ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ លើកទឹកចិត្ត​​សិស្ស​និស្សិត ​ចូលរួម​ការ​ប្រកួតប្រជែង ​រ៉ូ​បូត ​ឱ្យ​បាន​ច្រើន​ និង​សង្ឃឹមថា​យុវជន​ អាច​យក​បច្ចេកវិទ្យា​ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ចជាតិ

1 ខែ មុន

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​លើកទឹកចិត្ត​សិស្ស​និស្សិត​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​រ៉ូ​បូត​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ព្រោះ​ជា​ពហុ​ជំនាញ​ដែល​ធ្វើ​ឱ្យ​សិស្ស​និស្សិត​អាច​មាន​លទ្ធភាព​កាន់តែ​ខ្ពស់​បន្ថែម​ទៀត​ដោយ​មិន​ត្រឹមតែ​មាន​ជំនាញ​ស្នូល​របស់​ខ្លួន​មួយ​មុខ​ប៉ុណ្ណោះ​ទេ​…

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​លើកទឹកចិត្ត​សិស្ស​និស្សិត​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​រ៉ូ​បូត​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ព្រោះ​ជា​ពហុ​ជំនាញ​ដែល​ធ្វើ​ឱ្យ​សិស្ស​និស្សិត​អាច​មាន​លទ្ធភាព​កាន់តែ​ខ្ពស់​បន្ថែម​ទៀត​ដោយ​មិន​ត្រឹមតែ​មាន​ជំនាញ​ស្នូល​របស់​ខ្លួន​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ ។

ការ​លើក​ឡើង​បែប​នេះ គឺ​នៅ​ក្នុង​ពេល​ ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចូលរួម​ជា​សហ​ប្រធាន​ ជាមួយ​ឯកឧត្តម នេ​ត ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​ក្នុង​កម្មវិធី​ប្រកួតប្រជែង ​រ៉ូ​បូត ​ថ្នាក់​ជាតិ​ លើក​ទី​១១ ឆ្នាំ​២០២៤ នេះ​ដែល​រៀបចំ​ឡើង​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ ​មរតក​តេ​ជោ ​។

សម្រាប់​ឯកឧត្តម​រដ្ឋមន្ត្រី សិស្ស​និស្សិត​ ដែល​ចូលរួម​ការ​ប្រកួតប្រជែង​នេះ​នឹង​បាន​រៀនសូត្រ​ពី​ការ​ធ្វើ​ការងារ​ជា​ក្រុម ​ព្រោះថា ការ​បង្កើត​រ៉ូ​បូត​នីមួយ​ៗ​នេះ​ ត្រូវការ​ក្រុម​ពហុ​ជំនាញ​ផ្សេង​ៗ​គ្នា​ ដូច​ជា​ជំនាញ​កម្មវិធី​កុំព្យូទ័រ ជំនាញ​មេកា​និក ជំនាញ​អគ្គិសនី​ជាដើម ហើយ​ការ​មាន​ជំនាញ​ជាក់លាក់​ច្បាស់លាស់ ​សម្រាប់​ជីវិត​នេះ​គឺ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ទិស​ដៅ​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្នាក់ ​មាន​ជំនាញ​មួយ​យ៉ាងតិច​ ។

ថ្លែង​ទៅ​កាន់​កម្មវិធី​ដែល​មាន​អ្នកចូលរួម​ជាង ​៣ ​ពាន់​នាក់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្ឃឹមថា អ្នក​សិក្សា​ជំនាញ​បច្ចេកទេស​ទាំងអស់​ នឹង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ ដែល​មាន​ ដើម្បី​សម្រួល​ដល់​ការ​រស់នៅ ការ​ប្រកប​របរ​អាជីវកម្ម​របស់​ពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ ។

សូម​បញ្ជាក់​ថា កម្មវិធី​នេះ មាន​អ្នកចូលរួម​ប្រមាណ​ជាង ៣​ពាន់​នាក់ និង​មាន​ក្រុម​និស្សិត​ចំនួន ៩​ក្រុម ចូលរួម​ប្រកួតប្រជែង ដែល​មក​ពី​គ្រឹះស្ថានសិក្សា​នានា​ចំនួន ៥ រួម​មាន វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC), វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស (NTTI), បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​(CADT), សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM), និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)​ ។

កម្មវិធី​ប្រកួតប្រជែង ​រ៉ូ​បូត ​ថ្នាក់​ជាតិ​លើក​ទី​១១ ឆ្នាំ​២០២៤​ នេះ ក្រោម​ប្រធានបទ​ ការ​ប្រមូល​ផល​ស្រូវ​ ដែល​មាន​គោលបំណង ដើម្បី​ផ្ដល់​ឱកាស​ដល់​និស្សិត មក​ពី​បណ្ដាល​វិទ្យាស្ថាន និង​សកល​វិទ្យាល័យ​ផ្សេង​ៗ បង្ហាញ​សមត្ថភាព​ស្រាវជ្រាវ និង​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​ជា ​រ៉ូ​បូត ​ដោយ​ផ្ទាល់​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង និង​ស្វែងរក​ក្រុម​ជើងឯក​ សម្រាប់​តំណាង​កម្ពុជា​ទៅ​ប្រកួតប្រជែង ​រ៉ូ​បូត ​ថ្នាក់​អន្តរជាតិ​ នៅ​ប្រទេស​វៀតណាម នា​ខែសីហា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​ ៕ អត្ថបទសហការ