ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បើក​សិក្ខាសាលាពិគ្រោះ​យោបល់ រៀបចំ​ផែនការអភិវឌ្ឍន៍ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២៥-២០២៨

1 អាទិត្យ មុន

ខេត្តសៀមរាប ​៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ (​គ​.​អ​.​ទ​.​ស​.) នា​រសៀល​ថ្ងៃ​ទី​២…

ខេត្តសៀមរាប ​៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ (​គ​.​អ​.​ទ​.​ស​.) នា​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ ​២០២៤ ​នេះ បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​រៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២៥-២០២៨ ដោយ​មានការ​ចូលរួម​ពី​លោក សុខ សូ​កេ​ន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​អ​.​ទ​.​ស​. និង​មាន​លោក លោកស្រី​ជា​សមាជិក សមាជិកា​នៃ គ​.​អ​.​ទ​.​ស​. និង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត នៅ​សណ្ឋាគារ​រី​ជិន​ស៊ី​អង្គរ សៀមរាប ​។

នា​ឱកាស​នោះ​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បានឱ្យ​ដឹង​ថា សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ផ្នែក​រដ្ឋ វិស័យ​ឯកជន និង​សហគមន៍​មូលដ្ឋាន សំដៅ​ឈាន​ទៅ​រៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​មួយ​ប្រកបដោយ​ភាព​ជាក់ស្តែង និង​គ្រប់​ជ្រុងជ្រោយ ​។ ឯកឧត្តមបាន​បន្ថែម​ថា នៅ​ក្នុង​បរិបទ​ចំពោះ​មុខ​នេះ​ផែនការ​នេះ​នឹង​ក្លាយជា​ចំណែក​មួយ​នៃ​ការ​ជំរុញ​អនុវត្ត​ឱ្យ​ចេញ​ជា​ផ្លែផ្កា​បន្ទាប់​ពី​ការ​ដាក់​ចេញ​នូវ «​ផែនការមេ​អភិវឌ្ឍន៍ ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥» ដែល​ជា​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដំបូង​គេ ត្រូវ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ។

នា​ឱកាស​នោះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​ជម្រាប​ជូន​អង្គ​សិក្ខាសាលា​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​ ៧ ក្រោម​ការ​ដឹកនាំ​ដ៏​ស្វាហាប់​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​បន្ត​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រតិបត្តិ​ករ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ និង​ស្តារ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឡើង​វិញ ដែល​មាន ១៤​ ចំណុច ដូច​ជា​ ៖ (១) យុទ្ធនាការ «​ទស្សនា​សៀមរាប ឆ្នាំ​២០២៤» (២) ការ​លុប​ចោល​គោលការណ៍​ដែល​តម្រូវ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ត្រូវ​សម្រាក​មួយ​យប់ (៣)​ការ​បង់ថ្លៃ​ទិដ្ឋាការ​តាម​អន​ឡាញ (៤) ការ​លើកលែង​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំពោះ​ការ​ហួស​សុពលភាព អាជ្ញា​បណ្ណ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍ និង​អ្នកបកប្រែ​ភាសា​បន្ត​ពី​ម​គ្គុ​ទេ្ទ​ស​ក៏​ទេសចរណ៍​រហូត​ដល់​ដំណាច់ឆ្នាំ​២០២៤ (៥) ការ​ពន្យារ ឬ​បន្ថែម​សុពលភាព​អាជ្ញា​បណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍​ពី ២​ឆ្នាំ ទៅ​៣​ឆ្នាំ ​។

(៦) ការ​កាត់​បន្ថយ​កម្រៃ​សិទ្ធិ​ហោះហើរ​តែ​ម្ខាង (Traffic Right Chage -Royalty) ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ប្រតិបត្តិការ​ជើងហោះហើរ​អន្តរជាតិ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​-​អង្គរ (៧) ការ​រៀបចំ​ប្រព័ន្ធ  E-Arrival  ​ជា​ទម្រង់​តែ​មួយ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្ពុជា (៨) ចរចា​ឱ្យ​ក្រុមហ៊ុន​មិន​យក​ថ្លៃ​ផ្លូវ​ចូល​ព្រ​លាន មិន​យក​ប្រាក់​សម្រាប់​ការ​ចូល​ដាក់​ភ្ញៀវ (៩) ការ​សម្របសម្រួល​ចរាចរណ៍ ក្រដាសប្រាក់​ដុល្លារ អា​មេ​រិ​ក​ដែល​មាន​សភាព​ចាស់ ទក់ រហែក (១០) ការ​កែសម្រួល​លក្ខខណ្ឌ​តម្រូវ​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​ថត​វី​ដេ​អូ ឬ​រូបភាព​សន្លឹក ក្នុង​រមណីយដ្ឋាន​អង្គរ (១១) ការ​កែសម្រួល​ពេលវេលា​បើក​-​បិទ នៃ​ការ​ចូល​ទស្សនា​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ (១២) ការ​បន្ត​ការ​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ លើកលែងតែ​អាករ​លើ​តម្លៃបន្ថែម និង​អាករ​លើ​ការ​ស្នាក់​នៅ (​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ និង​ភោជនីយដ្ឋាន ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​អាជីវកម្ម​នៅ​ខេត្តសៀមរាប​), លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល និង​មិន​ចុះ​ធ្វើ​សវន​កម្ម​លើ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​រហូត​ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២៥ (១៣) ការ​ផ្តល់​ថវិកា​ចំនួន ៥០​លាន​ដុល្លារ តាម​រយៈ​ធនាគារ SME សម្រាប់​ត្រៀម​ផ្តល់​ឥណទាន​ជា​ពិសេស​ជូន​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប និង​(១៤) ការ​ដាក់​ចេញ​កំណែទម្រង់​ការ​លក់​បណ្ណ និង​នីតិវិធី​ប្រតិបត្តិ​ក្នុង​ការ​ត្រួតពិនិត្យ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ត​ខិតខំ​អនុវត្ត​តាម​ការ​សម្រេច​នូវ​វិធានការ​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល​ទាំង​អស់នេះ ជា​ពិសេស​ត្រូវ​បន្ត​ខិតខំ​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​គោលដៅ ទេសចរណ៍ អាទិភាព​សំខាន់​ៗ ដោយ​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ឯកឧត្តម​ក៏​បាន​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ត​ខិតខំ​អនុវត្ត​តាម​ការ សម្រេច​នូវ​វិធានការ សំខាន់​ៗ​របស់ រាជរដ្ឋាភិបាល​ទាំង​អស់នេះ ជា​ពិសេស ត្រូវ​បន្ត​ខិតខំ​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​អាទិភាព​សំខាន់​ៗ ដោយ​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​។

សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​អង្គ​សិក្ខាសាលា​នេះ ក៏​មាន​បទឧទ្ទេសនាម​ចែករំលែក​បទ​ពិសោធ​ល្អ​ៗ ដោយ​វាគ្មិន​កិត្តិយស​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន​០២ រួម​មាន​ទី​១៖ ទស្សនាទាន​នៃ​ការ​រៀបចំ​ផែនការ អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២៥-២០២៨ ដែល​ឧទ្ទេសនាម​ដោយ​លោក អាំង សុវណ្ណ​រ័​ត្ន អនុប្រធាន​លេខាធិការដ្ឋាន​នៃ គ​.​អ​.​ទ​.​ស​. និង​ទី​២៖ ផែនការ​ទីផ្សារ​ទេសចរណ៍​សម្រាប់​កម្ពុជា និង​គោលដៅ​ខេត្តសៀមរាប ដែល​ឧទ្ទេសនាម​ដោយ​លោក អ៉ិ​ត វិ​ជិត នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។

ជាមួយ​គ្នា​នេះ​ក៏​មានការ​រៀបចំ​កិច្ច​ពិភាក្សា​តាម​ក្រុម​ចំនួន ០៣ រួម​មាន​៖ ក្រុម​ទី​១៖ វិស័យ​សាធារណៈ​, ក្រុម​ទី​២៖ តំណាង​សមាគម​, តំណាង​សណ្ឋាគារ ទីភ្នាក់ងារ​ទេសចរណ៍ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​, និង​ក្រុម​ទី​៣៖ តំណាង​អាជីវករ ប្រតិបត្តិ​ករ​ទេសចរណ៍​និង​សហគមន៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដើម្បី​ផ្តល់​ជា​ធាតុ​ចូល​ដល់​ការ​រៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​សម្រាប់​រយៈពេល​ពេញ​មួយ អាណត្តិ​ទី​៧​នេះ ឱ្យ​កាន់តែ​មាន​សង្គតិភាព ទាំង​លើ​ទិដ្ឋភាព​ខ្លឹមសារ និង​យន្តការ​អនុវត្ត សំដៅ​ធានា​ប្រសិទ្ធភាព ក្រោយ​ពេល​ដែល​ផែនការ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​នា​ពេល​ខាង​មុខ ​៕ អត្ថបទសហការ