រាជធានីភ្នំពេញ ៖ សិក្ខាកាមកំពុងសិក្សាវេនយប់នៅក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» សប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានម៉ោងរៀនបត់បែនមិនថាយប់ថ្ងៃ ឬវេនចុងសប្តាហ៍នោះទេ ។
សិក្ខាកាមវេនយប់ លោក ដេត ឧត្តម ដែលសិក្សាជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ការដែលរដ្ឋាភិបាលផ្តល់ម៉ោងរៀនដែលបត់បែនបែបនេះ គឹជាការគិតគូរដល់យុវជនព្រោះអាចជួយសម្រួលដល់អ្នកដែលរវល់ធ្វើការពេលថ្ងៃអាចមានពេលរៀនវេនយប់បាន ។ លោកលើកឡើងថា ៖ «ការដែលក្រសួង និងខាងសាលាចាត់ចែងពេលវេលាបែបនេះ ទី ១ គាត់យកចិត្តទុកដាក់ដល់យុវជនត្បិតថា យើងមករៀនអត់បង់លុយមែនតែយើងត្រូវការចាយវាយប្រចាំថ្ងៃនៅពេលដែលមានម៉ោងរៀនបត់បែនតាមពេលវេលាអ៉ីចឹង អ្នកដែលមានការរវល់ពេលថ្ងៃដូចជាខ្ញុំអាចធ្វើការផងហើយឆ្លៀតពេលមករៀនបានទៀត» ។
ចំពោះកញ្ញា យ៉ង់ ប៊ៃ ជាសិក្ខាកាមវេនយប់ជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាល
បច្ចេកទេស (NTTI) បានឱ្យដឹងដែរថា ការសិក្សាម៉ោងវេនយប់នេះ គឺអាចមានពេលធ្វើការដើម្បីបានប្រាក់ចំណូល ហើយមានជំនាញថែមទៀតផង ។ កញ្ញាបញ្ជាក់ថា ៖ «ពេលថ្ងៃដល់ល្ងាចយើងអាចធ្វើការបានប្រាក់កម្រៃផ្គត់ផ្គង់ខ្លួនឯងខ្លះ ហើយល្ងាចអាចមករៀនជំនាញបច្ចេកទេសបន្ថែមទៀតដើម្បីយកជំនាញទៅពង្រីកក្នុងវិស័យការងាររបស់យើងបាន ហើយនៅក្នុងសាលា NTTI មានម៉ោងរៀនច្រើនទាំងវេនសៅរ៍ អាទិត្យ យប់ថ្ងៃចំពោះវេនយប់ពិសេសសម្រាប់អ្នកដែលរវល់សិក្សា ឬជាប់ធ្វើការអាចមករៀនវេនយប់បាន» ។
បន្ថែមពីលើនេះសិក្ខាកាមដែលរៀនវេនយប់ បានអំពាវនាវដល់យុវជនដទៃទៀតដែលមិនទាន់មានជំនាញច្បាស់លាស់ ជាពិសេសអ្នកដែលជាប់រវល់ធ្វើការ ប្រកបរបររកស៊ី អាចមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនេះបានដោយសារវគ្គនេះមានម៉ោងរៀនសម្បូរបែប និងបត់បែនបានគ្រប់ពេល
សូមបញ្ជាក់ថា វេននៅក្នុងវគ្គបណ្តុះបណ្តាល ១,៥ លាននាក់ មាន ៧ វេន រួមមាន ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានចំនួន ៥ វេន ដែលក្នុងនោះវេនពេញ ១ ថ្ងៃ ព្រឹកនិងល្ងាច ឬរៀនវេនព្រឹក ១ ពេលរសៀល ១ពេល ឬវេនពេលល្ងាច ដែលក្នុងនោះអាចបែងចែកជា ៣ ម៉ោងពេលល្ងាច ឬ ២ ម៉ោងពេលល្ងាច ។ ចំណែកវេនថ្ងៃសៅរ៍-អាទិត្យ ក្រសួងបានបែងចែកជា ២ វេនបន្ថែមទៀត គឺវេនថ្ងៃសៅរ៍ អាទិត្យ និង វេនតែថ្ងៃអាទិត្យតែមួយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ