ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំនួប​ផ្គូផ្គង​រវាង​សហគ្រិន​ ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ លើក​ទី ​៤

4 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី ​០៧ ខែតុលា ឆ្នាំ​ ២០២៤ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា…

រាជធានីភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី ​០៧ ខែតុលា ឆ្នាំ​ ២០២៤ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​សហការ​រៀបចំ​កម្មវិធី “​ជំនួប​រវាង​សហគ្រិន​ជាមួយ​គ្រឹះ​សា្ថ​ន​ហិរញ្ញវត្ថុ​” លើក​ទី ​៤ នៅ​សណ្ឋាគារ​អូ​ឡាំ​ព្យា​ស៊ី​ធី រាជធានី​ភ្នំពេញ​ ។ កិច្ច​ជំនួប​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើត​ឱកាស​ដល់​សហគ្រិន​ដែល​ជា​ម្ចាស់​អាជីវកម្ម​គ្រប់​វិស័យ​ជា​ពិសេស​វិស័យ​កសិកម្ម អាច​ជួប ផ្គូផ្គង និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្រឹះ​សា្ថ​ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដើម្បី​ផ្លាស់​ប្តូរ​មតិយោបល់ ស្វែង​យល់​ពី​តម្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​លក្ខខណ្ឌ​កម្ចី ការ​ផ្តល់​ជូន​ពិសេស ប្រភេទ​នៃ​ហិរញ្ញប្បទាន ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​គ្រឹះ​សា្ថ​ន​ហិរញ្ញវត្ថុ ដែល​ជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​ជួយ​គាំទ្រ​ហិរញ្ញប្បទាន​ដល់​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា និង​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​នៃ​កម្ពុជា ​។

ការ​លើកកម្ពស់ និង​ជំរុញ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន និង​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា គឺជា​សកម្មភាព​ស្នូល និង​អាទិភាព​ដែល​សមាគម​ទាំង​បី ផ្តោត​ជា​សំខាន់​សម្រាប់ អភិវឌ្ឍ​ធុរកិច្ច និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) ដែល​មាន ឧកញ៉ា ប៉ិច បូ​ឡែ​ន ជា​ប្រធាន និង​ដែល​ជា​សមាគម​តំណាង​សហគ្រិន និង​ម្ចាស់​អាជីវកម្ម សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) ដែល​មាន​លោក រ័​ត្ន សោភ័ណ ប្រធាន និង​ដែល​ជា​សមាគម​តំណាង​គ្រឹះស្ថាន​ធនាគារ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ដែល​មាន​លោក​ជំទាវ ឌិ​ត នី​តា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ដែល​ជា​សមាគម​តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​។

ឧកញ៉ា ប៉ិច បូ​ឡែ​ន បាន​មាន​ប្រសាសន៍​ថា “​សមាគម​ទាំង​បី​បាន​សហការ​គ្នា​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ បង្កើត​នូវ​កម្មវិធី​គាំទ្រ​ជា​ច្រើន​ដស់​សហគ្រាស និង​បាន​ពិភាក្សា​លើ​ការ​បង្កើត​ឲ្យ​មាន​ជម្រើស​ជា​ច្រើន ក្នុង​ការ​ជំរុញ​បន្ថែម​លើ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន និង​ម្ចាស់​អាជីវកម្ម​ ។ ជាក់​ស្ដេ​ង ថ្មី​ៗ​នេះ​សមាគម​ទាំង​បី​បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើន​ដូច​ជា ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា (CBC) និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ក្នុង​ការ​បង្កើត​នូវ​វគ្គ​បណ្ដុះបណ្ដាល​អំពី​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ធនាគារ ក្នុង​នោះ​រួម​មាន​ដូច​ជា​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ (Movable Asset and Supply Financing) ជាដើម ក្នុង​គោលបំណង​ផ្ដល់​ជា​ជម្រើស​បន្ថែម ដើម្បី​ឲ្យ​សហគ្រិន និង​ម្ចាស់​អាជីវកម្ម​មាន​ជម្រើស​ច្រើន​សម្រាប់​ទទួល​បានការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​សម្រាប់​គាំទ្រ​អាជីវកម្ម ព្រោះ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ច្រើន និង​ពេញ​និយម​ខ្លាំង ជា​ពិសេស​នៅ​ប្រទេស​សិង្ហ​បុរី និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​តំបន់ និង​សកលលោក​ផង​ដែរ​ ។​”

ឧកញ៉ា​ប្រធាន​បាន​បញ្ជាក់​បន្ថែម​ថា “​ឆាប់​ៗ​ខាង​មុខ​នេះ​សមាគម​នឹង​ប្រកាស​ដាក់​ឲ្យ​ដំណើ​ការ​នូវ MSME Digital Lending Plateform សម្រាប់​ជួយ​សម្រួល និង​ជំរុញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ធនាគារ​ ។ ម្ចាស់​អាជីវកម្ម​ត្រូវ​ត្រៀម​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ ដូច​ជា​ការ​ទទួលយក​បច្ចេកវិទ្យា​ទៅ​ប្រើប្រាស់​នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន និង​ត្រូវ​មាន​អភិបាលកិច្ច​អាជីវកម្ម​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ព្រោះ​នៅ​ក្នុង​សកលភាវូបនីយកម្ម​នេះ ជា​ពិសេស​ការ​រីក​ចម្រើន​ផ្នែក​ប​ច្ចក​វិទ្យា និង​ឌី​ជី​ថ​ល យើង​ត្រូវ​ស្វះស្វែង និង​ចេះ​ទាញ​យក​ប្រ​យា​ជន៍​ពី​ជម្រើស​ហិរញ្ញប្បទាន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បន្ថែម​ទៀត ដូច​ជា​កម្ចី​បែប​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​។ ប្រ​សិន​យើង​មិន​ស្វែងរក​អ្វី​ដែល​ថ្មី​ទេ វា​ពិបាក​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​អាជីវកម្ម ជា​ពិសេស​អាជីវកម្ម​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មិន​មានទ្រព្យ​បញ្ចាំ ​។​”

កម្មវិធី​ជំនួប​រវាង​សហគ្រិន​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នេះ បាន​ទទួល​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​សមាគម​សំខាន់​ៗ​ទាំង ៣ នៅ​កម្ពុជា និង​ស្ថាប័ន​ដៃគូ រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​តំណាង​មក​ពី​ស្ថាប័ន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ព្រមទាំង​សហគ្រិន​ដែល​ជា​ម្ចាស់​អាជីវកម្ម​ប្រមាណ​ជា​ជាង ២៥០ នាក់​មក​ពី​គ្រប់​វិស័យ រួម​មាន​វិស័យ​អប់រំ សុខាភិបាល សេវាកម្ម បច្ចេកវិទ្យា កសិកម្ម ទេសចរណ៍ សំណង់ និង​ចំណីអាហារ​ជាដើម ​។

លោក រ័​ត្ន សោភ័ណ បាន​លើក​ឡើង​ថា “​វិស័យ​ធនាគារ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​កម្ពុជា និង​ជា​ស្ថាប័ន​ដែល​មាន​តួនាទី​សំខាន់​ខ្លាំង​ក្នុង​ការ​ជួយ​ពង្រឹង​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​ជាតិ​ទាំងមូល​ ។ ក្នុង​កាលៈទេសៈ​ដែល​សេដ្ឋកិច្ច​កំពុង​ងើបឡើង​វិញ​នេះ ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ពី​គ្រឹះស្ថាន​ធនាគារ នឹង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម និង​សេដ្ឋកិច្ច​កម្ពុជា​បាន​កាន់តែ​លឿន​។ យ៉ាងណា​ក៏​ដោយ ម្ចាស់​អាជីវកម្ម​ក៏​ត្រូវ​ស្វែង​យល់​ផង​ដែរ អំពី​ប្រភេទ​ផលិតផល​ធនាគារ​ដែល​ស័ក្ដិសម​ទៅ​នឹង​ប្រភេទ​អាជីវកម្ម​របស់​ខ្លួន ជា​ពិសេស​មុន​នឹង​សម្រេចចិត្ត​ស្នើ​ឥណទាន និង​ចៀសវាង​ការ​ងាក​ទៅ​រក​កម្ចី​ក្រៅ​ប្រព័ន្ធ​ដែល​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​”​ ។

សមាគម​ទាំង​បី​ប្ដេជ្ញា​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្លាំង និង​សកម្ម​បំផុត​ក្នុង​ការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​របស់​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា​ដែល​សហគ្រិន​កំពុង​ជួប​ប្រទះ តាម​រយៈ​ការ​សហការ​រៀបចំ​ផ្ដល់​ជា​វគ្គ​បណ្ដុះបណ្ដាល​អំពី​ការ​គ្រប់គ្រង​សាច់ប្រាក់ ទុន​បង្វិល ការ​ស្វែង​យល់​អំពី​របាយការណ៍​ហិរញ្ញវត្ថុ សិក្ខាសាលា​ពាក់ព័ន្ធ និង​កម្មវិធី​ជំនួប​ដោយ​ផ្ទាល់​រវាង​ម្ចាស់​អាជីវកម្ម​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដើម្បី​ពិគ្រោះ​យោបល់ និង​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​សម្រាប់​អាជីវកម្ម​របស់​ពួក​គេ ​។

លោក​ជំទាវ ឌិ​ត នី​តា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ថា “​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិនមែន​ផ្ដល់​ឥណទាន​តែត្រឹម​កម្រិត​បុគ្គល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ផ្ដល់​ជូន​ដល់​ក្រុមហ៊ុន​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​ជា​យូរ​មក​ហើយ និង​ទៅ​លើ​គ្រប់​វិស័យ​នៃ​ខឿនសេដ្ឋកិច្ច​ ។ ថ្វី​ត្បិត​តែ អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​គ្រឹះស្ថាន​ធនាគារ​បន្តិច​មែន ប៉ុន្តែ​ក៏​មាន​ចំណុច​វិជ្ជមាន​មួយ​ចំនួន​ដែល​ម្ចាស់​អាជីវកម្ម​អាច​ពិចារណា​ដូច​ជា​នីតិវិធី​ស្នើ​ឥណទាន​មិន​ស្មុគស្មាញ និង​មាន​ភាព​បត់បែន​ច្រើន​សម្រាប់​អាជីវកម្ម ជា​ពិសេស​អាជីវកម្ម​នៅ​តំបន់​ដាច់​ស្រយាល​ ។ យ៉ាងណាមិញ ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ តូច និង​មធ្យម​ទាំងអស់ គួរ​ត្រៀមខ្លួន​ឱ្យ​បាន​រួចរាល់ តាម​រយៈ​ការ​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ ពង្រឹងសមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ និង​គណនេយ្យ ដើម្បី​ជា​មូលដ្ឋាន​ចម្បង​ក្នុង​ការ​ឈាន​ទៅ​រក​ប្រភព​ទុន​បន្ថែម ដែល​ក្នុង​នោះ ឥណទាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អាច​ជា​ជម្រើស​មួយ​ក្នុង​ចំណោម​ប្រភព​ទុន​ជា​ច្រើន​ផ្សេង​ទៀត​”​ ។

គួរ​រំឭក​ផង​ដែរ​ថា សមាគម​ទាំង​បី​បាន​អនុវត្ត​កម្មវិធី​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ប្រកបដោយ​ជោគជ័យ​ចាប់ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៤ ក្នុង​នោះ​រួម​មាន​វគ្គ​បណ្ដុះបណ្ដាល ក៏​ដូច​ជា​វគ្គ​តម្រង់​ទិស និង​សិក្ខាសាលា​ផ្សេង​ៗ​ស្តី​ពី​ប្រធានបទ​សំខាន់​ៗ​ដែល​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ និង​គណនេយ្យ ដូច​ជា​ការ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់ ការ​ត្រៀមខ្លួន​ដើម្បី​ទទួល​បាន​ហរិ​ញ្ញ​ប្ប​ទាន​និង​ទុន​វិនិយោគ​ជាដើម​។ គិត​មក​ទល់​ពេល​នេះ កម្មវិធី​នេះ​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​ប្រមាណ​ជា​ជាង ២៤០០ សហគ្រាស ក្នុង​នោះ​សហគ្រាស​ដែល​ជោគជ័យ​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​សរុប​ជា​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ជាង ៧ លាន​ដុល្លារ​ ៕ អត្ថបទសហការ