ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ បាន​ចុះ​សួរសុខទុក្ខកម្មករនិយោជិត បាន​ចំនួន ៧៩ រោងចក្រ

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើក​ឡើង​ថា ចាប់ពី​ថ្ងៃ​ទី​ ២២…

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើក​ឡើង​ថា ចាប់ពី​ថ្ងៃ​ទី​ ២២ ខែកក្កដា ឆ្នាំ ​២០២៤ ដល់​ថ្ងៃ​ទី ​០៣ ខែកញ្ញា ឆ្នាំ​ ២០២៤​នេះ ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ការងារ និង​សួរសុខទុក្ខ​កម្មករនិយោជិត​បាន​ចំនួន ៧៩ រោងចក្រ ដែល​មាន​កម្មករនិយោជិត​កំពុង​បំពេញការងារ​សរុប​ប្រមាណ ១៦ ​ម៉ឺន​នាក់ ​។ ការ​ចុះ​ពិនិត្យ​ស្ថានភាព​ការងារ សាកសួរ​សុខទុក្ខ និង​ហូប​បាយ​ជាមួយ​កម្មករនិយោជិត​នេះ ធ្វើ​ឡើង​ក្រោម​ការ​ណែនាំ​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​បន្ថែម​ថា តាម​រយៈ​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ការងារ សាកសួរ​សុខទុក្ខ​កម្មករនិយោជិត​នេះ​ដែរ ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ការងារ​ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋបាល តំណាង​និយោជក និង​បាន​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ​របស់​រោងចក្រ​ផង​ដែរ មាន​ដូច​ជា ប្រាក់​ឈ្នួល​គោល​អប្បបរមា​, ការ​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ ​ពី​និយោជក​ជូន​បងប្អូន​កម្មករនិយោជិត​ស្រប​តាម​ច្បាប់​ការងារ​, ការ​ផ្តល់​ប្រាក់​រង្វាន់​ធ្វើ​ការងារ​ទៀងទាត់​, ប្រាក់​រង្វាន់​អតីតភាព​ការងារ​, ថ្លៃ​ស្នាក់​នៅ​, សោហ៊ុយ​ធ្វើ​ដំណើរ​, ប្រាក់​ថ្លៃ​បាយ​ថ្ងៃត្រង់​, ច្បាប់​ឈប់​សម្រាក​ប្រចាំឆ្នាំ​,​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ រួម​និង​បរិយាកាស​កន្លែង​ការងារ កន្លែង​ហូប​បាយ អាហារ​ដ្ឋា​ន​ជាដើម​ ។

ឯកឧត្តម​រដ្ឋលេខាធិការ សង្កេត​ឃើញ​ថា បណ្តា​រោងចក្រ សហគ្រាស​ទាំងនោះ បាន​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ លក្ខខណ្ឌ​ការងារ និង​ផ្តល់​អត្ថប្រយោជន៍​បាន​ពេញលេញ​ ដល់​បងប្អូន​កម្មករនិយោជិត ​។ ជា​ពិសេស​រោងចក្រ សហគ្រាស​មួយ​ចំនួន​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ជូន​បងប្អូន​កម្មករនិយោជិត​លើស​ពី​គោលការណ៍ ​ក្នុង​ច្បាប់​ការងារ​ទៀត​ផង ​។

ឯកឧត្តម​រដ្ឋលេខាធិការ​លើក​ឡើង​ថា ការ​ចុះ​ជួប​ផ្ទាល់​ជាមួយ​បងប្អូន​កម្មករនិយោជិត​ នៅ​តាម​រោងចក្រ សហគ្រាស គឺជា​ការ​គិតគូរ​យកចិត្តទុកដាក់​ ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​លើ​បងប្អូន​កម្មករនិយោជិត​ នៅ​តាម​រោងចក្រ សហគ្រាស​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ធ្វើ​យ៉ាងណា​ផ្សារ​ភ្ជាប់ ​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​រវាង​រាជរដ្ឋាភិបាល ​ជាមួយ​បណ្តា​ម្ចាស់​រោងចក្រ សហគ្រាស ជា​ពិសេស​គឺ​ធានា​នូវ​ភាព​សុខដុមរមនា ​រវាង​បងប្អូន​កម្មករនិយោជិត​ ជាមួយ​ភាគី​និយោជក ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ការងារ​ នឹង​បន្ត​ចុះ​សាកសួរ​សុខទុក្ខ ហូប​បាយ​ ជាមួយ​បងប្អូន​កម្មករនិយោជិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្តា​ម្ចាស់​រោងចក្រ សហគ្រាស​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​ការងារ និង​តម្រូវការ​របស់​បងប្អូន​កម្មករនិយោជិត ដែល​ជា​កិច្ច​ការងារ​អាទិភាព​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​និង​កំពុង​យកចិត្តទុកដាក់​អនុវត្ត​ ។ ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋលេខាធិការ សូម​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ភាគី​និយោជក​រោងចក្រ សហគ្រាស បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន ​នូវ​បទដ្ឋាន​ច្បាប់​ស្តី​ពី​ការងារ​នៅ​កម្ពុជា ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​បាន​ពេញលេញ​ ដល់​កម្មករនិយោជិត​ ៕ អត្ថបទសហការ