីវចម្រុះ សរុប​ថវិកា ៤៥៦​ដុល្លារ ។ រៀបចំ​បន្ទប់​កុំព្យូទ័រ និង​ទិញ​កុំព្យូទ័រ​ចំនួន ២២​គ្រឿង សរុប​ថវិកា ៣,១០០​ដុល្លារ ។ សរុប​ទឹកប្រាក់​ចំណាយ​ទាំងអស់​ស្មើនឹង 20,902 ដុល្លារ​អា​មេ​រិ​ក ។

លោកនាយក​សាលា បន្ថែម​ទៀត​ថា ទិ​ដៅ​ឆ្នាំ​សិក្សា​ថ្មី ២០២៤ – ២០២៥ សាលា​បាន​លើក​ផែនការ​ដូច​តទៅ ៖ សាងសង់​កន្លែង​អាហារ​ដ្ឋា​ន​សម្រាប់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ដាក់​ដំបូល​ស័ង្កសី​អស់​ថវិកា ៦៥០០​ដុល្លារ ។ រៀបចំ​សាងសង់​នូវ​ក្រោម​អគារ (​គ​) បន្ទប់​ថ្មី​បន្ថែមចំនួន ៣​បន្ទប់​ទៀត ។ បន្ត​អភិវឌ្ឍន៍​សាលារៀន លើក​ស្ទួយ​វិស័យ​អប់រំ​ឱ្យ​បាន​ប្រសើរ​ឡើង​បន្ថែម​ទៀត ។ បន្ត​ប្រមូល​សិស្ស​ចូល​រៀន​ឱ្យ​បាន​ទាន់​ពេលវេលា ។ បន្ត​ប្រមូល​សិស្ស​ចូល​រៀន​ពីរ​វេន​ព្រឹក ល្ងាច ព្រឹក​រៀន​រដ្ឋ ល្ងាច​រៀន​បំប៉ន​បន្ថែម​លើ​មុខ​វិជ្ជា ភាសា​ខ្មែរ គណិត​វិទ្យា អង់គ្លេស កុំព្យូទ័រ ដោយប្រើប្រាស់មូលនិធិសហគមន៍ ។ កាត់​បន្ថយ​អត្រា​សិស្ស​បោះបង់ និង​សិស្ស​ត្រួតថ្នាក់ ។

បន្ត​ជួយ​លើ​ទឹកចិត្ត​សិស្ស​រៀន​ខ្សោយ និង​ជួប​ការ​លំបាក​គ្រប់​កម្រិត​ថ្នាក់ ។ អនុវត្ត​ការ​ប្រជុំ​បច្ចេកទេស​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ស​ប្តា​ហ៍​ទី ៤ ឱ្យ​បាន​ទៀងទាត់ ។ ពង្រឹង​ការងារ​ចុះ​អធិការកិច្ច​គ្រប់​កម្រិត​ថ្នាក់ ។ បង្កើន​ទំនាក់ទំនង​ជាមួយ​មាតាបិតា សហគមន៍ អង្គការ​នានា និង​អាជ្ញាធរ​ដែនដី​ក្នុង​ការ​អភិវឌ្ឍន៍​សាលារៀន​លើស​ពី​នេះ​គណៈនាយក ក៏​ដូច​ជា​លោកគ្រូ អ្នកគ្រូ មាន​ចក្ខុវិស័យ​ទូលំទូលាយ ដោយ​ខិតខំ​ស្វ័​យ​សិក្សា ពង្រឹង​ចំណេះដឹង​ផ្ទាល់ខ្លួន ដើម្បី​យក​មក​បណ្តុះបណ្តាល ដល់​សិស្សានុសិស្ស ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​ចំណេះដឹង​ពិតប្រាកដ​ទទួល​បាន​នូវ​គុណសម្បទា​សតវត្សរ៍​ទី ២១ និង​ក្លាយជា​ពលរដ្ឋ​សកល​នា​ថ្ងៃ​អនាគត ។

លោក អ៊ុ​វ ថា​វី នាយករង​រដ្ឋបាល​ខណ្ឌចំការមន ដែល​ចូលរួម​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​ថ្មី ឆ្នាំ​សិក្សា ២០២៤-២០២៥ នេះ​បាន​អាន​សារលិខិត សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២៤-២០២៥ ដែល​មាន​ខ្លឹមសារ​ថា ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ការ​ចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​ក្មួយ​ៗ ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន ជា​ពិសេស​កុមារ​តូច​នៅ​តាម​សា​លាម​ត្តេ​យ្យ​សិក្សា និង​កុមារ​អាយុ ៦​ឆ្នាំ​នៅ​តាម​សាលា​បឋម​សិក្សា ព្រមទាំង​ជា​ថ្ងៃ​ថ្មី​របស់​ក្មួយ​ៗ ដែល​បាន​ឡើង​ពី​កម្រិត​ថ្នាក់​មួយ​ទៅ​កម្រិត​ថ្នាក់​មួយទៀត​នៅ​ក្នុង​ឆ្នាំ​សិក្សា ២០២៤-២០២៥ ។

ក្នុង​គោលបំណង​កសាង​មូលធន​មនុស្ស​ប្រកបដោយ​ចំណេះដឹង ចំណេះធ្វើ គុណធម៌ និង​សុខភាព​ល្អ​មាំមួន រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ៧ នៃ​រដ្ឋសភា បាន​ដាក់​ចេញ​នូវ​វិធានការ​គន្លឹះ​ចំនួន ៥ ក្នុង​នោះ​ក៏​មាន​វិធានការ​គន្លឹះ​ក្នុង​វិស័យ​អប់រំ​ដែល​មាន​គោលដៅ​លើកកម្ពស់​គុណភាព​អប់រំ ។ ឆ្នាំ​ទី១ នៃ​នីតិកាល​ទី ៧ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​យកចិត្តទុកដាក់​និង​ដាក់​ចេញ​នូវ​កម្មវិធី​ផ្សេង​ៗ សំដៅ​លើកកម្ពស់​គុណភាព​អប់រំ ដោយ​ផ្តោត​លើ​ការ​ពង្រឹងគុណភាព​សាលា​រដ្ឋ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ដល់​មធ្យមសិក្សា តាម​រយៈ​វិធានការ ចំនួន ៤ រួម​មាន ៖ ទី ១) ការ​ពង្រឹង​អភិបាលកិច្ច ទី ២) ការ​ពិនិត្យ​កែសម្រួល និង​រៀបចំ​កម្មវិធី​សិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​ក្នុង​ការ​ពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង​ឥរិយាបថ​របស់​សិស្ស ទី ៣) ការ​យកចិត្ត​ទុក​លើ​សុខភាព​របស់​សិស្ស តាម​រយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅ​តាម​សាលារៀន និង​ទី ៤) ការ​ជំរុញ​និង​លើកទឹកចិត្ត​ការ​ចូលរួម​របស់​មាតាបិតា អ្នក​អាណាព្យាបាល និង​សហគមន៍ ក្នុង​ការ​អប់រំ​ស្រប​តាម​ពាក្យស្លោក «​ភាព​ជា​ដៃគូ​រដ្ឋ និង​សហគមន៍ ដើម្បី​ការ​អប់រំ​» ។

ឆ្លើយ​តប​នឹង​ស្មារតី​ខាងលើ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចូល​វិធានការ​ទាំង ៤​ខាងលើ ទៅ​ក្នុង «​ស្តង់ដា​សាលារៀន​គំរូ​» ដែល​មាន ៥ ស្តង់ដា សម្រាប់​សា​លាម​ត្តេ​យ្យ​សិក្សា​រហូត​ដល់​មធ្យមសិក្សា និង​បាន​វាយតម្លៃ​សាលារៀន​ចំនួន ១២០ ជាប់​ស្តង់ដា ក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣ ។ ជាមួយ​គ្នា​នេះ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អប់រំ​បឋម​សិក្សា រាជរដ្ឋាភិបាល​បាន​អនុវត្ត​នូវ​វិធានការ ៣ ក្នុង​ចំណោម​វិធានការ​ទាំង ៤ ខាងលើ តាម​រយៈ​ការ​អនុវត្ត​សាកល្បង​នៅ​ក្នុង​សាលា​បឋម​សិក្សា​គោលដៅ ៤២ ក្នុង ៩ រាជធានី​-​ខេត្ត ដោយ​ប្រើ​យន្តការ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​អប់រំ ។ ខ្ញុំ​សូម​គូសបញ្ជាក់​នូវ​កម្មវិធី​សំខាន់​ៗ ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​នៅ​សាលារៀន​មួយ​ចំនួន រួម​មាន ៖ ការ​បន្ថែម​ម៉ោង​សិក្សា (២​ម៉ោង ក្នុង​មួយ​ថ្ងៃ​) ការ​អប់រំ​បំ​ណិ​ន​ជីវិត សីលធម៌ វប្បធម៌ សិល្បៈ ភាសាបរទេស និង​កុំព្យូទ័រ ។

ផ្អែក​តាម​មេរៀន​ពិសោធន៍ និង​ឧត្ត​មា​នុ​វត្ត​ន៍​នៃ​ការ​អនុវត្ត​សាកល្បង​នៅ​ក្នុង​សាលា​បឋម​សិក្សា​គោលដៅ​ទាំង ៤២ និង​សាលារៀន​ជាប់​ស្តង់ដា​សាលារៀន​គំរូ​ទាំង ១២០ រាជរដ្ឋាភិបាល​នឹង​ធ្វើការ​បន្ស៊ី​គ្នា​នូវ​ទស្សនាទាន​ការ​ប្រតិបត្តិ និង​ការ​គាំទ្រ​សាលារៀន ដោយ​ប្រើប្រាស់​យន្តការ​រួម ចាប់ពី​ឆ្នាំ​សិក្សា ២០២៤-២០២៥ តទៅ ។

ជា​រួម រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ តាម​រយៈ​ការ​បន្ត​រិះរក​វិធានការ និង​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​សាលារៀន​ក្លាយជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ អភិបាលកិច្ច​ល្អ និង​មាន​គណនេយ្យ​ភាព​ជាមួយនឹង​ប្រជាជន​និង​សហគមន៍ ។ ដូច្នេះ​ហើយ​សាលារៀន​ត្រូវ​អនុវត្ត​តួនាទី​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស​លើ​សកម្មភាព​បង្រៀន និង​រៀន ដែល​នឹង​នាំ​ទៅ​រក​ការ​ប្រែប្រួល​ជា​វិជ្ជមាន​នៃ​លទ្ធផល​សិក្សា​របស់​សិស្ស ប្រកបដោយ​វិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថ​ថ្លៃថ្នូរ សក្តិ​សមជា​កុលបុត្រ កុលធីតា​ខ្មែរ និង​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ជាតិ ។

ដើម្បី​ឱ្យ​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​តាម​ការ​គ្រោងទុក​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន ដូច​ខាងក្រោម ៖

ទី ១- ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បន្ត​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ ដូចដែល​បាន​ដាក់​ចេញ​រួច​ហើយ​ជា​ពិសេស​ការ​រៀបចំ​យន្តការ​គាំទ្រ និង​យន្តការ​វាយតម្លៃ​សាលារៀន​គំរូ ឆ្ពោះទៅ​ពង្រឹង​និង​ពង្រីក​ការ​អនុវត្ត​ស្តង់ដា​សាលារៀន​គំរូ ចាប់ពី​ម​ត្តេ​យ្យ​សិក្សា​រហូត​ដល់​មធ្យមសិក្សា ដោយ​ធានា​ថា​សាលារៀន​ជា​កន្លែង​ផ្តល់​ការ​អប់រំ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព សុខ​សុវត្ថិភាព និង​លទ្ធផល​សិក្សា​របស់​សិស្ស​បាន​ល្អ​ប្រសើរ ។

ទី ២- គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត ត្រូវ​អនុវត្ត​កម្មវិធី​សិក្សា​ផ្លូវការ​ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ជា​ពិសេស​ត្រូវ​រិះរក​វិធី​ដើម្បី​អនុវត្ត​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា ក្នុង​គោលដៅ​បន្ថែម ២​ម៉ោង​សិក្សា​យ៉ាងតិច​ក្នុង​មួយ​ថ្ងៃ ដោយ​ផ្តោត​លើ​ការ​បន្ថែម​ម៉ោង​សម្រាប់​មុខ​វិជ្ជា​សិក្សា​គោល និង​ការ​ពង្រឹង​វិន័យ សីលធម៌ និង​ឥរិយាបថ ។

ទី ៣- គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត ត្រូវ​រៀបចំ​បរិស្ថាន​សាលារៀន​ស្អាត គ្មាន​សំរាម សាលារៀន​បៃតង ឱ្យ​សក្តិ​សមជា​ទីកន្លែង​ផ្តល់​ការ​អប់រំ និង​បណ្តុះ​គំនិត​ស្អាតស្អំ ឥរិយាបថ​ល្អ និង​គ្មាន​ការ​ញាំញី​ផ្លូវចិត្ត និង ផ្លូវ​កាយ ។ ជាមួយ​គ្នា​នេះ ត្រូវ​ចូលរួម​លើកកម្ពស់​សុខភាព និង​អាហារូបត្ថម្ភ​ដល់​កុមារ ដើម្បី​កាត់​បន្ថយ​ជំងឺ​និង​ផល​ប៉ះពាល់​លើ​សុខភាព និង​ឈាន​ទៅ​លើកកម្ពស់​លទ្ធផល​សិក្សា​របស់​សិស្ស ។

ទី ៤- លោកគ្រូ អ្នកគ្រូ​ទាំងអស់ សូម​បន្ត​ដើរតួ​នាទី​ជា​បុគ្គល​នាំមុខ ជា​ឪពុក​ម្តាយ​ទី ២ ជា​មគ្គុទ្ទេសក៍​ជា​អ្នក​ស្រាវជ្រាវ ជាទី​ប្រឹក្សា និង​ជា​អ្នក​ច្នៃប្រឌិត ដោយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ជា​ប្រចាំ ទាំង​ផ្នែក​ចំណេះដឹង​និង​វិធីសាស្ត្រ​បង្រៀន រួម​ទាំង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ភាសាបរទេស​ផង​ដែរ ។

ទី ៥- មាតាបិតា អ្នក​អាណាព្យាបាល សូម​ចូលរួម​តាមដាន​លទ្ធផល​សិក្សា អត្ត​ចរិត សីលធម៌ និង​សុជីវធម៌​របស់​កូនចៅ ទាំង​នៅ​ក្នុង​គ្រួសារ​និង​ក្នុង​សហគមន៍ ព្រមទាំង​ជួយ​បង្រៀន​កូន​បន្ថែម ឬ​បង្ក​លក្ខណៈ​ឱ្យ​កូន​បាន​សិក្សា​បន្ថែម​ពេល​នៅផ្ទះ ជា​ពិសេស​ការ​ចូលរួម​អាន​សៀវភៅ​ជាមួយ​កូន​ដើម្បី​ហ្វឹកហាត់​ទាំង​នៅ​សាលារៀន និង​នៅផ្ទះ ចូលរួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សាលារៀន និង​គាំទ្រ​ដល់​គ្រូបង្រៀន​តាម​គ្រប់​លទ្ធភាព ។

ទី ៦- ក្មួយ​ៗ សិស្សានុសិស្ស យុវជន យុវនារី​ទាំងអស់ សូម​បន្ត​ខិតខំ​រៀនសូត្រ​និង​ស្រាវជ្រាវ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​និង​ចូលរួម​ធ្វើអំពើ​ល្អ ដើម្បី​ការ​រីក​ចម្រើន​នៅ​ក្នុង​គ្រួសារ សង្គម និង​ប្រទេស​ជាតិ​យើង​ទាំងមូល ។ ជាមួយ​គ្នា​នេះ​ដែរ សូម​ក្មួយ​ៗ​ចង​ចាំ​ជា​និច្ច​ថា បើ​យើង​ស្រឡាញ់​ខ្លួន ស្រឡាញ់​ឪពុក​ម្តាយ និង​ចង់បាន​អនាគត​រុងរឿង គឺ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀ.ន និង​ការ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ ។

ទី ៧- ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី សហគមន៍ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ សូម​បន្ត​ចូលរួម​និង​គាំទ្រ​ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ​សាលារៀន ព្រមទាំង​បន្ត​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ អំពី​កិច្ច​ការពារ​កុមារ​ពី​អំពើ​ហិ.ង្សា និង​ពលកម្ម​កុមារ​គ្រប់​ទម្រង់ ។

ទី ៨- ដៃគូ​អភិវឌ្ឍ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ និង​សប្បុរសជន​នានា សូម​បន្ត​ចូលរួម​ឱ្យ​បាន​កាន់តែ​សកម្ម​ថែម​ទៀត ក្នុង​ការ​ជួយ​គាំទ្រ​ដល់​សកម្មភាព​អប់រំ​នៅ​គ្រប់​ទីកន្លែង និង​តាម​គ្រប់​លទ្ធភាព ។

ទី ៩- គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​របស់​រដ្ឋ​និង​ឯកជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ សូម​បន្ត​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ អំពី​យុទ្ធនាការ​ប្រមូល​កុមារ​ចូល​រៀន​និង​សារៈសំខាន់​នៃ​ការ​អប់រំ ជា​ពិសេស​ការ​ផលិតកម្ម​វិធី​អប់រំ និង​វី​ដេ​អូ​បង្រៀន ដើម្បី​ឱ្យ​សេវា​អប់រំ​កាន់តែ​គ្របដណ្តប់​ទៅ​គ្រប់​ទីកន្លែង​គ្រប់ពេលវេលា និង​ស្រប​ទៅ​នឹង​ទស្សនាទាន​នៃ​ការ​អប់រំ​ពេញ​មួយ​ជីវិត ។

ទី ១០- សូម​មាតាបិតា អ្នក​អាណាព្យាបាល​គ្រប់​រូប​នាំ​កូនចៅ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន និង​បន្ត​ផ្តល់​ការ​គាំទ្រ​ការ​លើកទឹកចិត្ត និង​ការ​ជួយ​បង្រៀន​បន្ថែម​តាម​គ្រប់​រូបភាព នៅ​ឆ្នាំ​សិក្សា​ថ្មី​ ២០២៤-២០២៥ នេះ ទាំងអស់​គ្នា ៕