ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្ស​សាលារៀន​សហគមន៍​ ២១​ កម្រិត​ម​ត្តេ​យ្យខ្មែរ​ និង​អង់គ្លេស​ចំនួន ​២០០ ​នាក់ ​ទទួលវិញ្ញាបនបត្រ​បញ្ចប់​ភូមិ​សិក្សា​ និង​រង្វាន់​លើកទឹកចិត្ត

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ១៩ ខែតុលា ឆ្នាំ​ ២០២៤ កន្លង​មកនេះ សាលារៀន​សហគមន៍​ ២១…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ១៩ ខែតុលា ឆ្នាំ​ ២០២៤ កន្លង​មកនេះ សាលារៀន​សហគមន៍​ ២១ បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ភូមិ​សិក្សា បណ្ណ​សរសើរ និង​រង្វាន់​ដល់​សិស្ស​ពូកែ​គ្រប់​កម្មវិធី​សិក្សា​ចំនួន ​២០០​ នាក់ ប្រចាំឆ្នាំ​សិក្សា​ ២០២៣-២០២៤ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ កម្ពុជា​-​កូរ៉េ​ ។

កញ្ញា ប៉ិច មក​រា នាយិកា​ប្រតិបត្តិការ​សាលារៀន ​សហគមន៍ ​២១ ​បានឱ្យ​ដឹង​ថា ៖ «​ការ​សិក្សា​ក្នុង​វ័យ​កុមារ​មាន​សារៈសំខាន់ និង​ផ្តល់​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​បំផុត​ សម្រាប់​កុមារ​គ្រប់​រូប ​។ ព្រោះ​នៅ​ក្នុង​វ័យ​នេះ​ កុមារ​គ្រប់​រូប​ចាប់ផ្តើម​បង្កើត​នូវ​ការ​គិត ទម្លាប់ និង​កសាង​នូវ​អត្តសញ្ញាណ​ប្រចាំ​ខ្លួន​ ។ ម្យ៉ាងទៀត ការ​ចាប់ផ្តើម​ជាមួយនឹង​ភាព​ជោគជ័យ​ នៃ​ការ​សិក្សា ក្នុង​វ័យ​​កុមារ ផ្តល់​នូវ​មោទកភាព និង​ទំនុកចិត្ត​ខ្ពស់ ដល់​កុមារ​ក្នុង​ការ​សិក្សា ក៏​ដូច​ជា​ការ​សម្រេច​ការងារ​ផ្សេង​ទៀត នៅ​ពេលពួក​គេ​រីក​ចម្រើន​ពេញវ័យ​» ។

កញ្ញា​នាយិកា ​បាន​បញ្ជាក់​ថា ៖ «​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ភូមិ​សិក្សា​នៅ​ថ្ងៃនេះ បញ្ជាក់​ឱ្យ​ឃើញ​នូវ​លទ្ធផល ​ប្រកបដោយ​ជោគជ័យ ការ​ខិតខំ តស៊ូ​ព្យាយាម រៀនសូត្រ ដោយ​យកចិត្តទុកដាក់​ ពី​សំណាក់​សិស្សានុសិស្ស​ នៃ​គ្រប់​កម្មវិធី​សិក្សា​» ។​

ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មាន​ប្រសាសន៍​ថា ៖ «​សាលារៀន​សហគមន៍​២១ មានគុណ​ភាព​អប់រំ និង​កម្មវិធី​សិក្សា​អម​ផ្តោត​លើ​បំ​ណិ​ន​ជីវិត​សតវត្ស​រ៍ទី​ ២១ ដូចនឹង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ផង​ដែរ ​។ ប៉ុន្តែ​យើង​ព្យាយាម​បន្ធូរបន្ថយ​តម្លៃ​សិក្សា​ ឱ្យ​ទាប​ជាង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ ពីរ​ទៅ​បី​ដង ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ ទទួល​បាន​សិក្សា​នៅ​សាលារៀន​សហគមន៍» ។

លោក​ឧកញ៉ា​ បាន​ស្នើ​ដល់​អ្នក​អាណាព្យាបាល​សិស្ស​ ត្រូវ​ចូលរួម​ឈ្វេងយល់​ពី​កម្មវិធី​សិក្សា​ របស់​សាលារៀន​ឱ្យ​បាន​ច្បាស់លាស់​ ជា​ជាង​ផ្តោត​តែ​លើ​លទ្ធផល​សិក្សា និង​បន្ត​កិច្ចសហការ​ជាមួយ​សាលារៀន ឬ​គ្រូបង្រៀន​ជា​ប្រចាំ ដើម្បី​តាមដាន​ការ​សិក្សា​ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​អាកប្បកិរិយា​កូន​ៗ ​។

សូម​ជម្រាប​ថា សាលារៀន​សហគមន៍​ ២១ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០២២ ដែល​មាន​បេស​សកម្ម​ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទិស​ដៅ​រួមចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ និង​វិស័យសេដ្ឋកិច្ច​សហគមន៍​ តាម​រយៈ​ការ​បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ​ដល់​សិស្សានុសិស្ស ចាប់តាំងពី​ថ្នាក់​វិទ្យាល័យ ​។ សាលារៀន​សហគមន៍​ ២១ អនុវត្ត​កម្មវិធី​អប់រំ​ ចំណេះ​ទូទៅ​ខ្មែរ​ ចាប់ផ្តើម​ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា ដល់​ថ្នាក់​ទី​ ១២ តាម​ស្តង់ដា​រគុណភាព​ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អនុវត្ត​កម្មវិធី​អប់រំ​ភាសា​អង់គ្លេស ​តាម​កម្មវិធី​សិក្សា​អា​មេ​រិ​កាំ​ង ពី​កម្រិត​ម​ត្តេ​យ្យ ដល់​កម្រិត​ខ្ពស់ ​។

លើស​ពី​នេះ​ទៅ​ទៀត សាលារៀន​បាន​ដាក់​បញ្ចូល​កម្មវិធី សិក្សា​បន្ថែម ជា​ច្រើន​ទៀត នឹង​ជួយ​ផ្តល់​ឱ្យសិស្សានុសិស្ស​ នូវ​ជំនាញ​នៃ​សតវត្ស​ទី ២១ លើ​កម្មវិធី​សិក្សា​គោល រួម​មាន​៖ (១) កម្មវិធី Money Tree មក​ពី​ប្រទេស​សឹ​ង្ហ​បូ​រី ផ្តល់​នូវ​ចំណេះដឹង​ហិរញ្ញវត្ថុ ដែល​ផ្តោត​លើ​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​លុយកាក់ បាន​ត្រឹមត្រូវ និង​ការ​ការពារ​ខ្លួន​ ពី​សម្ពាធ​សម្ភារ​និយម​ក្នុង​សង្គម​ ។ (២) កម្មវិធី The Leader_In_Me មក​ពី​សហរដ្ឋអាមេរិក សិក្សា​ពី​ទម្លាប់​ទាំង ៧ របស់​បុគ្គល​ឆ្នើម ដែល​នឹង​ដឹកនាំ សិស្សានុសិស្ស ឱ្យមានចំណេះ​ដឹង និង​ជំនាញ​ក្នុង​ការ​ត្រិះ​រិះ​ពិចារណា ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ការ​ដោះស្រាយ​បញ្ហា គំនិត​ច្នៃប្រឌិត និង​ការ​បង្កើត​ថ្មី ការ​សហប្រតិបត្តិការ ការ​ធ្វើ​ការងារ​ជា​ក្រុម មាន​សីលធម៌ សុជីវធម៌​ល្អ មាន​ផ្នត់គំនិត ឈានមុខ​គេ និង​មាន​ភាព​ជា​អ្នកដឹកនាំ​។ (៣) កម្មវិធី​សិក្សា​កុំព្យូទ័រ – ផ្តល់​នូវ​ជំនាញ​បច្ចេកវិទ្យា និង​ជួយ​ឱ្យ​សិស្ស​ចេះ​ប្រើប្រាស់​ចំណេះដឹង​កុំព្យូទ័រ​មូលដ្ឋាន សម្រាប់​ការ​សិក្សា រួម​មានការ​យល់​ដឹង​ ពី​សមាស​ភាគ​កុំព្យូទ័រ ការ​រៀបចំ​អត្ថបទ ការ​ធ្វើ​បទ​បង្ហាញ ការ​ស្រាវជ្រាវ​ឯកសារ និង​ការ​ប្រើប្រាស់​អ៉ី​ន​ធឺ​ណែ​ត អ៉ីម៉ែ​ល​ជាដើម ​។

គិត​ត្រឹម​ឆ្នាំ​ ២០២៤​ នេះ សាលារៀន​សហគមន៍​ ២១ មាន​ចំនួន​ ៧ ​សាខា​ ៖ សាលារៀន​សហគមន៍ ​២១ សាខា​ក្រាំងធ្នង់ សាខា​ព្រែក​អញ្ចាញ សាខា​ផ្សារ​គគី សាខា​កំ​បូល សាខា​ស​ន្ទុ្ក​ក សាខា​បឹង​ធំ សាខា​ពញា​ឭ និង​សាខា​ឬ​ស្សី​កែវ ។

សាលារៀន​សហគមន៍ ​២១ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ​មួយ ​ក្នុង​ចំណោម​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល របស់​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប រូ​ម​មាន​៖ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាលារៀន​ណ​ត្ស​ឡាញ​ន៍ វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ ​EDI មជ្ឈមណ្ឌល​ភាសា​ចិន​ឆាង​ចឹ​ង សាលា​ភាសា​អង់គ្លេស​លី​ដឺ​លែ​ន និង​សាលា​អន្តរជាតិ​ហ្វ​រ៉េ​ស​ហី​ល​ ៕ អត្ថបទសហការ