សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡញន៍បានបន្ថែមកម្មវិធីសិក្សាចំនួន៣ លើកម្មវិធីសិក្សាគោល ដោយផ្តោតសំខាន់លើបំណិនជីវិតសតវត្សរ៍ទី២១ ដើម្បីជួយកុមារ និងយុវជនកម្ពុជាអាចរស់នៅប្រកបដោយភាពរីកចំរើនក៏ដូចជា ឆ្លើយតបនឹងបម្រែបម្រួលសង្គម និងសេដ្ឋកិច្ចឥតឈប់ឈរ ។
ថ្លែងក្នុងពិធីតម្រង់ទិសមាតាបិតាសិស្សកាលពីពេលថ្មីៗកន្លងមកនេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា បច្ចុប្បន្ននេះ បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បានរៀបចំនូវកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតទៅលើជំនាញបំណិនសតវត្សរ៍ទី២១ ពោល គឺដើម្បីជួយឱ្យសិស្សអាចសម្របខ្លួនទៅនឹងបម្រែបម្រួលបរិបទសង្គម សេដ្ឋកិច្ច ក៏ដូចជា សម្រាប់ទីផ្សារការងារនៅពេលអនាគត ដូចជា កម្មវិធីបណ្តុះបណ្តាលទម្លាប់ល្អទាំង៧ សម្រាប់បុគ្គលឆ្នើម ដែលផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិយាម្បទា, កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ ដែលជួយជំរុញ និងបណ្តុះបណ្តាលចំណេះដឹងសេដ្ឋកិច្ច ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព, ការបណ្តុះបំណិនកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល ដែលជាកម្មវិធីសិក្សាមួយថ្មីបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស ក៏ដូចជាបំពេញការងារក្នុងពេលអនាគតផងដែរ ។
លោកឧកញ៉ាបានសង្កត់ធ្ងន់ថា នៅពេលដែលសង្គមសេដ្ឋកិច្ចដើរលឿន អនាគតកាន់តែមិនប្រាកដប្រជា ដូច្នេះហើយទើបអ្នកសេដ្ឋកិច្ច និងអ្នកអប់រំ បានចេញនូវបំណិនមួយចំនួនដើម្បីជួយកុមារ និងយុវជន អាចរស់នៅរីកចំរើនសម្របជាមួយនឹងស្ថានភាពដែលអាចនឹងប្រែប្រួលជាប្រចាំ នោះគឺបំណិនជីវិតសតវត្សរ៍ទី២១ ។ បើតាមលោកឧកញ៉ា តទៅមុខទៀត យើងនឹងត្រូវរស់នៅជាមួយគ្នា ចេះពន្យល់គ្នា ចេះវិភាគស៊ីជម្រៅ ក៏ដូចជាត្រូវចេះនូវបំណិនឌីជីថលផងដែរ។
បំណិនសតវត្សរ៍ទី២១ គឺសំដៅលើបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារដែលយុវជនកម្ពុជាត្រូវមាន។ បំណិនសតវត្សទី២១ គឺជាជំនាញដែលជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើប។
បំណិនសតវត្សរ៍ទី២១ ចែកជា៣ រួមមាន ទី១-បំណិនសិក្សារៀនសូត្រ ( ផ្តោតលើ ការត្រិះរិះពិចារណា, ការគិតដោយមានភាពច្នៃប្រឌិត និងនវានុវត្តន៍, ការសហការ និងការប្រាស្រ័យទាក់ទង), ទី២-បំណិនអក្ខរកម្ម (សិស្សត្រូវមាន អក្ខរកម្មព័ត៌មានវិទ្យា, អក្ខរកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មផ្នែកបច្ចេកវិទ្យា) និងទី៣-បំណិនជីវិត (ផ្ដោតលើ ភាពទន់ភ្លន់និងសម្របសម្រួល, ការចេះផ្តួចផ្តើមគំនិត, ភាពជាអ្នកដឹកនាំ, ផលិតភាពការងារ និងបំណិនសង្គម)។
សូមជំរាបថា ពិធីតម្រង់ទិសមាតាបិតា អ្នកអាណាព្យាបាល រៀបចំសម្រាប់សិស្សសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ទាំង១១សាខា ដែលត្រូវឆ្លងភូមិសិក្សានៅឆ្នាំសិក្សាថ្មីខាងមុខ រួមមាន ៖ សិស្សកម្មវិធីមត្តេយ្យភាសាខ្មែរកម្រិត៣ ឈានចូលថ្នាក់ទី១ សិស្សកម្មវិធីមត្តេយ្យភាសាអង់គ្លេសកម្រិត៣ ឈានចូលកម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ សិស្សកម្មវិធីភាសអង់គ្លេសសម្រាប់កុមារកម្រិត១២ ឈានចូលកម្មវិធីភាសាអង់គ្លេសសិស្សធំ សិស្សកម្មវិធីចំណេះទូទៅខ្មែរថ្នាក់ទី៦ ឈានចូលថ្នាក់ទី៧ និងថ្នាក់ទី៩ ឈានចូលថ្នាក់ទី១០៕
ចែករំលែកព័តមាននេះ