ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំ​គណៈប្រតិភូ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ និង​សហភាព​អឺរ៉ុប ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ជួសជុល​ការខូចខាត​ដោយសារ​ទឹកជំនន់​ឆ្នាំ​ ២០២០ ក្នុងខេត្តបាត់ដំបង

1 ខែ មុន

ខេត្តបាត់ដំបង ៖ នៅថ្ងៃ​ទី​ ២៥ ខែកក្កដា ឆ្នាំ ​២០២៤ នេះ ឯកឧត្តម ថោ…

ខេត្តបាត់ដំបង ៖ នៅថ្ងៃ​ទី​ ២៥ ខែកក្កដា ឆ្នាំ ​២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ (AFD) និង​សហភាព​អឺរ៉ុប ​(EU) ចុះ​ពិនិត្យ​វឌ្ឍនភាព​អនុ​គម្រោង​អាង​ទឹក​ភាស ស្ថិត​ក្នុងស្រុក​ឯក​ភ្នំ និង​ស្រុក​ថ្មគោល និង​អនុ​គម្រោង​ជួសជុល​សំណង់​តា​ហែ​ន​និង​ប្រឡាយ​នាង​លាក់ ក្នុង​ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល នៃ​គម្រោង​ជួសជុល​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​ឆ្នាំ​២០២០ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ ។

សូម​ជម្រាប​ថា សមាសភាព​គណៈប្រតិភូ​ដែល​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​នា​ពេល​នេះ​មាន ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោកនាយក​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ប្រចាំ​តំបន់​អាស៊ាន លោកស្រី​នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ប្រចាំ​កម្ពុជា លោក​ប្រធាន​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ឯកឧត្តម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​ជា​តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា គម្រោង​ជួសជុល​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​ឆ្នាំ​២០២០​មាន​អនុ​គម្រោង​ចំនួន​៩ ដែល​ត្រូវ​អនុវត្ត​ដូច​ជា​៖ អនុ​គម្រោង​អាង​ទឹក​ភាស អនុ​គម្រោង​ប្រព័ន្ធ​ក​ង្ហ​ត អនុ​គម្រោង​ជួសជុល​ទំនប់​សណ្ដ​កំពីងពួយ អនុ​គម្រោង​ជួសជុល​សំណង់​តា​ហែ​ន​និង​ប្រឡាយ​នាង​លាក់ និង​អនុ​គម្រោង​ជួសជុល​ប្រឡាយ​មេ (​លេខ​ ១ លេខ​ ២ លេខ​ ៣ លេខ​ ៤ លេខ​ ៥)​ ។

ជាមួយ​គ្នា​នេះ​ដែរ តំណាង​គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ (AFD) និង​ប្រតិភូ​សហភាព​អឺរ៉ុប (EU) បាន​សម្ដែង​នូវ​ក្ដី​សប្បាយ​រីករាយ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​គម្រោង​ដែល​សម្រេច​បាន ព្រមទាំង​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល​បាន​ផ្ដួចផ្តើម​ឱ្យ​មានដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារសំខាន់ ក្នុង​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ដល់ទី​តាំង​អនុវត្ត​គម្រោង និង​ជួប​ជាមួយ​បងប្អូន​ប្រជា​កសិករ​នៅ​តាម​សហគមន៍​នានា ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ស្រប​តាម​ទស្សនវិស័យ បង្កើត​ដោយ​សហគមន៍ ធ្វើការ​ជាមួយ​សហគមន៍ និង​ដើម្បី​សហគមន៍​ ។

សូម​បញ្ជាក់​ថា គម្រោង​ជួសជុល​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​ឆ្នាំ​២០២០ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ការ​គ្រប់គ្រង​ធនធានទឹក និង​ការ​ផ្លាស់​ប្ដូរ​កសិកម្ម​នៅ​កម្ពុជា ​(WAT4CAM) ជំហាន​ទី ​១ ក្រោម​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ (AFD) និង​ពី​សហភាព​អឺរ៉ុប ​(EU) ដែល​ចាប់​អនុវត្ត​ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ ​២០២៥ ដោយ​បាន​ជ្រើសរើស​ខេត្ត​ចំនួន​៥ រួម​មាន​៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង​ខេត្តកណ្តាល​។ ក្នុង​នោះ​ខេត្តបាត់ដំបង​មាន​គម្រោង​ចំនួន​ពីរ ដែល​ត្រូវ​អនុវត្ត​គឺ ១)​ គម្រោង​ស្តារ​ឡើង​វិញ​ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត និង ​២) ​គម្រោង​ជួសជុល​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​ឆ្នាំ ​២០២០ ៕ អត្ថបទសហការ