រាជធានីភ្នំពេញ ៖ អ្នកជំនាញ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា របាយការណ៍របស់សហជីពដែលមានភាពឯករាជ្យ និងសុក្រឹតភាព ត្រូវធ្វើឡើងតាមលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង មានភាពជាតំណាងគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ មានការវិភាគទិន្នន័យ និងវាយតម្លៃតាមកម្មវិធីត្រឹមត្រូវច្បាស់លាស់ បើមិនដូច្នេះទេរបាយការណ៍ដែលចេញផ្សាយនោះនឹងមិនត្រឹមត្រូវនោះទេ ។
លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការធ្វើរបាយការណ៍ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចសង្គមពីសំណាក់សង្គមស៊ីវិល គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គឺត្រូវធ្វើឡើងដោយមិនលំអៀង និងមិនធ្វើការវិភាគតាមអារម្មណ៍ និន្នាការនយោបាយ ដែលនាំឱ្យមានការវាយតម្លៃខុស ខាតប្រយោជន៍ជាតិ អត្ថប្រយោជន៍របស់កម្មករជារួម និងធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពសង្គម និងសេដ្ឋកិច្ចជាតិនោះឡើយ ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ គឺត្រូវមានការប្រុងប្រយ័ត្នណាស់ក្នុងការជ្រើសរើសភាពជាតំណាង (sampling) ការកំណត់វិធីសាស្ត្រ និងប្រភព ដែលទាំងអស់នេះត្រូវជ្រើសរើសដោយឯករាជ្យ ហើយទិន្ន័យទាំងអស់ត្រូវធ្វើការវិភាគ (analyst) តាមកម្មវិធីច្បាស់លាស់ត្រឹមត្រូវ សុក្រឹតជាទីបំផុត ។ បើសិនជា មិនបានកំណត់វិធីសាស្ត្រស្រាវជ្រាវ ការកំណត់ទិន្នន័យ ប្រភពសម្ភាសន៍ ភាពជាតំណាងបានត្រឹមត្រូវនោះទេ គឺរបាយការណ៍ដែលធ្វើឡើងនោះនឹងមានភាពលម្អៀង ។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងដែរថា ការធ្វើរបាយការណ៍របស់សហជីព និងអង្គការសង្គមស៊ីវិលនានាត្រូវគោរពនូវគោលការសុក្រឹតភាព ទី ១ ត្រូវផ្តល់ព័ត៌មានពិតប្រាកដ ច្បាស់លាស់នៃការប្រព្រឹត្តទៅ និងទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គមពាក់ព័ន្ធនឹងសហជីព និងអង្គការសង្គមស៊ីវិល ។ ទី ២ ការសិក្សាចង.ក្រងរបាយការណ៍ត្រូវមានវិធីសាស្ត្រក្នុងការប្រមូលព័ត៌មានដោយមានភាពជាតំណាង ត្រឹមត្រូវការសម្ភាស និងប្រភពព័ត៌មានច្បាស់លាស់ ។ ទី ៣ ត្រូវមានការវិភាគទិន្នន័យ ការវាយតម្លៃតាមបែបវិទ្យាសាស្ត្រ ដោយអ្នកជំនាញ ដោយធានាភាពឯករាជ្យ និងមិនលំអៀង ។ ទី ៤ ត្រូវគោរពតាមគោលការណ៍ច្បាប់ បទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធនានា ។ ទី ៥ ត្រូវគិតពីផលប៉ះពាល់ និងអត្ថប្រយោជន៍នៅក្នុងសង្គម ។ ទី ៦ ត្រូវលើកពីបញ្ហាប្រឈម និងទី ៧ ត្រូវផ្តល់ជាអនុសាសន៍ដោះស្រាយបញ្ហាប្រឈមដ៏ត្រឹមត្រូវ ។
ឯកឧត្តមរដ្ឋលេខាធិការ សង្កត់ធ្ងន់ថា សហជីព ឬអង្គការសង្គមស៊ីវិល ត្រូវទទួលខុសត្រូវចំពោះរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយ និងត្រូវធានាថារបាយការណ៍នោះត្រូវតែឯករាជ្យ ពិតប្រាកដ មិនបំផ្លើសបំភ្លៃ មិនលំអៀង មិនបម្រើផលប្រយោជន៍អង្គការចាត់តាំងណាមួយ ឬក្រុមណាមួយ ឬប្រទេសណាមួយនោះទេ ។ ក្នុងនោះដែរ នៅពេលដែលគេរកឃើញថា របាយការណ៍នោះមិនឆ្លុះបញ្ចាំងពីការពិត មានភាពលំអៀង មានរបៀបវារៈបម្រើក្រុម ឬអង្គការ ឬប្រទេសណាមួយ នោះសហជីព និងអង្គការសង្គមស៊ីវិលទាំងនោះត្រូវទទួលខុសត្រូវលើការចេញផ្សាយរបាយការណ៍របស់ខ្លួន៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ