ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អគារ​សាលារៀន​មូ​ស្លី​ម​ ២ ខ្នង សម្ពោធ​ដាក់​ឱ្យប្រើប្រាស់ ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី ធនាគារ ABA

5 ខែ មុន

ខេត្តកំពង់ឆ្នាំង ៖ អគារ​សាលារៀន​មូ​ស្លី​ម​តូច​ចំនួន ២ ខ្នង ដែល​មាន​សភាព​ទ្រុឌទ្រោម​ត្រូវបាន​ជួសជុល និង​កែ​លម្អ​ថ្នាក់រៀន​ឡើង​វិញ ក្រោម​ជំនួយ​របស់ ធនាគារ ABA…

ខេត្តកំពង់ឆ្នាំង ៖ អគារ​សាលារៀន​មូ​ស្លី​ម​តូច​ចំនួន ២ ខ្នង ដែល​មាន​សភាព​ទ្រុឌទ្រោម​ត្រូវបាន​ជួសជុល និង​កែ​លម្អ​ថ្នាក់រៀន​ឡើង​វិញ ក្រោម​ជំនួយ​របស់ ធនាគារ ABA ត្រូវ​បានសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី ១២ ខែសីហា ឆ្នាំ ២០២៤ ដែល​មាន​អ្នកចូលរួម​ប្រមាណ ២០០ នាក់ រួម​មាន​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ធនាគារ ABA ក្រុមការងារ​សមាគម CATA នាយក​សាលា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ក្រោម​វត្តមាន ឯកឧត្តម សាន់ យូ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ។

ស្ថិត​នៅ​ភូមិ ៤ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង សាលារៀន​មូ​ស្លី​ម​តូច​ចំនួន ២ ខ្នង មាន​សភាព​ទ្រុឌទ្រោម ដែល​មាន​គ្រូបង្រៀន​ប្រចាំ​ចំនួន ៤ នាក់ សម្រាប់​ជា​ក្តី​សង្ឃឹម​ដល់​សិស្សានុសិស្ស​ប្រមាណ​ជា ១៤០ នាក់ ដើម្បី​ទទួល​បានការ​អប់រំ​ពីសា​លា​នេះ ។ សាលារៀន អាល់​មូ​វ៉ា​ត់​ទះ វ៉ា​រ៉ោះ​ម៉ះ និង​សាលារៀន ហ្វា​ហ៊ី​ម ហា​គីមី ដំបូង​ឡើយ​មាន​តែ​ថ្នាក់រៀន​មួយ​ប៉ុណ្ណោះ សម្រាប់​កុមារ​ៗ​នៅ​តំបន់​នោះ តែ​បច្ចុប្បន្ន​សាលារៀន​មាន ២ អគារ ហើយ​ស្ថានភាព​ប្រសើរ​ជាង​មុន ។

សូម​រំលឹក​ផង​ដែរ​ថា នា​រដូវវស្សា​ទឹកភ្លៀង​តែងតែ​ហូរ​ចូល​តាម​ដំបូល​ឈើ​ធ្លុះ​របស់​អគារសិក្សា បណ្តាល​ឱ្យ​លិច​ថ្នាក់រៀន និង​ខក​ម៉ោង​សិក្សា​របស់​សិស្ស ។ សិស្ស​ត្រូវ​បង្ខំចិត្ត​ចេញពី​ថ្នាក់​មុន​ម៉ោង ដោយសារ​តែ​ប៉ះពាល់​ដល់ តុ ឥដ្ឋការ៉ូ និង​សម្ភារ​សិក្សា​ផ្សេង​ៗ ។ ដំបូល​របស់​សាលា រៀន អាល់​មូ​វ៉ា​ត់​ទះ វ៉ា​រ៉ោះ​ម៉ះ សឹងតែ​មិន​អាច​ទប់ទឹក​ភ្លៀង​ជាប់ រីឯ​សាលារៀន ហ្វា​ហ៊ី​ម ហា​គីមី មានការ​បាក់បែក​ឥដ្ឋការ៉ូ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សិស្ស ។

ដោយ​បាន​មើលឃើញ​ផលវិបាក​ទាំងនេះ តាម​ការ​ស្នើរ​សុំ​របស់​សមាគម​អា​ម៉ា​ណះ​តា​កា​ហ្វុ​ល​កម្ពុជា (CATA) ធនាគារ ABA បាន​បរិ​ច្ចាកទឹក​ប្រាក់​ចំនួន ៣៣ 000 000 រៀល ទៅ​លើ​ការ​ជួសជុល​អគារ ២ ខ្នង និង​កែ​លម្អ​ថ្នាក់រៀន ។ ជាមួយ​ការ​ផ្តួចផ្តើម​នេះ ធនាគារ ABA មាន​បំណង​លើកកម្ពស់​បរិយាកាស​សិក្សា និង​បង្កើន​គុណភាព​អប់រំ ដែល​នឹង​ជំរុញ​ដល់​អនាគត​ភ្លី​ស្វាង​របស់​យុវជន ។ ក្នុង​រយៈពេល ២ ខែ អគារ​ទាំង ២ ខ្នង ទទួល​បានការ​កែ​លម្អ​គួរ​ជាទី​គាប់ចិត្ត ។ ដំបូល​ឈើ និង​ពិតាន​ចាស់​ៗ ត្រូវ​បាន​រុះ​ចេញ និង​ដំឡើង​ជា​ថ្មី​វិញ ឥដ្ឋការ៉ូ​ក៏​បាន​ក្រាល​ថ្មី ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​សិស្សានុសិស្ស ។ បង្អួច​ថ្នាក់រៀន​ក៏​បាន​ដំឡើង ដើម្បី​ឱ្យ​ខ្យល់ និង​ពន្លឺ​ថ្ងៃ​ធម្មជាតិ​ចូល​បាន​គ្រប់គ្រាន់ ។

ជញ្ជាំង​ខាងក្នុង និង​ក្រៅ​អគារ ត្រូវ​បាន​លាប​ពណ៌​ថ្មី​បង្កើត​ឱ្យ​មាន​បរិយាកាស​សិក្សា​កាន់តែ​រស់​រវើក​សម្រាប់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​គ្រប់​រូប ។ សមិទ្ធផល​ពី​ការ​ជួសជុល និង​កែ​លម្អ​អគារ​ទាំង ២ ខ្នង ដែល​មាន​ថ្នាក់រៀន​សរុប​ចំនួន ៤ បន្ទប់​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ក្តី​ត្រេកអរ​របស់​សិស្ស ដែល​បាន​រៀន​ក្នុង​ថ្នាក់​មាន​ផាសុកភាព និង​មាន​សុវត្ថិភាព​ជាង​មុន ។

លោក សេន សា​ម៉ា​ន នាយក​ប្រតិបត្តិ​នៃ​សមាគម CATA បានឱ្យ​ដឹង​ថា «​យើងខ្ញុំ​នៅ​សមាគម CATA ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​សហការ​ជាមួយ ធនាគារ ABA លើ​គម្រោង​ដែល​ជួយ​ដល់​សហ​គម​នេះ ។ ការ​ជួសជុល និង​កែ​លម្អ​នេះ​នឹង​បង្កើត​ផ្លូវ​សម្រាប់​ក្មេង​ៗ​ឆ្ពោះទៅ​រក​បរិយាកាស​អប់រំ​ល្អ​ប្រសើរ​ជាង​មុន​» ។

នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សាលា​រៀ​នេះ​លោកស្រី លី វិទ្យា នាយិការ​ធនធានមនុស្ស​នៃ​ធនាគារ ABA មាន​ប្រសាសន៍​ថា «​យើងខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​អប់រំ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព ។ ការ​អប់រំ គឺជា​កូនសោ​ជីវិត​ដ៏​សំខាន់ ដើម្បី​បើកទ្វារ​ឱ្យ យុវជន​ទទួល​បាន​អនាគត​ដ៏​ត្រចះត្រចង់ និង​ជំរុញ​ឱ្យ​ពួក​គេ​ក្លាយជា​ថ្នាក់ដឹកនាំ​នា​ថ្ងៃ​អនាគត ។ ដូច​គ្នា​នេះ​ដែរ​ប្អូន​ៗ​ដែល​ដែល​ទទួល​បាន​សាលារៀន​នា​ថ្ងៃនេះ ABA សង្ឃឹមថា ប្អូន​ៗ​នឹងបាន​ប្រើប្រាស់​អគារ​ទាំង​ពីរ​នេះ​ជា​កា​រួមចំណែក​តូច​មួយ​ ដើម្បី​ជួយ​ធនធានមនុស្ស​របស់កម្ពុជា​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត ។

លោកស្រី​បន្ត​ថា ជា​ការ​ប្តេជ្ញា​របស់​ក្រុមការងារ ធនាគារ ABA ក្នុង​ការ​ផ្តល់​ភាគទាន​ត្រឡប់​ទៅកាន់​សហគមន៍​វិញ គឺជា​តម្លៃ​ស្នូល​មួយ​របស់​ធនាគារ​ដែល​តែងតែ​យកចិត្តទុកដាក់​តាំងពីដើម​រៀង​មក ដោយ​ខិតខំ​ធ្វើ​យ៉ាងណា​ក្លាយជា​ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​សង្គម​ខ្ពស់ ការ​ចូលរួម​ចំណែក​ជា​វិជ្ជមាន​ជូន​សហគមន៍​ដែល​យើង​ប្រតិបត្តិ​នៅ​ក្នុង​អាជីវកម្ម ។ លោកស្រី បញ្ជាក់​ថា ការ​បរិច្ចាគ​នេះ​សរុប​ជា​ទឹកប្រាក់​សម្រាប់​អគារ​សាលារៀន​ទាំង​ពីរ​នេះ​មាន​ចំនួន ៣៣ 000 000 រៀល ទៅ​លើ​ការ​ជួសជុល និង​សាងសង់​អគារ ២ ខ្នង ទាំងនេះ​ជា​ការ​ឆ្លុះ​បញ្ចាំង ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​គាំទ្រ​វិស័យ​អប់រំ ។

ឯកឧត្តម សាន់ យូ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​កោតសរសើរ​ចំពោះ ធនាគារ ABA ដែល​បាន​ជួយ​ចំ​គោលដៅ ដែល​ធ្វើ​ឱ្យ​ធនធានមនុស្ស​រីក​ចម្រើន ជា​គោលដៅដែល​យើង​ចង់បាន​ទៅ​ថ្ងៃ​អនាគត ។

កុមា​រា សា​គី​រី​ន សិស្ស​នៃ​សាលា អាល់​មូ​វ៉ា​ត់​ទះ វ៉ា​រ៉ោះ​ម៉ះ បាន​និយាយ​ថា «​កាលពីមុន ពេល​មេឃ​ភ្លៀង ថ្នាក់​ពួក​យើង​ត្រូវ​បាន​លេច​ទឹក ព្រោះ​ដំបូល​ធ្លុះ និង​ធ្វើ​ឱ្យ​សៀវភៅ​សើម​អស់ ។ យើង​ត្រូវ​អង្គុយ​នៅ​ជ្រុង​មួយ​នៃ​ថ្នាក់ ដើម្បី​រៀន​បន្ត ។ អរគុណ​ដល់ ធនាគារ ABA ក្រោយ​ពី​ការ​ជួសជុល យើង​អាច​អង្គុយ​រៀន​នៅ​តុ​រៀង​ៗ​ខ្លួន​ដោយ​ស្រួល និង​រៀន​ចេះ​ជាង​មុន​» ។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ថ្ងៃ​អនាគត ធនាគារ ABA នៅ​តែ​បន្ត​ប្រឹងប្រែង​បង្កើត ឬ​សហការ​ទៅ​លើ​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​ផ្សេង​ៗ ដើម្បី​លើកកម្ពស់​អនាគត​របស់​យុវជន​ខ្មែរ​គ្រប់​រូប និង​ប្រទេស​ជាតិ​ទាំងមូល ៕ អត្ថបទ​សហការ