ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្ស​ស្រី​ងាក​មក​ចាប់​ជំនាញ​ជួសជុល​រថយន្តកាន់តែ​ច្រើន ព្រោះ​ឃើញ​ឱកាស​ទីផ្សារ​ការងារកាន់តែ​សម្បូរ

3 ខែ មុន

រាជធានីភ្នំពេញ​ ៖ បច្ចុប្បន្ន​ជំនាញ​មេកានិច​រថយន្ត ឬ​ជំនាញ​ជួសជុល​រថយន្ត ដែល​ជា​ជំនាញ​មួយ​លេចធ្លោ​ក្នុង​ចំណោម​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ទៀត ដោយ​ជំនាញ​នេះកំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​យុវនារី ខណៈ​ដែល​មាន​តម្រូវការ​ការងារ​ខ្ពស់ និង​ប្រាក់ខែ​សមរម្យ​ ។ លោក…

រាជធានីភ្នំពេញ​ ៖ បច្ចុប្បន្ន​ជំនាញ​មេកានិច​រថយន្ត ឬ​ជំនាញ​ជួសជុល​រថយន្ត ដែល​ជា​ជំនាញ​មួយ​លេចធ្លោ​ក្នុង​ចំណោម​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ទៀត ដោយ​ជំនាញ​នេះកំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​យុវនារី ខណៈ​ដែល​មាន​តម្រូវការ​ការងារ​ខ្ពស់ និង​ប្រាក់ខែ​សមរម្យ​ ។ លោក ស៊ឹ​ម សុរិន្ទ នាយក​វិទ្យាស្ថាន​បច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) បាន​មាន​ប្រសាសន៍​ថា ជំនាញ​មេកានិច​រថយន្ត ឬ​ជំនាញ​ជួសជុល​រថយន្ត កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​យុវនារី ដោយសារ​បច្ចុប្បន្ន​នេះ​មាន​តម្រូវការ​ការងារ​ក្នុងស្រុក​ខ្ពស់ និង​ប្រាក់ខែ​សមរម្យ​ ។

លោក​បន្ត​ថា ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត ជា​ជំនាញ​ដ៏​មាន​សក្ដានុពល​មួយ អ្នក​ដែល​បាន​បញ្ចប់​ជំនាញ​នេះ​ភាគច្រើន​មិន​ខ្វះ​ការងារ ខណៈ​តួលេខ​នៃ​យានជំនិះ​កើនឡើង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។ លោកនាយ​កថា បច្ចុប្បន្ន​នៅ​ទូ​ទាំង​ប្រទេស សិស្ស​ទាំង​បុរស និង​នារី​ភាគច្រើន​ដែល​ចេញពី​សាលា JVC មានការ​ងារ​ធ្វើ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​រថយន្ត​ល្បី​ៗ​ក្នុងស្រុក និង​ហ្គា​រ៉ា​ស់​ដែល​បើក​ព្រោង​ព្រា​ធ​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា ​។ លោក​បាន​សង្កេត​ឃើញ​កន្លង​មក ជំនាញ​មេកានិច​រថយន្ត គឺ​មាន​តែ​សិស្ស​ប្រុស​ៗ​ទេ​ដែល​ចាប់អារម្មណ៍​ច្រើន​ព្រោះ​ជំនាញ​នេះ​ទាមទា​ឲ្យ​មានការ​ប្រឹងប្រែង​អត់ធ្មត់ ប្រើ​កម្លាំងកាយ និង​ប្រឡាក់​ដៃជើង​ច្រើន ​។

លោក​បន្ត​ថា ទោះបីជា​យ៉ាងណា សិស្ស​នារី​នា​បច្ចុប្បន្ន​នេះ​វិញ ក៏​មានការ​ចាប់អារម្មណ៍​ខ្លាំង​មិន​ចាញ់​បុរស​ដែរ ហើយ​ពួក​គាត់​ក៏​មានការ​តស៊ូ ប្រឹងប្រែង សិក្សា​រៀនសូត្រ​ពី​លោកគ្រូ អ្នកគ្រូ​យ៉ាង​ខ្លាំង ព្រមទាំង​មានការ​ចង​ចាំ និង​ស្មារតី​ល្អ​ថែម​ទៀត ​។ លោកនាយក​បញ្ជាក់​ថា ​៖ «​នៅ​សាលា JVC សព្វ​ថ្ងៃនេះ មាន​សិស្ស​ជានា​រី​ចំនួន ២០ នាក់ ​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​គ្នា ដែល​ជា​តួលេខ​គួរ​ឱ្យ​កត់សម្គាល់ ព្រោះ​កន្លង​មក​ធ្លាប់​មាន​តែ​បុរស​ៗ​ទេ​ដែល​ដាក់​មក​រៀន​ច្រើន តែ​ឥលូវ​ពួក​គាត់​ជានា​រី ក៏​មិន​ចាញ់​បុរស​ដែរ​។ យើង​រំពឹង​ថា ចំនួន​សិស្ស​នារី​នឹង​មានការ​កើនឡើង​ថែម​ទៀត តាម​រយៈ​ការ​កើនឡើង​នៃ​តម្រូវការ​ការងារ​ដែល​ទាក់ទង​ទីផ្សារ​រថយន្ត​នៅ​ក្នុង​ប្រទេស​របស់​យើង​» ​។

យុវតី​មក​ពី​ខេត្តតាកែវ ជា មុន្នី អាយុ ២០​ឆ្នាំ ជា​សិស្ស​កំពុង​សិក្សា​ជំនាញ​មេកានិច​រថយន្ត​នៅ​វិទ្យាស្ថាន​បច្ចេកទេស ហ្ស៊ី វ៉េ សេ​បាន​និយាយ​ថា កញ្ញា​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការ​រៀន​ជំនាញ​មេកានិច​រថយន្ត ដោយសារ​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​ប្រាក់ខែ​សមរម្យ​ ។ យុវតី​រូប​នេះ​បន្ត​ថា កញ្ញា​បាន​សិក្សា​ចំនួន ៨​ ខែ​មក​ហើយ ខណៈ​ដែល​ជំនាញ​មួយ​នេះ​ត្រូវ​រៀន​រយៈពេល ​២ ​ឆ្នាំ​ ។ ឆ្លងកាត់​រយៈពេល ៨​ ខែ​នេះ កញ្ញា​ទទួល​ចំណេះដឹង និង​បទ​ពិសោធន៍​ជា​ច្រើន​ពី​លោកគ្រូ អ្នកគ្រូ​នៅ JVC ដោយសារ​ពួក​គាត់​បាន​យកចិត្តទុកដាក់​បង្ហាត់បង្រៀន​ទាំង​ទ្រឹស្ដី និង​ការ​អនុវត្ត​ផ្ទាល់​ ។

យុវតី​រូប​នេះ​បញ្ជាក់​ថា​ ៖ «​ខ្ញុំ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយជា​អ្នកជំនាញ​បច្ចេកទេស​ម៉ាស៊ីនរថយន្ត ហើយ​ក៏​ចង់​ក្លាយជា​អ្នក​លក់ដូរ​គ្រឿងបន្លាស់​រថយន្ត​ដែរ​ ។ ខ្ញុំ​សង្ឃឹមថា ក្ដី​ស្រមៃ​នេះ​នឹង​ទទួល​បាន​ជោគជ័យ និង​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​របស់ខ្ញុំ​កាន់តែ​ធូរធារ​ថែម​ទៀត ហើយ​ខ្ញុំ​ក៏​លើកទឹកចិត្ត​ឱ្យ​យុវជន​ផ្សេង​ទៀត គួរតែ​ដាក់​ពាក្យ​រៀន​ជំនាញ ដើម្បី​ជួយ​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​យើង​» ៕ អត្ថបទសហការ