ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​៖ គិត​ត្រឹម​ឆមាស​ទី​១​ ទុនបម្រុង​អន្តរជាតិ​មាន​ចំនួន​ ២០ ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក

1 ខែ មុន

រាជធានី​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យ​ដឹង​ថា គិត​ត្រឹម​ចុង​ឆមាស​ទី​១​នេះ ទុន បម្រុង​អន្តរជាតិ​មាន​ចំនួន ​២០ ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ប្រហាក់ប្រហែល​នឹង​ចុងឆ្នាំ​២០២៣ បើ​ទោះបីជា…

រាជធានី​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យ​ដឹង​ថា គិត​ត្រឹម​ចុង​ឆមាស​ទី​១​នេះ ទុន បម្រុង​អន្តរជាតិ​មាន​ចំនួន ​២០ ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ប្រហាក់ប្រហែល​នឹង​ចុងឆ្នាំ​២០២៣ បើ​ទោះបីជា ​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ខ្ពស់ នៃ​ស្ថានភាព​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​អន្តរជាតិ​ក៏​ដោយ ​។​ 

ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២៤ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ​នេះ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​ នៃ​កម្ពុជា បាន​បញ្ជាក់​ថា​បច្ចុប្បន្ន ទុនបម្រុង​អន្តរជាតិ​មាន​កម្រិត​ស្មើនឹង ​៧ ​ខែ នៃ​ការ​នាំ​ចូល​ទំនិញ និង​សេវា​សម្រាប់​គ្រា​បន្ទាប់ ដែល​ខ្ពស់​ជាង​កម្រិត​អប្បបរមា ​៣ ​ខែ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ​ខ្ពស់​គ្រប់គ្រាន់ ក្នុង​ការ​រួមចំណែក​រក្សា​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន និង​សាធារណជន​ មក​លើ​ស្ថិរភាព​សេដ្ឋកិច្ច​កម្ពុជា ដែល​ជា​មូលដ្ឋាន​ចាំបាច់​មួយ ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព នៃ​ការ​អនុវត្ត​នយោបាយ​រូបិយ​វត្ថុ និង​អត្រា​ប្តូរ​ប្រាក់​ ។

លោក​ជំទាវ មាន​ប្រសាសន៍​ថា ការ​ពង្រឹង​ប្រសិទ្ធភាព​នយោបាយ​រូបិយ​វត្ថុ ចាំបាច់​ត្រូវការ​ការ​ប្រើ ប្រាស់ ​រូបិយ​វត្ថុ​ជាតិ​ឱ្យ​បាន​ទូលំទូលាយ ​នៅ​ក្នុង​សេដ្ឋកិច្ច ដែល​ការណ៍​នេះ ការ​ដាក់​ចេញ​នូវ​វិធានការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល នៅ​ទាមទារ​ការ​ពង្រឹង និង​សម្របសម្រួល​ថែម​ទៀត ជា​ពិសេស​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ស្ថានភាព​ដែល​កម្រិត​ដុល្លា​រូប​នី​យ​កម្ម​ បន្ត​ស្ថិត​នៅ​កម្រិត​ខ្ពស់នៅឡើយ​ ។ បើ​តាម​របាយការណ៍​ របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​ស្ថិត​ក្នុង​អត្រា ​៦ ភាគរយ សម្រាប់​ឆ្នាំ​២០២៤ ​នេះ ដែល​ខ្ពស់​ជាង​ឆ្នាំ​មុន​ ៥ ​ភាគរយ ដោយ កំណើន​នេះ ត្រូវ​បាន​គាំទ្រ​ជា​ចម្បង ​ដោយ​កំណើន​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ​។

ជាក់ស្តែង ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ ​នេះ ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​កើន​១៧,២​ភាគរយ និង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កើន​ ៤៧,៨​ ភាគរយ ខណៈ​ចំនួន​ភ្ញៀវ​អន្តរជាតិ​បាន​កើនឡើង ២១,២​ភាគរយ​ ។ ដោយឡែក វិស័យ​សំណង់​និង អចលនទ្រព្យ ដែល​ជា​សសរស្តម្ភ​មួយ ​ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​បួន​ នៃ​សេដ្ឋកិច្ច​កម្ពុជា បន្ត​ទទួល​រង​ផល​ប៉ះពាល់​ពី​កត្តា​ខាងក្រៅ ដោយ​ត្រូវ​បាន​រំពឹង​ថា មាន​កំណើន​ត្រឹម​ ១,៤​ ភាគរយ និង ​០,៨ ​ភាគរយ​រៀង​គ្នា​ ។ កំណើន​ទាប​នៃ​វិស័យ​នេះ គួប​ផ្សំ​នឹង​កម្រិត​ទាប​ជាង​មុន​នៃ​ចំណាយ​របស់​ភ្ញៀវ​អន្តរជាតិ បាន​ប៉ះពាល់​មួយ​ផ្នែក​ដល់​ចំណូល ​របស់​ប្រជាពលរដ្ឋ​ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​ប្រើប្រាស់ និង​សកម្មភាព​ក្នុង​វិស័យ​ផ្សេង​ទៀត ជា​ពិសេស ការ​ជួញដូរ​ដុំ និង​រាយ ​។

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ធនាគារជាតិ​នៃ​កម្ពុជា នឹង​ដាក់​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រើ​ប្រព័ន្ធ​បាគង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទៅ​លើ​ការ​ប្រើប្រាស់​រូបិយ​បណ្ណ​ចាស់ ទក់ រហែក ក៏​ដូច​ជា​បង្ហាញ​ពី​ការ​ធ្វើ​ទំនើប​កម្ម​នៃ​ការ​ប្រើប្រាស់​កាបូប​ប្រាក់​ឌី​ជី​ថ​ល​របស់​កម្ពុជា​។ នៅ​ពេល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​កម្ពុជា គឺ​ពួក​គេ​អាច​ដោ​ន​ឡូត​កម្មវិធី​បាគង​(App) បើ​ទោះបីជា​មិន​ទាន់​មាន​គណនី​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ ក៏​អាច​ប្រើ​ក្រេ​ឌី​ត​កាត​ដែល​មាន​ពី​ប្រទេស​របស់​ខ្លួន​ដូច​ជា​៖ VISA Card, Master Card, Union Pay ជាដើម​ ។

លោក​ជំទាវ​បន្ត​ថា  ​ការ​ដាក់​ចេញ​នេះ នឹង​ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេសចរ ក្នុង​ការ​ចាយវាយ​ស្រួល​ ដូច​ប្រជាជន​នៅ​ក្នុងស្រុក ក៏​ដូច​ជា​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ដែល​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ជួប​ប្រឈម​ក្នុង​ចាយ​រូបិយ​បណ្ណ​ដុល្លារ ឬ​ក្រដាសប្រាក់​ធំ​ៗ ​។ ពោល​គឺ ជួយ​កាត់​បន្ថយ​ទៅ​លើ​ការ​ប្រើប្រាស់​រូបិយ​បណ្ណ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅ​កម្ពុជា ​។​ 

គម្រោង​នៃ​ការ​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​បាគង សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នេះ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល បាន​ណែនាំ​ឱ្យ​ធនាគារជាតិ ​នៃ​កម្ពុជា​ ធ្វើការ​ជាមួយ​ធនាគារពាណិជ្ជ ក្នុង​ការ​កែសម្រួល​លក្ខខណ្ឌ ទទួលយក​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​ខ្ទេច មាន​ស្នាម​ប្រឡាក់​តិចតួច ឬ​ក៏​មាន រហែក​តិចតួច ធ្វើការ​ប្ដូរ​ជូន​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដើម្បី​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ទេសចរ ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ភ្ញៀវ​ទេសចរ​មានការ រអ៊ូរទាំ​ចំពោះ​ការ​ចាយប្រាក់​ដុល្លារ ក្នុង​ការ​ធ្វើ​ទេសចរ​នៅ​ខេត្តសៀមរាប ​។

សូម​បញ្ចា​ក់​ផង​ដែរ​ថា ស​ម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ម្សិលមិញ បាន​មាន​ប្រសាសន៍​ថា បញ្ហា​បន្ដិច​ប​ន្ទួ​ច​នាំ​ឱ្យប៉ះពាល់ ​ដល់​សតិអារម្មណ៍​របស់​ភ្ញៀវ​ទេសចរ ដែល​ការណ៍​នេះ ត្រូវ​តែ​កែសម្រួល​ជា​បន្ទាន់​ ។

លោក​ជំទាវ​បណ្ឌិត ជា សិរី ទទួលយក​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​បញ្ជាក់​ថា នឹង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ មាន​ដូច​ជា​ បេឡាករ​របស់​ធនាគារ​នីមួយ​ៗ ​អំពី​ការ​វិនិច្ឆ័យ​លើ​ការ​ប្រើប្រាស់​រូបិយ​បណ្ណ​ចាស់ ទក់ រហែក របស់​ភ្ញៀវ​ទេសចរ  ​ស្រប​ពេល​ដែល​នឹង​គ្រោង​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​បាគង សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ នា​ពេល​ខាង​មុខ​ ៕ អត្ថបទសហការ