ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករនិយោជិត​រោងចក្រ FOREST GARMENT ចូលរួម​មូលនិធិ​ជាមួយ​រាជរដ្ឋាភិបាល​ ព្រោះ​ចង់​រួមចំណែក​អភិវឌ្ឍន៍​ព្រំដែន

3 ខែ មុន

រាជធានីភ្នំពេញ​ ៖ កម្មករនិយោជិត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ FOREST GARMENT នៅ​តំបន់​ទួល​សង្កែ រាជធានី​ភ្នំពេញ បាន​សម្តែង​ការ​រីករាយ​ដោយ​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ជាមួយ​រាជរដ្ឋាភិបាល តាម​រយៈ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន នៅ​ថ្ងៃ​ទី​…

រាជធានីភ្នំពេញ​ ៖ កម្មករនិយោជិត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ FOREST GARMENT នៅ​តំបន់​ទួល​សង្កែ រាជធានី​ភ្នំពេញ បាន​សម្តែង​ការ​រីករាយ​ដោយ​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ជាមួយ​រាជរដ្ឋាភិបាល តាម​រយៈ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន នៅ​ថ្ងៃ​ទី​ ៥ ខែកញ្ញា ឆ្នាំ​ ២០២៤​នេះ ព្រោះ​ចង់​រួមចំណែក​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ឱ្យ​មាន​ភាព​ទាក់ទាញ​ ។

កម្មករនិយោជិត​ក្នុង​រោងចក្រ ហ្វ​រ័​រេស ហ្គា​មិន (FOREST GARMENT) បានឱ្យ​ដឹង​ថា ការ​ចូលរួម​ថវិកា​ជូន​មូលនិធិ​អភិវឌ្ឍន៍​ព្រំដែន ​ជាមួយ​រាជ​រដ្ឋ​ភិ​បាល គឺជា​ទឹកចិត្ត​ស្រលាញ់​ជាតិ​មាតុភូមិ ចង់ឱ្យ​តំបន់​ព្រំដែន​មានការ​អភិវឌ្ឍ​រីក​ចម្រើន មាន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ ។ នេះ​គឺជា​ការ​បង្ហាញ​ទឹកចិត្ត​ស្នេហា​ជាតិ ការ​រួបរួម​គ្នា​របស់​ប្រជាជាតិ​ទាំងអស់​ក្នុង​ការ​កសាង​របង​ការពារ​ជាតិ​យ៉ាង​រឹង​មាំ​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​តំបន់​បណ្ដោយ​ព្រំដែន កម្ពុជា​ជាមួយនឹង​ប្រទេស​ជិតខាង ​។

អ្នកស្រី ឃុន ដា​វី អាយុ​ ៣២​ ឆ្នាំ ជា​កម្មការិនី​រោងចក្រ FOREST GARMENT និយាយ​ថា ​៖ «​ការ​ដែល​ខ្ញុំ​ចង់​ចូលរួម​មូលនិធិ​ហ្នឹង គឺ​ខ្ញុំ​ចង់ឱ្យ​មានការ​អភិវឌ្ឍ​ព្រំដែន ហើយ​និង​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ព្រំដែន​ហ្នឹង​ឱ្យ​បាន​ច្រើន មានការ​វិនិយោគ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​មានការ​ងារ​ធ្វើ មាន​តែ​ការ​អភិវឌ្ឍ​ព្រំដែន​ទេ ដែល​ធ្វើ​ឱ្យ​ព្រំដែន​យើង​រឹង​មាំ​» ​។

ស្រ​ដៀង​គ្នា​នេះ​អ្នកស្រី ឡុ​ង នី​ដាវ​ឌ្ឍ​នា អាយុ ​៣៨ ​ឆ្នាំ បុគ្គលិក​រដ្ឋបាល​នៃ​រោងចក្រ FOREST GARMENT ប្រាប់​ថា​៖ «​ខ្ញុំ​បាន​ចូលរួម​ថវិកា​បន្តិចបន្តួច​ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​ព្រំដែន​ឱ្យ​មាន​សោភ័ណ​ភាព​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ចង់ឱ្យ​តំបន់​នោះ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​រីក​ចម្រើន​ឡើង ដោយសារ​ទីនោះ​ជា​តំបន់​ដាច់​ស្រយាល ចឹ​ង​យើង​អាច​ចូលរួម​ទាំងអស់​គ្នា​បាន មិន​ថា​តិចតួច​ក្តី ច្រើន​ក្តី តាម​ស្ថាប័ន ផ្ទាល់ខ្លួន ឬ​តំបន់​ដែល​យើង​រស់នៅ​ក៏​បាន​ដែរ​»​ ។

ជាមួយ​គ្នា​នេះ លោក ញ៉ឹ​ប សុខ​សេន អាយុ​ ២៩​ ឆ្នាំ និយាយ​ថា ​៖ «​ខ្ញុំ​ស្រលាញ់​ប្រទេស​ជាតិ និង​ចង់ឱ្យ​មានការ​អភិវឌ្ឍ​តំបន់​ព្រំដែន ទើប​បានជា​ខ្ញុំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ តា​រយៈ​មូលនិធិ​របស់​សម្តេច​ហ៊ុន​ម៉ា​ណែ​ត​រឿង​ព្រំដែន ​។ ធម្មតា​កាលណា​តំបន់​ហ្នឹង​អភិវឌ្ឍន៍​ខ្ញុំ​ជឿ​ថា ភ្ញៀវ​ទេសចរ​ក៏​ទៅ​លេង​ច្រើន វិនិយោគ​ក៏​មាន ការងារ​ក៏​សម្បូរ​» ​។

រីឯ​អ្នកស្រី ធឿ​ន បូ​តី អាយុ​ ២៥ ​ឆ្នាំ ជា​កម្មការិនី​រោងចក្រ FOREST GARMENT ម្នាក់​ទៀត​លើក​ឡើង​ថា​ ៖ «​នាង​ខ្ញុំ​ស្ម័គ្រចិត្ត​ចូលរួម​មូលនិធិ​នេះ គឺ​ចង់ឱ្យ​មានការ​អភិវឌ្ឍ​ហើយ​ងាយស្រួល​ទៅ​លេង​នៅ​តំបន់​ហ្នឹង ចង់ឱ្យ​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ច្រើន ព្រោះ​មាន​តែ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​ទេ ដែល​ធ្វើ​ឱ្យ​ព្រំដែន​ប្រទេស​យើង​រឹង​មាំ​» ​។

ជាមួយ​គ្នា​នេះ កម្មករនិយោជិត​នៅ​រោងចក្រ FOREST GARMENT បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ មិន​ថា​ក្នុងស្រុក ឬ​ក្រៅប្រទេស​ទេ បើ​ពិតជា​ស្រលាញ់​ជាតិ​មាតុភូមិ ចង់ឱ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ជឿនលឿន​ បាន​កាន់តែ​ឆាប់រហ័ស គួរតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល តាម​រយៈ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ តាម​ព្រំដែន ឱ្យ​បាន​គ្រប់​ៗ​គ្នា ​៕ អត្ថបទសហការ