ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ត្រី​ ធនាគារជាតិ ​នៃ​កម្ពុជា ជំរុញ និង​លើកទឹកចិត្ត​ការ​ប្រើប្រាស់​ប្រាក់​រៀល 

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា ស្តី​ពី “ការ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​ការ​ប្រើប្រាស់​ប្រាក់​រៀល​” ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ទ្បើ​ង​នៅ មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ នាថ្ងៃ​ទី​ ៩…

រាជធានី​ភ្នំពេញ ​៖ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា ស្តី​ពី “ការ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​ការ​ប្រើប្រាស់​ប្រាក់​រៀល​” ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ទ្បើ​ង​នៅ មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ នាថ្ងៃ​ទី​ ៩ ខែតុលា ឆ្នាំ​ ២០២៤ ឯកឧត្តម យឹម លាភ ទេសាភិបាល​រង​ធនាគារជាតិ​ នៃ​កម្ពុជា ​បាន​បញ្ជាក់​ថា គោលបំណង​នៃ​ការ​រៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី ផ្សព្វផ្សាយ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង រួម​គ្នា​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង ពី​សារៈសំខាន់ និង​គោលនយោបាយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល និង​បរិ​យា​បន្ន ហិរញ្ញវត្ថុ​របស់​ប្រជាជន ក៏​ដូច​ជា​ក្រុមហ៊ុន​-​សហគ្រាស​នៅ​កម្ពុជា​ ។

ឯកឧត្តម យឹម លាភ បាន​លើក​ទ្បើ​ង​ថា កន្លង​មក ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ បាន​ខិតខំ​អនុវត្ត​ការងារ ទាំង​ពីរ​ខាងលើ ហើយ​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់ ​។ ជាក់ស្តែង ក្នុង​ការ លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​នូវ​វិធានការ​នានា ស្រប​តាម​ស្ថានភាព​ទីផ្សារ ការ​រៀបចំ​សិក្ខាសាលា​និង​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ប្រាក់​រៀល នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន និង ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ញា​ប​ស្មារតី​ស្រឡាញ់​ប្រាក់​រៀល និង​លើកកម្ពស់​ការ​ចូលរួម​របស់ សាធារណជន​ឱ្យ​ងាក​មក​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ​ឱ្យ​កាន់តែ​ច្រើន​ជាង​មុន ​។

ឯកឧត្តម ថា បរិ​យា​បន្ន​និង​ចំណេះដឹង​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន ត្រូវ​បាន​លើកកម្ពស់​ជា​ប្រចាំ ដើម្បី​ឱ្យ​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​កាន់តែ​មាន​ប្រសិទ្ធភាព ដែល​នឹង​រួមចំណែក​លើក ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ ។

យ៉ាងណា​ក៏​ដោយ​លោក​ទេសាភិបាល​រង​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អនុវត្ត​វិធានការ​ជំរុញ​ការ​ប្រើប្រាស់ ប្រាក់​រៀល​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បង្កើន ការ​ប្រើប្រាស់​ប្រាក់​រៀល​កន្លង​មក ជា​ពិសេស ការ​ដាក់​ឱ្យ​អនុវត្ត​ប្រកាស​តម្រូវ​ឱ្យ​មានការ ដាក់​ស្លាក​តម្លៃ​នៅ​តាម​ហាង​ទំនិញ​នានា​ជា​ប្រាក់​រៀល​។ លោក​ថា ការ​ដាក់​ស្លាក​តម្លៃ​ជា​ប្រាក់​រៀល ពិតជា​បាន​ផ្តល់​ផលប្រយោជន៍​ជា​ច្រើន ដូច​ជា​ ៖ ពង្រឹង​ការ​យល់​ដឹង​របស់​សាធារណជន ពី​កម្រិត​ថ្លៃ​ជា​ប្រាក់​រៀល (notional value of local currency) បង្កើន​ទម្លាប់​នៃ​ការ​ប្រើ ប្រាស់​ប្រាក់​រៀល បណ្តុះ​ស្មារតី​ស្រឡាញ់​ប្រាក់​រៀល ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​យើង ឱ្យ​កាន់តែ​ទូលំទូលាយ ព្រមទាំង​បង្កើន​តម្លាភាព​សម្រាប់​អ្នក​ប្រើប្រាស់​ប្រាក់​រៀល តាម​រយៈ ការ​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​ប្តូរ​ប្រាក់​ជាដើម ​។

ឯកឧត្តម ​បញ្ជាក់​បន្ថែម​ថា ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់ សាធារណជន ឱ្យ​ងាក​មក​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ​ពិតជា​សំខាន់​ណាស់ ដូច្នេះ​នៅ​ពេល សាធារណជន បានឃើញ​ការ​ដាក់​តាំង​ស្លាក​តម្លៃ​ជា​ប្រាក់​រៀល​កាន់តែ​ច្រើន​ឡើង សាធារណជន​នឹង​កាន់តែ​ស៊ាំ​ជាមួយ​ការ​ចាយប្រាក់​រៀល និង​កាន់តែ​មាន​ទំនុកចិត្ត​ប្រើ ប្រាស់​ប្រាក់​រៀល​បន្ថែម​ទៀត ​។

ឯកឧត្តម យឹម លាភ មាន​ប្រសាសន៍​ថា ទន្ទឹម​នឹង​ការងារ​ខាងលើ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ក៏​បាន​លើកកម្ពស់​ការ ប្រើប្រាស់ ការ​ទូទាត់​ជា​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ​។ ជាក់ស្តែង​ថ្មី​ៗ​នេះ ការ​ប្រើប្រាស់ ប្រាក់​រៀល​ក្នុង​ទីផ្សារ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក Cambodiatrade.com គឺជា​ការ​បោះ ជំហាន​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ទូទាត់​ប្រាក់​រៀល​ជា​អេ​ឡិច​ត្រូ​និក ​។ ផ្តើម​ពី​នោះ​ធនាគារជាតិ នៃ​កម្ពុជា ក៏​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បាគង​ចាប់ តាំងពី​ឆ្នាំ ​២០២០ មក​ជាមួយនឹង​ការ គាំទ្រ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដទៃ​ទៀត​អភិវឌ្ឍ​ឧបករណ៍​ទូទាត់​អេ​ឡិច​ត្រូ​និក​ផង​ដែរ​ ។ ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​សម្រួលការ​ប្រើ ប្រាស់​ប្រាក់​រៀល​ផង និង​ធ្វើ​ឱ្យ​ការ​ទូទាត់​នៅ​ក្នុង​ពាណិជ្ជកម្ម​ជា​រួម​ប្រព្រឹត្ត​ទៅ​ដោយ ប្រសិទ្ធភាព​ផង​ដែរ ​។

ឯកឧត្តម យឹម លាភ អះអាង​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​អស់នេះ បាន​ជំរុញ​ការ​ទូទាត់​ជា​ប្រាក់​រៀល​ជា​លំដាប់ ​។ ជាក់ស្តែង ការ​ទូទាត់​ជា​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល ក្នុង​ឆមាស​ទី​ ១ ឆ្នាំ ​២០២៤ នេះ មាន​កំណើន ១,៨​ដង ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន និង ២,៨​ដង ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២​ ។ ផ្អែក​តាម​លទ្ធផល​នៃ​ការ​ធ្វើ​អង្កេត​ការណ៍ របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) កាលពី​ឆ្នាំ​២០២២ ទៅ​លើ​ការ ប្រើប្រាស់​ប្រាក់​រៀល បាន​បង្ហាញ​ថា ហាង​លក់ទំនិញ​ស្ទើរ​ទាំងអស់​បាន​បិទ​ស្លាក​តម្លៃ​ជា ប្រាក់​រៀល ជាមួយនឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ហើយ​ហាង​លក់ទំនិញ​កាន់តែ​ច្រើន​ឡើង បាន​ទទួល​ការ​ទូទាត់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ។ ក្នុង​ចំណោម​ហាង​ទំនិញ​ចំនួន ៣៥៩ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​អង្កេត​ឃើញ​ថា មាន​ហាង​ទំនិញ ៨០%​ទទួល​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដែល​ក្នុង​នោះ​មាន​ហាង​ទំនិញ​ប្រមាណ ៤៧% ទទួល​ការ​ទូទាត់​ជា​ប្រាក់​រៀល​ផង និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ផង​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ក៏​មាន ហាង​ទំនិញ​ប្រមាណ ២៨% ទទួល​ការ​ទូទាត់​តែ​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ដែលបញ្ហា​នេះទាមទារ​ឱ្យ​មាន​កិច្ចសហការ​បន្ថែម​ទៀត​ ៕​ អត្ថបទសហការ