ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ដឹកនាំ​គណៈប្រតិភូ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ស្តារ​ឡើង​វិញ​ប្រព័ន្ធ​ធារាសាស្ត្រក​ង្ហ​ត ខេត្តបាត់ដំបង

1 ខែ មុន

ខេត្តបាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​ ២៤ ខែកក្កដា ឆ្នាំ ​២០២៤ មកនេះ ឯកឧត្តម ថោ…

ខេត្តបាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​ ២៤ ខែកក្កដា ឆ្នាំ ​២០២៤ មកនេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ (AFD) ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ស្តារ​ឡើង​វិញ​ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត ក្នុងភូមិ​សាស្ត្រ​ឃុំ​ធិ​បតី ឃុំ​រាំង​កេ​សី និង​ឃុំ​កំពង់​ព្រៀង នៃ​ស្រុក​គាស់​ក្រឡ និង​ស្រុក​សង្កែ ខេត្តបាត់ដំបង​។

សូម​ជម្រាប​ថា គណៈប្រតិភូ​ដែល​អញ្ជើញ​ចូលរួម​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​នា​ពេល​នេះ​រួម​មាន ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោកនាយក​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ប្រចាំ​តំបន់​អាស៊ាន លោកស្រី​នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ប្រចាំ​កម្ពុជា លោក​ប្រធាន​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ឯកឧត្តម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​ជា​តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា គម្រោង​ស្តារ​ឡើង​វិញ​ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ការ​គ្រប់គ្រង​ធនធានទឹក និង​ការ​ផ្លាស់​ប្ដូរ​កសិកម្ម​នៅ​កម្ពុជា (WAT4CAM) ជំហាន​ទី ​១ ដែល​ក្នុង​នោះ​ខេត្តបាត់ដំបង​មាន​គម្រោង​ចំនួន​ពីរ​ដែល​ត្រូវ​អនុវត្ត​គឺ ១) ​គម្រោង​ស្តារ​ឡើង​វិញ​ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត និង​ ២) គម្រោង​ជួសជុល​ការ​ខូចខាត​ដោយ​ទឹកជំនន់​ឆ្នាំ​ ២០២០​ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា គម្រោង​ស្តារ​ឡើង​វិញ​ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត​គឺ​បាន​កំណត់​យក​ប្រឡាយ​មេ​ទី ​២ (MC2) នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត​ដែល​មាន​ប្រភព​ទឹក​មក​ពី​ទំនប់​ពហុ​បំណង​សេក​សក ដោយ​បង្វែរ​ទឹក​ចេញពី​ស្ទឹង​សង្កែ មក​អភិវឌ្ឍ​បន្ថែម ដើម្បី​បែងចែក​ទឹក​ក្នុង​ប្រព័ន្ធ​ឱ្យ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ក្នុង​ប្លុក​ចំនួន​៥ (​ប្លុក​A, B, C, D និង E) ដែល​មាន​ផ្ទៃដី​ស្រោចស្រព​ចំនួន ៥០១៧ ​ហិ​កតា និង​មាន​ប្រជាពលរដ្ឋ​ទទួលផល​ពី​គម្រោង​ចំនួន ៣៣៨៤​ គ្រួសារ​ ។

សូម​បញ្ជាក់​ថា កម្មវិធី​ការ​គ្រប់គ្រង​ធនធានទឹក និង​ការ​ផ្លាស់​ប្ដូរ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា (WAT4CAM) ជំហាន​ទី ១ ទទួល​បាន​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) និង​សហភាព​អឺរ៉ុប (EU) ដែល​ចាប់​អនុវត្ត​ពី​ឆ្នាំ ​២០១៩ ដល់​ឆ្នាំ​ ២០២៥ ដោយ​បាន​ជ្រើសរើស​ខេត្ត​ចំនួន​ ៥ រួម​មាន​៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង​ខេត្តកណ្តាល ក្នុង​នោះ​មាន​ក្រសួង​ចំនួន​ពីរ​ដែល​អនុវត្ត​គម្រោង​មាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​៕ អត្ថបទសហការ