ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រធានសហជីព តំណាងកម្មករ ៤ ម៉ឺននាក់ ប្តឹង សង់ត្រាល់ បន្ថែមទៀតពីបទញុះញង់ឱ្យមានការរើសអើង តាមក្រមព្រហ្មទណ្ឌ 

1 ខែ មុន

រាជធានីភ្នំពេញ ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា តំណាងឱ្យសហជីពចំនួន ៧ ដែល​មាន​កម្មករជាង ៤ ម៉ឺននាក់ បានដាក់ពាក្យប្តឹងមន្ត្រី សង់ត្រាល់…

រាជធានីភ្នំពេញ ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា តំណាងឱ្យសហជីពចំនួន ៧ ដែល​មាន​កម្មករជាង ៤ ម៉ឺននាក់ បានដាក់ពាក្យប្តឹងមន្ត្រី សង់ត្រាល់ លោកឃុន ថារ៉ូ និងគូកន បន្ថែម​ទៀតពីបទញុះញង់ឱ្យមានការរើសអើង និងបរិហាកេរ្តិ៍ជាសាធារណៈ តាមក្រមព្រហ្មទណ្ឌ មាត្រា៤៩៤, ៤៩៦ និង មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ សហភាពសហជីពរបស់លោកបានប្ដឹង ឈ្មោះ ឃុន ថារ៉ូ ម្តងហើយ ពីបទញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណះដោយទាមទារសំណង ១រយលានរៀល ។ ចំណែកការប្តឹងលើកទី ២ គឺនៅថ្ងៃទី ៨ ខែក្កដា ដោយលោករក្សាខ្លឹមសារ នៃពាក្យបណ្ដឹងដដែល ប៉ុន្តែប្តឹងថែមទាំងគូកន ឃុន ថារ៉ូផង ទាមទារសំណងការខូចខាត និងជំងឺចិត្តដល់ស្ថាប័នសហជីព ១ ពាន់លានរៀល ។ 

លោកប្រាប់ថា ការប្តឹងនេះដោយសារតែ លោក ឃុន ថារ៉ូ និងគូកន ចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី ៤ ខែមិថុនា ដោយផ្អែកតែលើការសម្ភាសសហជីពចំនួន ១០ ក្នុងចំណោម ១៤ ដែលបានចុះបញ្ជីជាមួយ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ហៅកាត់ «BFC» បាននិយាយពីភាពអវិជ្ជមានថា សេរីភាពសហជីពនៅកម្ពុជាត្រូវបានបំផ្លាញទាំងស្រុង ។ ប៉ុន្តែក្រោយមានប្រតិកម្មពីសហជីពជាច្រើន លោក ឃុន ថារ៉ូ បែរជាបកស្រាយថា របាយការណ៍នោះគ្រាន់តែជារបាយការណ៍ស្រមោល មិនគ្របដណ្តប់ស្ថានភាពទាំងស្រុងនៅកម្ពុជាទៅវិញ ។ 

លោកប្រធាន សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បញ្ជាក់ថា សហជីពនៅកម្ពុជាមានរហូតដល់ ៦ ២៧២ សហជីព ប៉ុន្តែ ខ្លឹមសារញុះញង់នៃរបាយការណ៍គឺបានបែងចែកពណ៌សម្បុរ សហជីពទាំងអស់នេះជា ២ គឺ ទី ១ សហជីពឯករាជ្យ ដែលមានតែសហជីព ១០ ក្នុងចំណោមសហជីពទាំង ១៤ ដែលបានផ្តល់សម្ភាសន៍ និងព័ត៌មានសម្រាប់ជាមូលដ្ឋានផលិតរបាយការណ៍ ។ ទី ២ ចោទទាំងបំពានថាមាន សហជីពពណ៌លឿង ជាសហជីពដទៃផ្សេងទៀត ក្រៅពីសហជីពឯករាជ្យខាងលើ និងជាសហជីព ដែលមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុន ។ 

លោកថ្លែងថា «ការបែងចែកពណ៌សម្បុរសហជីពនេះគឺជាចេតនា ទុច្ចរិតធ្វើឱ្យភាពសុខដុមនៃសហជីពនៅកម្ពុជា ត្រូវបែកបាក់ ប្រកាន់បក្ខពួក និងធ្វើឱ្យមានការរើសអើងចំពោះសហជីព ។ អំពើនេះ គឺជាបទល្មើសញុះញង់ឱ្យមានការរើសអើង បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា» ។

លោកបញ្ជាក់បន្ថែមថា អំពើញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិយាកាសវិនិយោគនៅកម្ពុជាទាំងមូល ហើយកម្មករនិយោជិត ដែលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសត្រូវទទួលរងនូវផលប៉ះពាល់ និងការខូចខាតផលប្រយោជន៍យ៉ាងធំធេង ដែលការខូចខាតនឹង រីករាលដាលកាន់តែខ្លាំង ប្រសិនបើអំពើញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍នេះ បន្តជះឥទ្ធិពល កាន់តែអាក្រក់ចំពោះរោងចក្រ សហគ្រាស ៕ អត្ថបទសហការ