ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ បើកកិច្ច​ប្រជុំ​លើកដំបូង​របស់​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​គ្របគ្រង​អាង​ទន្លេ

3 ខែ មុន

រាជធានីភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង ​ថ្ងៃ​ទី ​២៤ ខែមិថុនា ឆ្នាំ ​២០២៤ នេះ ឯកឧត្តម…

រាជធានីភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង ​ថ្ងៃ​ទី ​២៤ ខែមិថុនា ឆ្នាំ ​២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ដំបូង​របស់​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ​ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​អន្តរក្រសួង​នា​ពេល​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិការ អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ និង​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ​តំណាង​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឯកឧត្តម លោក​ជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​-​ខេត្ត ព្រមទាំង​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ជា​ប្រធាន អនុប្រធាន និង​សមាជិក​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ​ជា​ច្រើន​រូប​ផង​ដែរ​ ។

ថ្លែង​នៅ​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កិច្ចប្រជុំ​លើក​ដំបូង​របស់​សមាជិក​នៃ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ​នា​ពេល​នេះ ​គឺ​ក្នុង​គោលបំណង​ដើម្បី ពង្រឹង​កិច្ច​សហប្រត្តិបត្តិការ​អន្តរក្រសួង​ក្នុង​ការ​គ្រប់គ្រង​អាង​ទន្លេ ព្រមទាំង​ពិភាក្សា​និង​ពង្រឹង​កិច្ចការ​គ្រប់គ្រង​អាង​ទន្លេ​ប្រកបដោយ​ចីរភាព ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា ការងារ​គ្រប់គ្រង​អាង​ទន្លេ​ជា​ការ​អនុវត្ត​ដ៏​សំខាន់​មួយ​ក្នុង​ការ​ការពារ​ធនធានទឹក ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ធនធានទឹក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ធានា​បាន​នូវ​អត្ថប្រយោជន៍​រួម​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​សង្គម​-​សេដ្ឋកិច្ច​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ការងារ​គ្រប់គ្រង​អាង​ទន្លេ​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​អន្តរក្រសួង និង​ភាគី​ពាក់ព័ន្ធ​ពី​វិស័យ​ផ្សេង​ៗ រួម​ទាំង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ សហគមន៍​មូលដ្ឋាន អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ពិភាក្សា ធ្វើ​ផែនការ ស្វែងរក​ដំណោះស្រាយ និង​ពង្រឹង​យន្តការ​សម្របសម្រួល​ធានា​ដល់​ការ​អនុវត្ត​គោលនយោបាយ និង​កម្មវិធី​ប្រកបដោយ​ប្រសិទ្ធភាព និង​គ្រប់​ជ្រុងជ្រោយ​ ។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ចេញ​សេចក្តីសម្រេច​ស្តី​ពី ការ​តែងតាំង​សមាសភាព នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ ដែល​មាន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​ប្រធាន និង​ឯកឧត្តម ឈា ប៊ុ​ន​រិ​ទ្ធ រដ្ឋលេខាធិការ​ប្រចាំការ ជា​អនុប្រធាន​អចិន្ត្រៃយ៍ រួម​ជាមួយ​ឯកឧត្តម​រដ្ឋលេខាធិការ អនុប្រធាន និង​សមាជិក​មក​ពី​ក្រសួង​ពាក់ព័ន្ធ​សរុប ១៧​រូប ​៕ អត្ថបទសហការ