ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រាជរដ្ឋាភិបាល​កម្ពុជា ​មាន​គោលនយោបាយច្បាស់លាស់​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល ​និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ ជូន​កម្មករនិយោជិត

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤…

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ នេះ​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​មក​ដល់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរ​មា និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​យ៉ាង​សមរម្យ និង​ទៀងទាត់ ដល់​បងប្អូន​កម្មករនិយោជិត​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប នៅ​កម្ពុជា ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បន្ថែម​ថា ការ​គិតគូរ​លើកកម្ពស់​ជីវភាព​របស់​កម្មករនិយោជិត​នេះ គឺជា​គោលនយោបាយ​មួយ​យ៉ាង​សំខាន់ និង​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពោល​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​កម្ពុជា បាន​ចាប់ផ្តើម​តាំង​តែ​ពី​មាន​ប្រាក់​ឈ្នួល​ប្រចាំខែ​ចំនួន ៤០​ដុល្លារ​នៅ​ឆ្នាំ​១៩៩៧ រហូត​ដល់ ២០៤​ដុល្លារ ក្នុង​ឆ្នាំ​២០២៤ ​។

ឯកឧត្តម​រដ្ឋលេខាធិការ​សង្កត់ធ្ងន់​ថា បើសិន​យើង​មើលទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន​ដែល​កំពុង​មាន​ភាព​ផុយ​ស្រួយ​នេះ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង ផលិតផល​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ពុំ​ត្រូវ​បាន​ដំឡើង​បន្ថែម​នោះ​ទេ​។ ជាក់ស្តែង នៅ​ក្នុង​ប្រទេស​ឡាវ មី​យ៉ា​ន់​ម៉ា ស្រី​លង្កា មាន​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ទាប​ជាង ១០០​ដុល្លារ ខណៈ​ប្រទេស​បង់​ក្លា​ដេ​ស និង​ប៉ា​គី​ស្ថាន មាន​ប្រាក់​ឈ្នួល​អប្បបរមា​ទាប​ជាង​១២០​ដុល្លារ រីឯ​ប្រទេស​វៀតណាម និង ឥណ្ឌា មាន​ចំនួន​ចន្លោះ​ពី ១៤០​ដុល្លារ ទៅ ២០៤​ដុល្លារ អាស្រ័យ​តាម​តំបន់​។ ប៉ុន្តែ​សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល​នៅ​តែ​សម្រេច​បានការ​បង្កើន​ប្រាក់​ឈ្នួល​អប្បរ​មា​ជូន​កម្មករនិយោជិត ឡើង​ដល់​២០៤​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ខណៈ​ពេល​បច្ចុប្បន្ន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​និង​កំពុង​បន្ត​កិច្ចប្រជុំ​ត្រីភាគី ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៥ ដោយ​ផ្អែក​លើ​លក្ខណ​វិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច​ ។

ជា​ការ​កត់សំគាល់ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២៤​នេះ បងប្អូន​កម្មករនិយោជិត កំពុង​ទទួល​បាន​ប្រាក់​ឈ្នួល​លើស​ពី ២១៧​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​រួម​បញ្ចូល​ទាំង​ប្រាក់ខែ​គោល រួម​និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​ផ្តល់​ដោយ​ភាគី​និយោជក ដូច​ជា​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​, ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​, ប្រាក់​ថ្លៃ​បាយ​, ហើយ​ប្រសិនបើ​បូក​បន្ថែម​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង​ទៀត​នោះ កម្មករនិយោជិត​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​មធ្យម ២៥៩​ដុល្លារ ឬ​ច្រើន​ជាង​នេះ ដោយ​មិន​ទាន់​គិត​ពី​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ពី ប​.​ស​.​ស​.​។ ជាក់ស្តែង ភាគី​និយោជក​នៃ​រោងចក្រ សហគ្រាស​មួយ​ចំនួន​បាន​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​លើស​ពី​គោលការណ៍​កំណត់​ទៅ​ទៀត​ ។

ទន្ទឹម​នឹង​ការ​ខិតខំ​ដំឡើង​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទាំងនេះ ឯកឧត្តម​រដ្ឋលេខាធិការ​ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា រាជរដ្ឋាភិបាល​ខិតខំ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​បងប្អូន​កម្មករនិយោជិត​ជា​បន្តបន្ទាប់ ដូច​ជា បាន​ពង្រីក​វិសាលភាព​បេឡា​ជាតិ​សន្តិសុខ​សង្គម ដោយ​បាន​តម្រូវ​ឱ្យ​និយោជក​ជា​អ្នក​បង់​ភាគទាន​ជំនួស​បងប្អូន​កម្មករនិយោជិត ១០០% ក្នុង​ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​គ្រោះថ្នាក់​ការងារ និង​ជួយ​បង់ ៥០% ក្នុង​ផ្នែក​ប្រាក់​សោធន ដែល​ធ្វើ​ឱ្យ​បងប្អូន​សន្សំ​ថវិកា​បាន​ប្រមាណ​ជា ៦​ដុល្លារ ក្នុង​១​ខែ​និង​អាច​រក្សា​បាន​នូវ​សន្តិសុខ​ចំណូល និង​កាត់​បន្ថយ​ហានិភ័យ​នានា​ទាំង​នៅ​ក្នុងអំឡុងពេល​មានការ​ងារ រហូត​ដល់​ពេល​ចូល​និវត្តន៍​ ។

ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ចំពោះ​បងប្អូន​កម្មករនិយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ ទទួល​បានការ​យកចិត្តទុកដាក់​តាម​រយៈ​ប្រព័ន្ធ​គាំពារ​សង្គម​ចាប់តាំងពី​មាន​ផ្ទៃពោះ ពេល​សម្រាលកូន រហូត​កូន​មាន​អាយុ​ក្រោម ២​ឆ្នាំ ដោយ​ក្នុង​នោះ គឺ​ទទួល​បានការ​ពិនិត្យ​ផ្ទៃពោះ​មុន​ពេល​សម្រាល​ចំនួន ៤​លើក ការ​ចាក់​វ៉ាក់សាំង​និង​ពិនិត្យ​សុខភាព​ក្រោយ​ពេល​សម្រាលកូន​ចំនួន ១០​លើក (​សរុប​ចំនួន ១៤​លើក​) ដោយ​១​លើក​ៗ ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ចំនួន ៨​ម៉ឺន​រៀល​។ ចំណែក​នៅ​ពេល​សម្រាលកូន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៨០​ម៉ឺន​រៀល​សម្រាប់​កូន​ម្នាក់​, ១​លាន ២​សែន​រៀល​សម្រាប់​កូនភ្លោះ​ពីរ​នាក់​, និង​សម្រាប់​កូនភ្លោះ ៣​នាក់ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១​លាន ៦​សែន​រៀល រួម​និង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែមចំនួន ៥​លាន​រៀល​ពី សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ ទន្ទឹម​នេះ បងប្អូន​កម្មករនិយោជិត​ជា​ស្ត្រី ដែល​ឈប់​សម្រាកលំហែរ​មាតុភាព​ចំនួន ៩០​ថ្ងៃ ទទួល​បាន​ប្រាក់​ឈ្នួល​រហូត​ដល់ ១២០% ក្នុង​នោះ ៥០% ទទួល​បាន​ពី​និយោជក និង ៧០% ទៀត​ទទួល​បាន​ពី ប​.​ស​.​ស​.​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​ជឿជាក់​ថា កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៥ ជូន​ដល់​បងប្អូន​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប នឹង​សម្រេច​បាន​នូវ​តួលេខ​ដ៏​សម​ស្រប​បំផុត​ដោយ​ឈរ​លើ​លក្ខណ​វិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច ជា​ពិសេស​ផ្អែក​ទៅ​លើ​ភាព​ចាស់ទុំ និង​ប្រកបដោយ​វិជ្ជាជីវៈ​របស់​តំណាង​ត្រីភាគី គឺ​តំណាង​ភាគី​កម្មករនិយោជិត តំណាង​ភាគី​និយោជក និង​ភាគី​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនាធិការ​សម្របសម្រួល ​៕ អត្ថបទសហការ