រាជធានីភ្នំពេញ ៖ សហភាពសហជីពពន្លឺកម្មករ ដែលតំណាងឱ្យកម្មករនិយោជិត ៤ម៉ឺននាក់ បានដាក់ញត្តិនៅស្ថានទូតអាមេរិក នៅព្រឹកថ្ងៃទី ២៤ ខែមិថុនានេះ ដើម្បីស្នើសុំនាយកអង្គការ USAID ប្រចាំកម្ពុជា គិតគូរឡើងវិញពីការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» ។
អ្នកស្រី សៀ គន្ធា អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ និងជាប្រធានសហព័ន្ធសហជីពការងារស្ត្រីកម្ពុជា បានឱ្យដឹងថា ការដាក់ញត្តិនេះគោលបំណងសំខាន់បំផុតគឺដើម្បី ឱ្យម្ចាស់ជំនួយ USAID គិតគូរឡើងវិញ អំពីកញ្ចប់ថវិកាឧបត្ថម្ភដល់អង្គការសង់ត្រាល់ និងណែណែនាំឲ្យអង្គការនេះធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមលក្ខខន្តិកៈរបស់ខ្លួន ជាពិសេសឲ្យស្របតាមច្បាប់របស់កម្ពុជា ។
អ្នកស្រីលើកឡើងថា របាយការណ៍សង់ត្រាល់ដែលបានចេញផ្សាយថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់កម្មករនិយោជិត នៅកម្ពុជានោះទេ ដោយរបាយការណ៍នោះបានលើកឡើងពីការរឹតត្បិត បំភិតបំភ័យ គំរាមកំហែង បៀតបៀន បិទសិទ្ធិសេរីភាពកាងារកម្មករនិយោជិតនៅកម្ពុជា ដោយសម្ភាសន៍រោងចក្រតែ ១៤ ក្នុងចំណោមរោងចក្រដែលមានរហូតដល់៧០៣ រោងចក្រ របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្ដរជាតិ (ILO-BFC) ។
អ្នកស្រីបញ្ជាក់ថា ខ្លឹមសារនៃរបាយការណ៍សង់ត្រាល់ គ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផល ប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល ។ ជាពិសេសរបាយការណ៍នេះមានចរិតនយោបាយ និងញុះញុង លាបពណ៌ ឲ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា ។
ក្រៅពីនេះ អង្គការសង់ត្រាល់ជាអង្គការបានចុះបញ្ជិកា នៅក្រសួងមហាផ្ទៃ ប៉ុន្តែបែរជាទៅលួចផ្ដល់ថវិកាដើម្បីចង.ក្រងបង្កើតសហជីពនៅតាមរោងចក្រ សហគ្រាសមួយចំនួន ដែលផ្ទុយពីលក្ខ ខន្តិកៈរបស់ខ្លួនថែមទៀតផង ។ សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើនិងកំពុងបន្តធ្វើ គឺមិន បានអនុលោមតាមលក្ខខន្តិកៈ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីអង្គការសមាគម និងច្បាប់ស្តីពីការងារកម្ពុជាឡើយ ។
អ្នកស្រីថ្លែងថា ៖ «សង់ត្រាល់ គឺជាអង្គការមួយដែលចេញរបាយការណ៍មានលក្ខណៈ នយោបាយ អុជអាល បំផុសបំផុល បំបែកបំបាក់សាមគ្គី របស់សហជីពនិងសហជីព និងធ្វើការបំភាន់ ការយល់ឃើញរវាងគ្នានិងគ្នា ប៉ះពាល់ដល់ស្ថេរភាពសហជីពនៅក្នុងប្រទេសកម្ពុជា ប៉ះពាល់ដល់ការងារ និងផលប្រយោជន៍កម្មករនិយោជិតកម្ពុជាទាំងមូល» ។
តំណាងកម្មករ និយោជិត អ្នកស្រីអគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ បានបង្ហាញការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍របស់កម្មករ និយោជិត និងស្នើសុំយ៉ាងទទូចដល់នាយកអង្គការ USAID ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ធ្វើសកម្មភាពដល់អង្គការសង់ត្រាល់ និងសូមឲ្យអង្គការសង់ត្រាល់ ធ្វើសកម្មភាពប្រកប ដោយតម្លាភាព និងស្របតាមតាមលក្ខខន្តិកៈរបស់ខ្លួន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ