រាជធានីភ្នំពេញ ៖ ថ្វីត្បិតតែជម្លោះបងប្អូនបង្កើតមិនអាចជៀសរួច ក្នុងនាមជាឪពុកម្តាយអ្នកត្រូវតែរៀបចំកូនៗឱ្យរួចផុតពីស្ថានភាពអាក្រក់ដែលអាចកើតមានរហូតដល់ពេលខ្លះអ្នកត្រូវចេញមកការពារកូន ហើយនិយាយថា យើងជាគ្រួសារ យើងមិនត្រូវនិយាយអ្វីដែលធ្វើឱ្យសមាជិកគ្រួសារយើងឈឺចាប់នោះទេ ។ យើងនឹងគោរពគ្នាទៅវិញទៅមក ។ សូមប្រើគន្លឹះទាំងនេះសម្រាប់ការលើកទឹកចិត្តឱ្យបងប្អូនចេះគោរព និងស្រឡាញ់គ្នានៅក្នុងផ្ទះ ៖
១. បង្រៀនការគោរពគ្នាទៅវិញទៅមក ៖ កុំបណ្តោយឱ្យកូនរបស់អ្នកជេរប្រមាថគ្នាទៅវិញទៅមក ។ ពាក្យសម្តីដែលពួកគេនិយាយ គឺមានឥទ្ធិពលខ្លាំងណាស់ ហើយការបញ្ចេញមតិមិនសមរម្យអាចបំផ្លាញកូនយ៉ាងខ្លាំង ។ បើចង់និយាយចំណុចអវិជ្ជមានមួយអ្នកត្រូវបង្រៀនពួកគេនិយាយពាក្យវិជ្ជមានយ៉ាងតិចចំនួនប្រាំសិន ។ ចូរបង្រៀនកូនរបស់អ្នកឱ្យមានចិត្តល្អ និងឱ្យតម្លៃគ្នាទៅវិញទៅមក ។
២. កុំប្រៀបធៀប ៖ សូមចងចាំថា កុមារទាំងអស់ត្រូវបានបង្កើតឡើងស្មើគ្នា ហើយក៏មិនមែនកុមារទាំងអស់សុទ្ធតែដូចគ្នានោះដែរ ។ ចូរទទួលស្គាល់ និងសរសើរពីជំនាញ ភាពខ្លាំង និងសមិទ្ធិផលផ្ទាល់ខ្លួនរបស់កុមារម្នាក់ៗ ដោយមិនលម្អៀងថា កូនណាម្នាក់គឺល្អជាងកូនណាម្នាក់ឡើយ ។
៣. បង្រៀនការគ្រប់គ្រងជម្លោះ ៖ កុំបដិសេធពីអារម្មណ៍របស់កូនអ្នក ប៉ុន្តែជួយគាត់ឱ្យរៀនបញ្ចេញអារម្មណ៍តាមរបៀបសមរម្យ ។ ប្រសិនបើអ្នកឃើញកូនរបស់អ្នកបង្ហាញភាពច្រណែន ចូរលើកទឹកចិត្តគាត់ឱ្យស្គាល់អារម្មណ៍របស់ពួកគេដោយនិយាយថា ប៉ាយល់ថា កូនមានអារម្មណ៍មិនល្អដោយសារតែ… ឬ ប៉ាដឹងថា កូនឈឺចាប់ដោយសារតែ…។ ចូរបង្រៀនកុមារឱ្យស្វែងយល់ពីមូលហេតុដែលធ្វើឱ្យពួកគេមានសកម្មភាព ឬមានអារម្មណ៍ ហើយរៀនពីរបៀបដោះស្រាយបញ្ហា ។
៤. កុំព្រងើយកន្តើយនឹងអាកប្បកិរិយាល្អ ៖ កត់សម្គាល់កូនរបស់អ្នកពេលពួកគេលេងជាមួយគ្នាយ៉ាងសប្បាយចិត្ត រីករាយ និងស្រឡាញ់គ្នា ហើយផ្តល់រង្វាន់ដល់ពួកគេដោយការសរសើរ ។ ត្រូវប្រាកដថា កុមារម្នាក់ៗទទួលបានចំណាប់អារម្មណ៍ពីឪពុកម្តាយគ្រប់គ្រាន់ និងពេលវេលាប្រកបដោយគុណភាពដូចគ្នា ។
៥. បង្ហាញការដឹងគុណ ចំពោះបុគ្គលិកលក្ខណៈកូន ៖ នៅពេលដែលក្មេងមានអារម្មណ៍ថាមានតម្លៃសម្រាប់តែការសម្តែង ឬសកម្មភាពរបស់ពួកគេ នោះពួកគេនឹងមានអារម្មណ៍ថា ត្រូវការមានសកម្មភាព ដើម្បីបញ្ជាក់ពីតម្លៃរបស់គេ ។ ផ្ទុយទៅវិញចូរសរសើរកូនរបស់អ្នកចំពោះបុគ្គលិកលក្ខណៈដែលពួកគេមាន ដូចជាសន្តានចិត្តល្អ ភាពក្លាហាន ឬទំនុកចិត្តលើខ្លួនឯងជាដើម ដូច្នេះកុមារអាចរៀនគោរពខ្លួនឯង និងអ្នកដទៃ ។
ឪពុកម្តាយភាគច្រើនយល់ថា កូនយកតម្រាប់តាមអ្វីដែលពួកគេឃើញ ដូច្នេះសូមធ្វើជាគំរូដ៏ល្អ ។ តើអ្នកឧហ្សាហ៍ឈ្លោះគ្នានឹងបងប្អូនរបស់អ្នកទេ ? ឬតើអ្នកបង្ហាញសន្តានចិត្តល្អចំពោះបងប្អូនប្រុសស្រីរបស់អ្នកជានិច្ចទេ ? តាមរយៈការត្រួតពិនិត្យសកម្មភាពរបស់អ្នក អ្នកអាចត្រៀមខ្លួនបានប្រសើរជាងមុន ដើម្បីបង្ហាញកូនរបស់អ្នកពីរបៀបដើម្បីក្លាយជាមិត្តល្អបំផុត បន្ទាប់ពីការឈ្លោះគ្នាជាមួយបងប្អូន ៕ ប្រភព ៖ focusonthefamily
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ២០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ និងបន្ថែមកម្មវិធីសិក្សាអមអន្តរជាតិ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ