ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព និង​កម្មករនិយោជិត​ រោងចក្រ​ សេ​ឌូ​ណូ បន្ត​ចូលរួម​មូលនិធិអភិវឌ្ឍ​ព្រំដែន​ ជាមួយ​រាជរដ្ឋាភិបាល​

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ សហជីព និង​កម្មករនិយោជិត​ដែល​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ សេ​ឌូ​ណូ ខេ​ម​បូ នី​ត​ធី​ង នៅ​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​ ១៣…

រាជធានីភ្នំពេញ ​៖ សហជីព និង​កម្មករនិយោជិត​ដែល​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ សេ​ឌូ​ណូ ខេ​ម​បូ នី​ត​ធី​ង នៅ​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​ ១៣ ខែកញ្ញា ឆ្នាំ ​២០២៤ ​នេះ រីករាយ​បរិច្ចាគ​ថវិកា​ជូន «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» ​យ៉ាង​គគ្រឹកគគ្រេង​បន្ថែម​ទៀត ព្រោះ​ទឹកចិត្ត​ស្រលាញ់​ជាតិ​មាតុភូមិ និង​ចង់​ជួយ​រួមចំណែក​អភិវឌ្ឍ​តំបន់​ព្រំដែន ​។

ពួក​គាត់​បាន​លើក​ឡើង​ថា ការ​បរិច្ចាគ​ថវិកា​ចូល​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​ឱ្យ​បាន​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ព្រោះ​មាន​តែ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​ឱ្យទៅ​ជាទី​កន្លែង​អ៊ូអរ​ជាទី​ប្រជុំជន​មាន​មនុស្ស​ច្រើន​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​ព្រំដែន​ប្រទេស​ជាតិ​រឹង​មាំ​គង់វង្ស​ជា​រៀង​រហូត​ទៅ ​។

លោក មុំ ធែ​ល សមាជិក​សហជីព ដើម្បី​សិទ្ធ​ការងារ ដែល​ប្រចាំ​នៅ​រោងចក្រ សេ​ឌូ​ណូ ខេ​ម​បូ នី​ត​ធី​ង នៅ​ខេត្តតាកែវ បាន​និយាយ​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ លោក​បាន​គាំទ្រ និង​ស្ម័គ្រចិត្ត​ចូលរួម​ថវិកា​ផ្ទាល់ខ្លួន​រួម​គ្នា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ​។ លោក​បន្ថែម​ថា ​៖ «​ខ្ញុំ​សូម​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន ហើយ​ខ្ញុំ​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ខ្លះ ដើម្បី​ជា​ចំណែក​តូច​មួយ​ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​របស់​យើង​។ បើ​ទោះបីជា​ថវិកា​តិចតួច ប៉ុន្ដែ​វា​ជា​ទឹកចិត្ត​ដោយ​ក្ដី​គោរព ស្រលាញ់​រាជរដ្ឋាភិបាល និង​ប្រទេស​ជាតិ​របស់​យើង​» ​។

អ្នកស្រី ឆ​ន គឹ​ម​ហ៊ុយ កម្មការិនី​រោងចក្រ សេ​ឌូ​ណូ ខេ​ម​បូ នី​ត​ធី​ង នៅ​ខេត្តតាកែវ​បាន​និយាយ​ថា​៖«​ខ្ញុំ​ចង់​ចូលរួម​មូលនិធិ​ហ្នឹង គឺ​ខ្ញុំ​ចង់ឱ្យ​មានការ​អភិវឌ្ឍ​ព្រំដែន ហើយ​និង​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ព្រំដែន​ហ្នឹង​ឱ្យ​បាន​ច្រើន មានការ​វិនិយោគ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​មានការ​ងារ​ធ្វើ មាន​តែ​ការ​អភិវឌ្ឍ​ព្រំដែន​ទេ ដែល​ធ្វើ​ឱ្យ​ព្រំដែន​យើង​រឹង​មាំ​» ​។

អ្នកស្រី នៅ ស្រី​មុំ កម្មការិនី​រោងចក្រ សេ​ឌូ​ណូ ខេ​ម​បូ នី​ត​ធី​ង​បាន​និយាយ​ថា​៖«​យើង​ត្រូវការ​អភិវឌ្ឍ​ដើម្បី​ប្រជាជន​កម្ពុជា​ទាំងអស់​រស់នៅ​បាន​សុខ​ស្រួល ហើយ​កុំឱ្យ​គេ​ឈ្លានពាន មាន​តែ​ការ​អភិវឌ្ឍ​ព្រំដែន​ទេ ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​យើង​រីក​ចម្រើន​ទៅ​មុខ​»​ ។

គួរ​រំឭក​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សម្រេច​បង្កើត​«​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​»​កាលពី​ថ្ងៃ​ទី ​២២ ខែសីហា ឆ្នាំ​ ២០២៤ ក្នុង​គោលបំណង​ដើម្បី​កៀរគរ​ថវិកា​បន្ថែម​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ​។ ជាមួយ​គ្នា​នោះ សម្តេច​ធិ​បតី​ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង​និង​ក្រៅប្រទេស បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ជាមួយ រាជរដ្ឋាភិបាល​នៅ​ក្នុង​បុព្វហេតុ​ការពារ និង​អភិវឌ្ឍ​ជាតិ ក្នុង​ស្មារតី​មហា​សាមគ្គី​ជាតិខ្មែរ ដើម្បី​ថែរក្សា សុខ​សន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ក៏​ដូច​ជា​ការ​ជំរុញ​ការ​អភិវឌ្ឍ​ នៅ​តាម​តំបន់​ព្រំដែន​ឱ្យ​បាន​កាន់តែ​រឹង​មាំ និង​ប្រកបដោយ​ចីរភាព​ ៕ អត្ថបទសហការ