ប.ស.ស. នៃក្រសួងការងារ បានពង្រីកវិសាលភាពមូលដ្ឋានសុខាភិបាល ជាដៃគូចំនួនជាង ១៥០០ ទូទាំងប្រទេស
រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១២ ខែកញ្ញា…
រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១២ ខែកញ្ញា…
រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ នេះបានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាល ដែលជាដៃគូរបស់ខ្លួនបានចំនួន ១៥៧៣ នៅទូទាំង ២៥ រាជធានី-ខេត្ត សម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស.។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា មូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ ប.ស.ស. ទាំងនេះបានដាក់ពង្រាយមន្ត្រី និងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០នាក់នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើសេវាកម្មជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងរហ័ស។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ត្រឹមខែសីហា ឆ្នាំ ២០២៤ ប.ស.ស. ទទួលបានសមាជិករហូតទៅដល់ជាង ២,៤៧ លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលជាសមាជិកបានប្រើប្រាស់សេវា ប.ស.ស. នៅតាមមន្ទីរពេទ្យដៃគូបានជាង ៧,១លានករណី គិតត្រឹមរយៈពេលមួយឆ្នាំ ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ ២០២៤ ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក៏បានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេសសម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មផ្តល់ជូនដល់សាធារណជនផងដែរ។ ការពង្រីកវិសាលភាពរបស់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ជាគោលនយោបាយពង្រីកវិសាលភាពសេវា ប.ស.ស. ទៅកាន់តែជិតមូលដ្ឋានប្រជាពលរដ្ឋនៅទូទាំងប្រទេស។ វឌ្ឍនភាពនៃកិច្ចការងារទាំងនេះបង្ហាញអំពីការជឿទុកចិត្តរបស់ពលរដ្ឋមកលើសេវាកម្ម ប.ស.ស. ជាពិសេសបង្ហាញពីការជឿទុកចិត្តចំពោះរាជរដ្ឋាភិបាល ដែលគិតគូរយកចិត្តទុកដាក់លើសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយចំណាយលើថ្លៃសេវាថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់សូមធ្វើការចុះឈ្មោះជាសមាជិករបស់ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូរបស់ ប.ស.ស.។
សម្រាប់សាធារណជនមានចម្ងល់ ឬចង់សាកសួរព័ត៌មានអំពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) សូមទាក់ទងតាមរយៈបណ្តាញទូរសព្ទ Hotline ឥតគិតថ្លៃ ១២៨៦ និង១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ